កីឡាជាតិ
ជាតិ
AFF Futsal Cup 2022៖ កម្ពុជាធ្លាក់ត្រឹមវគ្គ១/៤ផ្តាច់ព្រ័ត្រ ក្រោយចាញ់ថៃ ១១-២
07, Sep 2022 , 3:59 pm        
រូបភាព
ជំនួបរវាងក្រុមកម្ពុជា(ខៀវ) និងថៃ_(ស)។ រូបពី AFF
ជំនួបរវាងក្រុមកម្ពុជា(ខៀវ) និងថៃ_(ស)។ រូបពី AFF
ដោយ:
ក្រុមបាល់ទាត់ក្នុងសាលជម្រើសជាតិកម្ពុជា(Down Town Sport) មិនអាចឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ក្នុងសាលក្របខណ្ឌអាស៊ាន ២០២២ (AFF Futsal Cup 2022) ក្រោយចាញ់ក្រុមថៃ(HongYen Thakam) ក្នុងលទ្ធផល ១១-២ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា នាទីលាន Terminal21 ខេត្តនគររាជសីម៉ា ប្រទេសថៃ។

 
ក្រុមម្ចាស់ផ្ទះ HongYen Thakam តំណាងប្រទេសថៃ បានយកឈ្នះក្រុម Down Town Sport មកពីកម្ពុជាក្នុងពូល A ដោយលទ្ធផល ១១-២។ នៅវគ្គទី១ ម្ចាស់ផ្ទះធ្វើពុំបានល្អដោយបង្កើតកំហុសបង្ករឱ្យបាល់ចូលទីខ្លួនឯង១គ្រាប់ ដោយខ្សែការពារ Pokawin Anantasaksothon។
 
ទោះបីភ្ញៀវនាំមុខយ៉ាងណាក៏ដោយ កីឡាករក្រុមម្ចាស់ផ្ទះបើកការវាយបកលឿនៗរហូតដល់នាទី៩ Siksaka Pramanong រកបានគ្រាប់តាមស្មើ មុនពេល ដោយកីឡាករ Amarin Akapan បន្ថែមគ្រាប់នាំមុខឱ្យ HongYen Thakam នៅ៣នាទីបន្ទាប់។ គ្រាប់ទី៣ របស់ថៃ រកបានដោយកីឡាករ Keattisak Songkhrao នៅមុនបញ្ចប់វគ្គទី១។
 
មិនអស់ត្រឹមនេះ ម្ចាស់ផ្ទះបន្ថែមការវាយលុកបន្តទៀតរហូតទម្លាយសំណាញ់ទីក្រុមមកពីកម្ពុជារហូតដល់ទៅ៨គ្រាប់ ដោយកីឡាករ Therdsak Charoenphon រកបាន២គ្រាប់នាទី២៧ និង៣២ កីឡាករWilson Neto នៅនាទី២៧ និងកីឡាករ Wittaya Duangpoo រកបាន២គ្រាប់(នាទី៣៣ និង៣៩) រីឯកីឡាករCharoen Seana រកបាន២គ្រាប់នាទី(៣៥ និង៣៥) និង Supot Makrak រកបាន១គ្រាប់នៅនាទី៤០។
 
តែក្រុមមកពីកម្ពុជា Down Town Sport រក​បានគ្រាប់ទី២សម្រាប់ក្រុមវិញ ​ដោយ​កីឡាករ រស់ ស៊ីចំរើន នៅ​នាទី ៣១។ បញ្ចប់ការប្រកួតក្រុមថៃ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយត្រូវជួបក្រុម Salangor MAC FC មកពីម៉ាឡេស៊ី។ ចំណែកក្រុម Sahako FC មកពីប្រទេសវៀតណាម ត្រូវប្រជែងជាមួយក្រុម Bintang Timur Surabaya FC មកពីឥណ្ឌូណេស៊ី៕
 
 
 
 
 
 
 
 
 
 

Tag:
 បាល់ទាត់
 AFF
© រក្សាសិទ្ធិដោយ thmeythmey.com