ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពង់ធំ៖ នាយករងវិទ្យាល័យទួលក្បិល បារម្ភករណីសិស្សលួចលាក់ជក់បារី​នៅក្រៅសាលារៀន
08, Sep 2022 , 10:51 am        
រូបភាព
ដោយយុវជន៖ ឈួន ស៊ាងហួរ
 
(ឃុំកំពង់ស្វាយ, កំពង់ធំ)៖ វិទ្យាល័យទួលក្បិល ស្ថិតនៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គ្មានសិស្សជក់បារីទេ តែមានសិស្សមួយចំនួនពួកគេបានទៅទិញបារីជក់នៅក្រៅបរិវេណសាលា ដោយមានទាំងសិស្សស្រី និងសិស្សប្រុស។ នេះបើតាមលោក ជា ចន្ថា នាយករងសាលាវិទ្យាល័យទួលក្បិល។


សូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះ៖

 
វិទ្យាល័យទួលក្បិលមានសិស្សចំនួន ១ ០៣៣នាក់ ក្នុងនោះមានស្រី ៥៣៦នាក់ ដោយសិស្សប្រមាណ ១០០ ទៅ២០០នាក់ ពួកគេបាននាំគ្នាលួចជក់បារីនៅក្រៅសាលារៀន។ ជុំវិញបញ្ហានេះ បានធ្វើឱ្យលោកគ្រូ ជា ចន្ថា នាយករងនៃវិទ្យាល័យទួលក្បិល មានការព្រួយបារម្ភយ៉ាងខ្លាំង។
 
ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំធ្វើច្បាប់ផាកពិន័យអ្នកដែលជក់បារី ដោយក្នុងម្នាក់ពិន័យ ២០០០០រៀន។ លោកគ្រូនាយករងបានបញ្ជាក់បែបនេះ រួចបន្តថា ចំពោះការជក់បារីនេះ នៅក្នុងសាលាមិនមានទេ គឺមាននៅខាងក្រៅ ដូច្នេះយើងមិនអាចទៅហាមពួកគេទេ ព្រោះមិនមែននៅក្នុងបរិវេណសាលារៀន។
 
លោកគ្រូអ្នកគ្រូ បានពន្យល់ពីផលប៉ះពាល់នៃការជក់បារីដល់សិស្សានុសិស្សនៅក្នុងសាលាទាំងអស់ តែសិស្សខ្លះស្ដាប់ និងសិស្សមួយចំនួនទៀតមិនយកចិត្តទុកដាក់នោះទេ។ លោកនាយករងវិទ្យាល័យក្បិល លើកឡើងបែបនេះ រួចបន្តថា៖ «បារីអេឡិចត្រូនិក ធ្វើឱ្យប៉ះពាល់សុខភាព ខួរក្បាលខ្សោយ រៀនមិនសូវចាំ ហើយអាចបង្កឱ្យមានជំងឺជាដើម»។
 
លោកគ្រូ ជា ចន្ថា បានបន្ថែមថា ចំពោះសិស្សដែលតាំងចិត្តរៀន មិនចេះជក់បារីទេ ភាគច្រើពួកអ្នកខិលខូចគេចម៉ោងរៀន គឺវានាំគ្នាចេញទៅលួចជក់នៅខាងក្រៅបរិវេណសាលារៀន។
កន្លងមកនាយកសាលារូបនេះ មិនបានហៅសិស្សដែលជក់បារីនៅក្រៅសាលាមកអប់រំណែនាំនោះទេ តែលោកបានហៅសិស្សដែលគេចម៉ោងរៀន និងអ្នកដែលអវត្តមានច្រើនដង ដើម្បីឱ្យពួកគេមករៀនវិញ។ លោក ចន្ថា បញ្ជាក់ថា បើសិស្សណាហៅទៅប្រមាន ២ទៅ៣ដងហើយ តែមិនស្ដាប់ នោះនឹងត្រូវហៅណាព្យាបាលមកជួបលោកគ្រូអ្នកគ្រូ ហើយសុំធ្វើកិច្ចសន្យា រួចលុបឈ្មោះចេញពីសាលា ដើម្បីកុំឱ្យខូចភាគរយសិស្សនៅក្នុងសាលាវិទ្យាល័យទួលក្បិល។
 
នាយករងសាលាវិទ្យាល័យទួលក្បិលរូបនេះ បានសំណូមពរដល់លោកគ្រូអ្នកគ្រូ និងណាព្យាបាលឱ្យជួយណែនាំសិស្ស និងកូនពីគុណវិបត្តិនៃការប្រើបាស់បារី ហើយឱ្យងាកមកចាប់អារម្មណ៍ពីការសិក្សាវិញ។ ចំពោះបញ្ហាដែលសិស្សអវត្តមានច្រើន ហើយខកខានការប្រឡង ទំនងជាឪពុកម្ដាយរបស់ពួកមិនបានយកចិត្តទុកដាក់ទៅលការសិក្សារបស់កូន៕
 
(វីដេអូ និងអត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត នោះទេ)
 

Tag:
 កំពង់ស្វាយ
 សិស្ស
 បារីអេឡិចត្រូនិក
  វិទ្យាល័យទួលក្បិល
© រក្សាសិទ្ធិដោយ thmeythmey.com