ជាតិ
សង្គមជាតិ
ក្រសួងការងារ អនុញ្ញាតឲ្យកម្មករឈប់សម្រាក៣ថ្ងៃនាឱកាសភ្ជុំបិណ្ឌ ដោយទទួលបានប្រាក់ឈ្នួលធម្មតា
08, Sep 2022 , 2:23 pm        
រូបភាព
កម្មករកាត់ដេរក្នុងរោងចក្រ។ រូបពី ក្រុមប្រឹក្សាកិច្ចគាំពារសង្គមកម្ពុជា
កម្មករកាត់ដេរក្នុងរោងចក្រ។ រូបពី ក្រុមប្រឹក្សាកិច្ចគាំពារសង្គមកម្ពុជា
ដោយ៖ វ៉ន ស៊ីចេន

ភ្នំពេញ៖ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់​ឈប់សម្រាករយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២២ ដោយទទួលបានប្រាក់ឈ្នួលធម្មតា។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ នាថ្ងៃទី៧កញ្ញានេះ លោក អ៊ិត សំហេង បានបញ្ជាក់ថា រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ កញ្ញា ឆ្នាំ២០២២។ 
 
លោក បន្ដថា ចំពោះរោងចក្រ សហគ្រាសទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្ម មានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបានហើយការឈប់សម្រាករបស់កម្មករនិយោជិតទាំងអស់ព្រមគ្នា ក្នុងពេលតែមួយនាំឱ្យ ខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់រោងចក្រ សហគ្រាសនោះ ម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំ បែងចែកឱ្យកម្មករ និយោជិតបានឈប់សម្រាកទៅតាមថ្ងៃបុណ្យដោយផ្លាស់វេនគ្នា។ 
 
លើសពីនេះ លោករដ្ឋមន្ដ្រី បន្ថែមថា កម្មករនិយោជិត ដែលធ្វើការថ្ងៃឈប់បុណ្យភ្ជុំបិណ្ឌនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែម ដែលមានចំនួនស្មើ នឹងប្រាក់ឈ្នួលថ្ងៃ ធ្វើការធម្មតា។ ជាពិសេស ម្ចាស់រោងចក្រ សហគ្រាស ត្រូវរៀបចំបញ្ជីឈ្មោះកម្មករ និយោជិត ដែលត្រូវផ្លាស់ប្តូរគ្នាឈប់សម្រាក តាមកាលបរិច្ឆេទ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ៕
 
 

Tag:
 ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com