ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្ត​សៀមរាប​ឱ្យ​លោក ខឹម វាសនា បង្ហាញ​ភស្ដុតាង​ជុំវិញ​ការចោទប្រកាន់ថា​ទារប្រាក់​ពី​ពលរដ្ឋ​
08, Sep 2022 , 8:13 pm        
រូបភាព
អាជ្ញាធររៀបចំរថយន្តដឹកជញ្ជូនពលរដ្ឋដែលស្ម័គ្រចិត្តត្រឡប់ទៅស្រុកវិញ ក្រោយស្នាក់នៅក្នុងចម្ការលោក ខឹម វាសនា មួយរយៈមក។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
អាជ្ញាធររៀបចំរថយន្តដឹកជញ្ជូនពលរដ្ឋដែលស្ម័គ្រចិត្តត្រឡប់ទៅស្រុកវិញ ក្រោយស្នាក់នៅក្នុងចម្ការលោក ខឹម វាសនា មួយរយៈមក។ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប នា​យប់​ថ្ងៃទី​៨ ខែកញ្ញា បាន​ចេញមក​បកស្រាយ ជុំវិញ​ការលើកឡើង​របស់លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដោយ​ថា សមត្ថកិច្ច​បាន​ទារប្រាក់​ពី​ពលរដ្ឋ ជា​ថ្នូរ​នឹង​ការដឹកជញ្ជូន​ទៅ​ស្រុក​វិញ​នៅពេល​ចាក​ចេញពី​ចម្ការ​នា​ជើងភ្នំ​គូលែន​។​

 
«​បុគ្គល ខឹម វាសនា នៅតែ​បន្ត​ចេតនា​អាក្រក់ បន្ត​ភូតភរ​កុហក​ប្រោក​ប្រាស់ ចោទប្រកាន់ និង​ដាក់បន្ទុក​មកលើ​ដំណោះស្រាយ​របស់​ប្រតិភូ​ក្រសួងមហាផ្ទៃ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្នុងន័យ​បង្វែរ​ការចាប់អារម្មណ៍​អ្នកគាំទ្រ​ខ្លួន ឬ​ចាស់​ឧបាយកល​បោកប្រាស់​របស់ខ្លួន​កន្ល​ង​មក​...»​។ នេះ​ជា​ខ្លឹមសារ​ខ្លះ ក្នុង​លិខិត​របស់​រដ្ឋបាល​ខេត្តសៀមរាប ចេញផ្សាយ​នាយ​ប់​ថ្ងៃទី​៨ ខែកញ្ញា ដោយ​បង្ហាញ​ការមិន​ពេញចិត្ត ចំពោះ​សំណេរ​របស់លោក ខឹម វាសនា ដែល​ចោទថា សមត្ថកិច្ច​បាន​ទារប្រាក់​ពី​ពលរដ្ឋ​ដែល​ចង់​វិល​ទៅផ្ទះ​វិញ តាម​មធ្យោបាយ​ដឹកជញ្ជូន ដែល​រដ្ឋាភិបាល​បានរៀបចំ​។​
 
​ផ្ទុយទៅវិញ រដ្ឋបាលខេត្ត​បញ្ជាក់ថា ក្រោម​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ខេត្ត​បានរៀបចំ​ក្រុមគ្រូពេទ្យ រថយន្ត​សង្គ្រោះបន្ទាន់ រថយន្ត​ដឹកជញ្ជូន​ផង និង​ចែក​អាហារ​ដល់​មិន​គិតថ្លៃ​បាន​១៩​នាក់ និង​រថយន្ត​ចំនួន​៣​គ្រឿង ជូន​ពលរដ្ឋ​ទៅ​លំនៅឋាន​វិញ​។ ហើយ​ថា អ្នកគាំទ្រ​លោក ខឹម វាសនា ភាគច្រើន​សម្រេចចិត្ត​ធ្វើដំណើរ​ទៅផ្ទះ​វិញ​ដោយ​ខ្លួនឯង ឬ​សាច់ញាតិ​ទៅ​ទទួល​។ 
 
​លោក ខឹម វាសនា នា​ថ្ងៃទី​៧ ខែកញ្ញា បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​របស់លោក​ថា សមត្ថកិច្ច​បាន​យកប្រាក់​ពី ១០​ម៉ឺន​ទៅ​២០​ម៉ឺន​រៀល សម្រាប់​ការដឹកជញ្ជូន​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​ត្រឡប់ទៅផ្ទះ​វិញ នៅផ្ទះ​ចម្ការ​របស់លោក ខឹម វាសនា ស្ថិតនៅ​ភូមិ​ថ្ម​ជល់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​។ លោក ខឹម វាសនា សរសេរ​យ៉ាង​ដូច្នេះ​ថា​៖« ឥឡូវ​រឿង​មួយទៀត អាជ្ញាធរ​ប្រកាសថា ប្រជាពលរដ្ឋ​ដែល​វិល​ពី​ចម្ការ LDP សៀមរាប​យើង ទៅ​ភូមិ​ស្រុក​វិញ អាជ្ញាធរ​នឹង​សម្រួល​មធ្យោបាយ​ធ្វើដំណើរ ហូបចុក​ដោយ​ឥតគិតថ្លៃ​។ ដល់ពេល​ប្រជាពលរដ្ឋ​ឈាន​ជើង​ចេញពី​ចម្ការ​ទៅ ចូល​វិញ​មិនបាន​ដាច់ខាត ត្រូវតែទៅ ពួកគាត់​ក៏​ដើរទៅ​សំដៅ​ឡាន​ដែល​កំពុង​រង់ចាំ ទេ​ទារលុយ​សិន ម្នាក់​មាន​ដប់​ម៉ឺន ឬ​ម្ភៃ​ម៉ឺន តាម​ជិត​តាម​ឆ្ងាយ បាន​ទឹក​ច្រាស​ខ្លួនឯង​»​។​
 
​ជុំវិញ​ការចោទប្រកាន់​នេះ រដ្ឋបាលខេត្ត​ប្រាប់​ទៅ​លោក ខឹម វាសនា និង​អ្នករងគ្រោះ​ដូច​ការលើកឡើង​របស់​ប្រធាន​គណបក្ស LDP រូបនេះ បង្ហាញ​ភស្ដុតាង​ដល់​ក្រុមការងារ​ដែល​ស្នាក់នៅ​បណ្ដោះអាសន្ន​មុខ​ចម្ការ ឬ​ទៅ​រដ្ឋបាលខេត្ត​។​
 
​គួររំឭកថា លោក ខឹម វាសនា ចាប់ពី​ថ្ងៃទី​២៣ ខែសីហា បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​លោក ទៅ​ប្រមូលផ្តុំ​នៅ​ចម្ការ​របស់លោក​នៅ​ជើងភ្នំ​គូលែន ដោយ​អះអាង​ពីថ្ងៃ​អវសាន​នៃ​ភព​លោក​តាមរយៈ​ទឹក​ជន់​លិច​ពិភពលោក​។ មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់ បាន​ទៅ​ប្រមូលផ្តុំ​ទីនោះ ដោយ​នាំ​ទាំង​សាច់ញាតិ​គ្រួសារ និង​សំពាយ​ជាច្រើន​ទៅតាម​ខ្លួន​ផង ដែល​ពួកគេ​មកពី​បណ្ដា​រាជធានី និង​ខេត្ត​នានា​។ ក្រោយ​ការផ្សព្វផ្សាយ និង​អំពាវនាវ​ឱ្យ​រំសាយ​ពី​រាជរដ្ឋាភិបាល ពលរដ្ឋ​មួយចំនួនធំ បាន​វិល​ទៅ​ស្រុក​វិញ និង​បន្ត​ស្នាក់​នៅក្នុង​ចម្ការ​នោះ​ប្រមាណ​៤០០​នាក់ គិត​ត្រឹម​ថ្ងៃទី​៧ ខែកញ្ញា​៕

Tag:
 ខឹម វាសនា
© រក្សាសិទ្ធិដោយ thmeythmey.com