ជាតិ
ថៃ ផ្ដល់ជំនួយជិត ១,៥លានដុល្លារដល់កម្ពុជា ដើម្បីសង់អាគារមណ្ឌលសំចតថ្មីនៅប៉ោយប៉ែត
08, Sep 2022 , 10:59 pm        
រូបភាព
អាជ្ញាធរខេត្តបន្ទាយមានជ័យ សង់អាគារមណ្ឌលសំចតថ្មី គ្រោងចំណាយថវិកាជិត ១,៥លានដុល្លារ។ រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ
អាជ្ញាធរខេត្តបន្ទាយមានជ័យ សង់អាគារមណ្ឌលសំចតថ្មី គ្រោងចំណាយថវិកាជិត ១,៥លានដុល្លារ។ រូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ
ដោយ:
បន្ទាយមានជ័យ៖ រដ្ឋាភិបាលថៃផ្ដល់ជំនួយឥតសំណងជិត ១,៥លានដុល្លារ ដល់កម្ពុជា សម្រាប់សាងសង់អាគារមណ្ឌលសំចតចំនួន ៥ថ្មី ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមនាយកដ្ឋានផ្សព្វផ្សាយអប់រំនៅថ្ងៃទី ៧ កញ្ញា។



នាយិកាមណ្ឌលសំចត អ្នកស្រី ឈា ម៉ានីត បាននិយាយថា ជំនួយសាងសង់មណ្ឌលសំចតថ្មីនេះ ត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។ បើតាមអ្នកស្រី ម៉ានីត គម្រោងនេះ នឹងត្រូវចំណាយថវិកាដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលថៃជិត ១,៥លានដុល្លា។


 
គម្រោងសាងសង់មណ្ឌលសំចតថ្មីខេត្តបន្ទាយមានជ័យ គឺនៅជិតព្រំដែនក្រុងប៉ោយប៉ែត។ មណ្ឌលសំចតនេះត្រូវសង់លើផ្ទៃដីជិត ១ហិកតា មានចំនួន ៥អគារដូចជា អគារជនរងគ្រោះបុរស ១ខ្នង, អគារជនរងគ្រោះស្ត្រី ១ខ្នង, អគាររដ្ឋបាល ១ខ្នង, អគារអាហារដ្ឋាន ១ខ្នង និង អគារបណ្តុះបណ្តាលអាជីពរួម ១ខ្នង។ លោកស្រី ម៉ានីត បន្ថែម។
 
បើតាមអ្នកស្រី ម៉ានីត បច្ចុប្បន្នស្ថានភាពពលករនិសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ មានភាពធូរស្រាល ពោលគឺមានមនុស្ស៥នាក់ក្នុងថ្ងៃប៉ុណ្ណោះ ដែលចូលមកក្នុងមណ្ឌលសំចត។ 
បើតាមនាយកដ្ឋានផ្សព្វផ្សាយអប់រំ លោក ផៃ រ៉ូត ទីតាំងការដ្ឋានបានពង្រាប​ទីលានចាក់ដី ធ្វើរបងព័ទ្ធការដ្ឋាន បុកជើងសសរបាន ៣០ភាគរយហើយ។ បើគ្មានអ្វីប្រែប្រួល ឬឧបសគ្គទេ គម្រោងសាងសង់នឹងរួចរាល់ តាមផែនការកំណត់។
 
លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារ ដែលបានចុះពិនិត្យទីតាំងនោះ បាននិយាយថា មណ្ឌលសំចតនឹងផ្តល់សេវានានា រួមទាំងភាពងាយស្រួលដល់ពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ និងប្រទេសឯទៀត ជាពិសេសវាមានលក្ខណៈសមស្រប និងទំនើបតាមស្តង់ដាអន្តរជាតិ សម្រាប់ទទួលពលករនិសន្តប្រវេសន៍កម្ពុជា៕
 
 
 

Tag:
 អាគារមណ្ឌលសំចត
  ក្រុងប៉ោយប៉ែត
  ជំនួយរដ្ឋាភិបាលថៃ
© រក្សាសិទ្ធិដោយ thmeythmey.com