ជាតិ
សង្គមជាតិ
កម្ពុជា នឹងចម្រាញ់រ៉ែមាស នៅទីតាំងថ្មីមួយទៀត ក្នុងខេត្តកំពង់ធំ
09, Sep 2022 , 8:59 am        
រូបភាព
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល។
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ របស់ក្រសួងរ៉ែ និងថាមពល។
ក្រុមហ៊ុនចិន Late Cheng Mining Development CO.,LTD​​ ទទួលបានអាជ្ញាបណ្ណក្នុងការធ្វើអាជីវកម្មចម្រាញ់យករ៉ែមាស នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ។ ក្រុមហ៊ុននេះ បានប៉ាន់ស្មានថា អាចផលិតមាសបាន ១៨០គីឡូក្រាមក្នុងមួយឆ្នាំ។



ក្រុមហ៊ុនចិននេះ ទទួលបានការអនុញ្ញាតធ្វើអាជីវកម្មរ៉ែមាសនៅកម្ពុជា សម្រាប់ដំណាក់កាលដំបូងរយៈពេល ១៥ឆ្នាំ។ កម្ពុជា រំពឹងទទួលបានសួយសារពីគម្រោងអាជីវកម្មរ៉ែមាសនេះ ចំនួន ២៥ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅក្រោយពេលក្រុមហ៊ុននេះ ដាក់ឱ្យដំណើរការអាជីវកម្មពេញលេញ ស្របតាមបទដ្ឋានបច្ចេកទេសឧស្សាហកម្ម។ 
 
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)  ក្រុមហ៊ុនខាងលើគ្រោងនឹងវិនិយោគអាជីវកម្មរ៉ែមាស នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។  ក្រុមហ៊ុននេះបោះទុនវិនិយោគប្រមាណ ១៣លានដុល្លារ និងអាចបង្កើតឱកាសការងារដល់ពលរដ្ឋបាន ៣០០កន្លែង។
 
លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ បានប្រាប់សារព័ត៌មានថ្មីៗថា ក្រុមហ៊ុននេះ មានសមត្ថភាពអាច​ផលិតមាសបានចំនួន ១៨០គីឡូក្រាមក្នុងមួយឆ្នាំ ហើយគ្រោងធ្វើអាជីវកម្មសាកល្បងនៅខែសីហាឆ្នាំ ២០២៣ ។
 
អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែរូបនេះ​ បានបញ្ជាក់ថា​ «ដោយឈរលើបទដ្ឋានបច្ចេកទេស និងហិរញ្ញវត្ថុ ក្រសួងបានវាយតម្លៃពីផលប៉ះពាល់បរិស្ថាន និងសង្គម ហើយប្រៀបធៀបជាមួយតម្លៃដែលទទួលបានតាមរយៈសេដ្ឋកិច្ច ទើបសម្រេចឱ្យក្រុមហ៊ុននេះធ្វើអាជីវកម្មរ៉ែមាស។ តម្លៃសេដ្ឋកិច្ចទាំងនោះរួមមាន រដ្ឋទទួលបានចំណូលបន្ថែម ស្របពេលដែលក្រុមហ៊ុននឹងបង្កើតការងារដល់ពលរដ្ឋ ព្រមទាងជំរុញការអភិវឌ្ឍន៍វិស័យរ៉ែនៅកម្ពុជាផងដែរ»។ 
 
បច្ចុប្បន្ន ក្រៅពីក្រុមហ៊ុ​ន LATE CHENG MINING DEVELOPMENT CO., LTD ក្រសួងរ៉ែ និងថាមពល ក៏បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន​ចំនួន៧ទៀត ឱ្យរុករកនិងបើកការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់«រ៉ែមាស» នៅកម្ពុជា ផងដែរ។ ក្រុមហ៊ុនទាំងនោះ មកពីប្រទេសឥណ្ឌា ចិន និងអូស្រ្តាលី ដែលវិនិយោគនៅបណ្តាខេត្តមួយចំនួនដូចជា ៖ មណ្ឌលគិរី ក្រចេះ បាត់ដំបង ព្រះវិហារ កំពង់ធំ រតនគិរី ។
 
គួរបញ្ជាក់ផងដែរថា កម្ពុជាមានអាជ្ញាបណ្ណពីរប្រភេទផ្សេងគ្នាជុំវិញវិស័យរ៉ែ រួមមាន ៖ អាជ្ញាបណ្ណស្វ័យរុករក គឺជាការផ្តល់ទៅឱ្យរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានលក្ខណៈសម្បត្តិ (បច្ចេកទេស ហិរញ្ញវត្ថុ) និងសមត្ថភាពគ្រប់គ្រាន់ សិក្សាអំពីសក្តានុពលធនធានរ៉ែ ។ មួយវិញទៀត អាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ ត្រូវបានផ្តល់ចំពោះតែសម្បទានណា ដែលមានអាជ្ញាប័ណ្ណរុករកតែប៉ុណ្ណោះ។
 
សម្រាប់អ្នកដែលមានអាជីវកម្មស្វ័យរុករក មិនអាចទៅធ្វើអាជីវកម្មរ៉ែបានទេ។ លោក ឌីប៉ូឡា បញ្ជាក់ដូច្នេះ ហើយបន្តថា កន្លងមកមានក្រុមហ៊ុនដែលទទួលអាជ្ញាស្វ័យរុករកជាច្រើន បានក្ស័យធន ដោយសារទីតាំងដែលបានរុករកទាំងនោះ មិនមានសក្តានុពលរ៉ែគ្រប់គ្រាន់ក្នុងការធ្វើអាជីកម្ម ៕
 

Tag:
 មាស CDC អ៊ឹង ឌីប៉ូឡា
© រក្សាសិទ្ធិដោយ thmeythmey.com