កីឡាជាតិ
ជាតិ
ស្វាយ​រៀង វេស្ទើន​ចាប់​ផ្តើម​ប្រកួត​ ខណៈណា​ហ្គា ​បឹង​កេត រំពឹង​ឈ្នះ​បន្ថែម​ទៀត
01, Feb 2014 , 11:41 am        
រូបភាព
លោក សំ វ៉ាន់ដេត នាំស្វាយរៀង​បើក​យុទ្ធនាការការពារជើងឯក​នារសៀល​នេះ
លោក សំ វ៉ាន់ដេត នាំស្វាយរៀង​បើក​យុទ្ធនាការការពារជើងឯក​នារសៀល​នេះ
ការ​ប្រកួត​កីឡា​បាល់ទាត់​ក្របខណ្ឌមិត្ត​ហ្វូន​ខេមបូ​ឌានលីក​២០១៤ ឈាន​ដល់​សប្តាហ៍​ទីពីរ​ហើយនៅ​ថ្ងៃសៅរ៍ ទី​១ ខែកុម្ភៈ នេះ ប៉ុន្តែ​សម្រាប់​ស្វាយ​រៀង និងសាកលវិទ្យាល័យ​វេស្ទើន វា​ជាការ​ប្រកួតលើក​ដំបូង។ ជំនួប​ពីរ​ប្រកួត​នឹង​ត្រូវ​រៀបចំឡើង​នៅ​កីឡដ្ឋានកង​យោធពល​ខេមរភូមិន្ទ (ស្តាតចាស់) ខណៈពីរ​ប្រកួត​ទៀត​នឹង​ប្រព្រឹត្តទៅ​នៅ​ពហុកីឡដ្ឋាន​ជាតិ។



នៅ​ស្តាតចាស់នា​វេលា​ម៉ោង​១:៣០រ​សៀល​ ណា​ហ្គាខប រំពឹង​រក​បាន​បី​ពិន្ទុ​បន្ថែម​ទៀត​ នៅពេល​ពួក​គេ​ត្រូវ​ប៉ះ​ជាមួយ​គិរីវង់សុខសែន​ជ័យ មកពី​ខេត្ត​តាកែវ។ កាលពី​សប្តាហ៍មុន ណាហ្គាខប បាន​យក​ឈ្នះ​ក្រសួងការ​ពារជាតិ ៣-០ ខណៈ ខ្សែបម្រើកូរ៉េខាងត្បូង Jang In Yong បង្ហាញ​សមត្ថ​ភាព​លេងដ៏​គួរឲ្យកត់​សម្គាល់​។ ដោយឡែក គិរីវង់​ដែល​តែកីឡាករ​ក្នុង​ស្រុក​នោះ បាន​ចាញ់អគ្គ​ស្នង​ការដ្ឋា​នន​គរបាល​ជាតិ ២-០។ ខ្សែប្រយុទ្ធ អ៊ិន វិច្ឆិកា និង​សាវ័ន្ត​ រតនវិសារ គឺ​ជាកម្លាំងដ៏​សំខាន់​ដែលអាច​ស្តារស្ថានភាពក្រុម។

នៅម៉ោង​៣:៤៥នាទី ម្ចាស់ការពា​រតំណែង​ជើង​ឯក​ស្វាយរៀង​ដែល​ខក​ខាន​កាលពី​សប្តាហ៍​ដោយសារ​ដំណើរ​ប្រកួត​មិត្តភា​ពនៅវៀ​តណា​មនោះ ត្រូវ​ជួបជាមួយ​ក្រុម Albirex Niigata Phnom Penh។ ស្វាយរៀ​ងត្រូវ​បាន​រំពឹ​ងថា នឹង​បង្ហាញ​វត្តមាន​កីឡាករ​បរ​ទេស​សំខាន់​ៗ​មួយ​ចំនួន ខណៈ Albirex ដែលមាន​ម្ចាស់​ជាជន​ជាតិ​ជប៉ុន​អាច​ទាញ​បាន​បទពិសោធន៍​នៃការ​បរាជ័យ ៤-១ ដោយ​សារបឹងកេ​តកាលពី​សប្តាហ៍មុន ដើម្បី​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។

ដោយ​ឡែក​នៅពហុ​កីឡដ្ឋាន​ជាតិ នៅវេលាម៉ោង​៣:៣០នាទី គឺ​ជាជំនួប​រវាងក្រុម​ដែល​មាន​ប្រភព​ចេញមកពី​សាក​លវិទ្យា​ល័យ។ វេស្ទើនដែលមាន​កីឡាករ​នីហ្សេរីយ៉ា២រូប និងកា​ម៉េ​រូន​​១រូបនោះ នឹង​បើក​យុទ្ធនា​ការលើក​ដំបូង​របស់​ខ្លួន​នៅ​រដូវកាលនេះ ខណៈអាស៊ី​អឺរ៉ុ​ប​ដែល​តែកម្លាំងកីឡាករក្នុងស្រុក​ បាន​រង​នូវការ​ខក​ចិត្ត​កាលពី​សប្តាហ៍មុន ដោយចាញ់​ភ្នំពេញ​ក្រោន ៤-០ នៅ​តង់ទីពីរ។

ជំនួបនា​ម៉ោង​៦ល្ងាច គឺ​ជា​ការ​ប៉ះគ្នា​រវាង​ចម្ការកៅស៊ូ​បឹងកេត និង​ត្រាយអេស៊ី​ភ្នំពេញ​។ អតី​ត​​ខ្សែប្រយុ​ទ្ធ​ភ្នំពេញក្រោន Elroy van der Hooft រំពឹង​ថានឹង​បង្ហាញ​ខ្លួន​សារជាថ្មី​នៅពហុកី​ឡ​ដ្ឋាន​ជាតិ បន្ទា​ប់ពីរូបគេ​បាន​ចុះ​កិច្ច​សន្យាលេង​ឲ្យចម្ការ​កៅស៊ូបឹងកេត​សម្រាប់​រដូវ​កាល​ថ្មីនេះ។ ចាន់ វឌ្ឍ​នាកា គឺ​ជាកីឡាករ​ដែល​កំពុង​នាំមុខ​គេ​លើ​ការស៊ុត​បាល់បញ្ចូលទី ដោយ​រូបគេ​រក​បាន​បីគ្រាប់​ក្នុងជ័យ​ជម្នះ ៤-១ លើ Albirex។ សម្រាប់​ត្រា​យអេ​ស៊ីភ្នំពេញ កីឡាករ​ជើង​ចាស់ ចាន់ រិទ្ធី នឹង​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ចាស់​របស់ខ្លួន ប៉ុន្តែមិន​ដឹង​ថា រូបគេ​នឹងត្រូវ​បាន​ដាក់ឲ្យ​ចូល​លេង​ឬយ៉ាងណានោះ​ទេ ខណៈ ខ្សែប្រយុទ្ធ សុក ច័ន្ទរស្មី បាន​ទទួល​នូវការចា​ប់អា​រម្ម​ណ៍​​ច្រើនពីព្រោះ រូបគេ​តែងតែ​រកបា​នគ្រាប់បា​ល់បញ្ចូ​លទីនា​រយៈពេលចុ​ងក្រោ​យ​នេះ។

កម្មវិធី​ប្រកួត៖
ស្តាតចាស់

-១:៣០នាទី៖ ណាហ្គាខប v គិរីវង់សុខសែន​ជ័យ
-៣:៤៥នាទី៖ ស្វាយរៀង v Albirex Niitaga Phnom Penh

ពហុកីឡដ្ឋាន​ជាតិ

-៣:៣០នាទី៖ វេស្ទើនយូនីអែហ្វស៊ី v អាស៊ីអឺរ៉ុប
-៦:០០ល្ងាច៖ ចម្ការកៅស៊ូបឹងកេត v ត្រាយអេស៊ីភ្នំពេញ

© រក្សាសិទ្ធិដោយ thmeythmey.com