ជាតិ
សង្គមជាតិ
លោក ប៉ា ច័ន្ទរឿន៖ ក្រសួងអបរំគួរដាក់មុខវិជ្ជាសីលធម៌ពលរដ្ឋ ជាអាទិភាព គ្រប់កម្រិតសិក្សា
09, Sep 2022 , 9:59 pm        
រូបភាព
 លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម
ដោយ៖ វ៉ន ស៊ីចេន

ភ្នំពេញ៖ លោក ប៉ា ​ច័ន្ទរឿន អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម ថា មុខវិជ្ជាសីលធម៌ពលរដ្ឋនេះ មានបង្រៀននៅក្នុងកម្មវិធីចំណេះដឹងទូទៅប៉ុណ្ណោះ។ ប៉ុន្តែទាំងខ្លឹមសារ​ និងវិធីសាស្រ្តក្នុងការបង្រៀនមុខវិជ្ជានេះ នៅមានកម្រិតនៅឡើយ បើប្រៀបធៀបទៅនឹងការបង្រៀនមុខវិជ្ជានេះ របស់ប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ​បើតាមលោក ច័ន្ទរឿន ក្រសួងអប់រំគួរដាក់មុខវិជា្ជសីលធម៌ពលរដ្ឋនេះ ជាអាទិភាពនៅគ្រប់កម្រិតសិក្សា។

 
ដើម្បីជ្រាបកាន់តែច្បាស់សូមអញ្ជើញលោកអ្នកនាងអានកិច្ចសម្ភាសរវាង កញ្ញា វ៉ន ស៊ីចេន នៃសារព័ត៌មានថ្មីៗ ជាមួយលោក ប៉ា ​ច័ន្ទរឿន ដូចតទៅ៖
 
កញ្ញា វ៉ន ស៊ីចេន៖ តើលោក មើលឃើញសីលធម៌ពលរដ្ឋខ្មែរ មានកម្រិតណា នារយៈពេលចុងក្រោយនេះ ទើបបានជាលោកស្នើឲ្យក្រសួងអប់រំ ដាក់មុខវិជ្ជាសីលធម៌ពលរដ្ឋ ជាអាទិភាព គ្រប់កម្រិតសិក្សា?
 
លោក ប៉ា ច័ន្ទរឿន៖ បច្ចុប្បន្នបញ្ហានៅក្នុងសង្គមយើងសង្កេតឃើញថា រយៈពេលជិត៣០ឆ្នាំមកនេះ ក្នុងសង្គមមានការអភិវឌ្ឍច្រើនទាំងផ្នែកសេដ្ឋកិច្ច និង ផ្នែកសម្ភារ ប៉ុន្តែការលើកកម្ពស់ផ្នែកសីលធម៌សង្គមនេះ នៅមានកម្រិតនៅឡើយ។ ជាការពិតណាស់ មុខវិជ្ជាសីលធម៌ពលរដ្ឋនេះមានបង្រៀននៅក្នុងកម្មវិធីចំណេះដឹងទូទៅ ប៉ុន្តែទាំងខ្លឹមសារ ទាំងវិធីសាស្រ្តនៃការបង្រៀនមុខវិជ្ជានេះនៅមានកម្រិតទាបណាស់ បើប្រៀបធៀបទៅនឹងការបង្រៀនមុខវិជ្ជានេះនៅក្នុងប្រទេស និងក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ 
 
ដោយឡែក​  ការមិនសូវយកចិត្តទុកដាក់នេះហើយជាចំណែកមួយដែលធ្វើឲ្យស្មារតីសង្គម ជាពិសេសគុណតម្លៃសីលធម៌ និង សីលធម៌ក្នុងសង្គមយើងនៅមានកម្រិត។ ប្រសិនបើមិនមានការលើកកម្ពស់ស្មារតីសង្គមសីលធម៌ទេ សីលធម៌ពលរដ្ឋក៏មិនអាចរីកចម្រើន ឬខ្ពង់ខ្ពស់បានដែរ។ ផ្ទុយទៅវិញនៅពេលដែលសង្គមមួយ មានការវិវត្តន៍ខាងផ្នែកសេដ្ឋកិច្ច និងផ្នែកសម្ភារ ប៉ុន្តែស្មារតី និ​ង សីលធម៌មិនត្រូវបានលើកកម្ពស់ ឬខ្វះការយកចិត្តទុកដាក់ សង្គមនោះនឹងប្រឈមមុខទៅនឹងបញ្ហាអសីលធម៌។
 
កញ្ញា វ៉ន ស៊ីចេន៖ តើក្រសួងពុំបានបញ្ចូល មុខវិជ្ជាសីលធម៍ពលរដ្ឋក្នុងកម្មវិធីសិក្សាគ្រប់កម្រិតថ្នាក់ទេ ? បានជាលោកលើកបញ្ហានេះឡើង?
 
លោក ប៉ា ច័ន្ទរឿន៖ សម្រាប់បញ្ហានេះ ក្រសួងអប់រំគួរតែពិនិត្យមើលឡើងវិញអំពីខ្លឹមសារ និងវិធីសាស្រ្តបង្រៀនមុខវិជ្ជាសីលធម៌ពលរដ្ឋនៅគ្រប់កម្រិតសិក្សានីមួយៗ។ ជាពិសេស មុខវិជ្ជានេះគួរតែដាក់តាំងពីមត្តេយ្យសិក្សាឡើងទៅ។ ដោយឡែក នៅប្រទេសជាច្រើន ទាំងប្រទេសជប៉ុន អូស្រ្តាលី កូរ៉េខាងត្បូង សិង្ហបុរី ក្នុងតំបន់អាស៊ីអាគ្នេយ៍យើងនេះ គេបានដាក់មុខវិជ្ជាសីលធម៌ពលរដ្ឋ តាំងពីថ្នាក់មត្តេយ្យដើម្បីហាត់ពត់អប់រំចិត្ត តាំងពីកុមារ ពីព្រោះរឿងការអប់រំសីលធម៌ គុណធម៌ នៅក្នុងសង្គមនេះ ទាល់តែបង្ហាត់បង្រៀនចាប់ពីវ័យកុមារ ទើបធ្វើឲ្យកុមារយល់ដឹងបានច្រើន។ បន្ថែមពីនេះ ដើម្បីឲ្យមុខវិជ្ជានេះទទួលបានការចាប់អារម្មណ៍ និងការយកចិត្តទុកដាក់ពីសំណាក់ សិស្ស-និស្សិត ដូច្នេះរាល់ការប្រឡងទាំងអស់ ក្រសួងអបរំត្រូវមានមុខវិជ្ជាសីលធម៌ពលរដ្ឋនេះចាំបាច់ ពីព្រោះបើមិនដាក់មុខវិជ្ជាសីលធម៍នេះ ជាមុខវិជ្ជាស្នូលក្នុងការប្រឡងចេញទាំងកម្រិតបឋមសិក្សា មធ្យមសិក្សា ដល់កម្រិតឧត្តមសិក្សានោះទេ សិស្ស-និស្សិត មិនខ្វល់ខ្វាយរៀនមុខវិជ្ជានេះនោះទេ។ 
 
កញ្ញា វ៉ន ស៊ីចេន៖ បើតាមស្ដាប់លោកបកស្រាយ ហាក់ដូចជាកំពុងបង្ហាញថា បញ្ហាសីលធម៌ក្នុងសង្គមកំពុងធ្លាក់ចុះ គួរឲ្យព្រួយបារម្ភ។ តើដើមចមអ្វីដែលធ្វើឲ្យមានការធ្លាក់ចុះសីលធម៌ពលរដ្ឋនេះ?
 
លោក ប៉ា ច័ន្ទរឿន៖ មូលហេតុសង្គមមានបញ្ហាអសីលធម៌ វាអាចកើតឡើងដោយសារកត្តាជាច្រើនគួបផ្សំគ្នា ប៉ុន្តែកត្តាចម្បងនោះគឺ ពលរដ្ឋយើងខ្វះការយល់ដឹង ខ្វះការលើកកម្ពស់ ទាំងការអប់រំ ទាំងការឲ្យតម្លៃសីលធម៌នៅក្នុងសង្គម។ ជាពិសេស ខ្វះគំរូភាពពីថ្នាក់ដឹកនាំ ទាំងថ្នាក់ដឹកនាំជាន់ទាប និងថ្នាក់ដឹកនាំជាន់ខ្ពស់។ ជាក់ស្តែង ការប្រើពាក្យអសរោះក្នុងចំណោមអ្នកដឹកនាំ អ្នកនយោបាយមន្រី្តរាជការ រហូតដល់ព្រះសង្ឃ ឬអ្នកបួសមួយចំនួនក៏ភ្លាំងភ្លាត់ ប្រើពាក្យអសរោះ។ នេះហើយជាចំណែកមួយ ដែលធ្វើឲ្យគុណតម្លៃផ្នែកសីលធម៌នៅក្នុងសង្គមមិនមានភាពខ្ពង់ខ្ពស់។ ដូចនេះ ពលរដ្ឋអាចប្រឈមមុខនឹងបញ្ហាអសីលធម៌ជាច្រើន ទាំងក្នុងការរស់នៅប្រចាំថ្ងៃ ទាំងការរកស៊ីជួញដូរ រហូតដល់ឃើញមានសកម្មភាព ទង្វើអសីធម៌ជាច្រើន ដែលស្តែងឲ្យឃើញតាមការផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុក និងយូធូបជាដើម។
 
កញ្ញា វ៉ន ស៊ីចេន៖ តើការជឿនលឿនក្នុងសង្គមសព្វថ្ងៃនេះ មិនបានធ្វើឲ្យសីលធម៌ពលរដ្ឋ ក្នុងសង្គមរីកចម្រើនស្របគ្នាទេ? 
 
លោក ប៉ា ច័ន្ទរឿន៖ ភាពជឿនលឿន នៅក្នុងសង្គមផ្នែកសេដ្ឋកិច្ច និងផ្នែកសម្ភារនេះ ប្រសិនបើមិនបានយកចិត្តទុកដាក់លើកស្ទួយ លើកកម្ពស់ និងការអភិវឌ្ឍស្មារតីសីលធម៌នៅក្នុងសង្គមទេ ក៏វាមិនអាចធ្វើឲ្យសីលធម៌នឹងរីកចម្រើនបានដែរ។ 
 
កញ្ញា វ៉ន ស៊ីចេន៖ ក្រៅពីបញ្ជូល មុខវិជ្ជាសីលធម៌ពលរដ្ឋនៅក្នុងកម្មវិធីអប់រំនេះ។ តើអាចមានវិធីអ្វី ដោះស្រាយបញ្ហានេះបានទៀតទេ?
 
លោក ប៉ា ច័ន្ទរឿន៖ ចំពោះការលើកកម្ពស់ និងការបញ្ជូលមុខវិជ្ជាសីលធម៌ពលរដ្ឋនៅក្នុងកម្មវិធីសិក្សា អប់រំ នៅគ្រប់កម្រិតថ្នាក់ ក៏វាមានកម្មវិធីមួយចំនួនទៀត នៅក្នុងការលើកស្ទួយគុណតម្លៃក្នុងសង្គម រាប់ចាប់តាំងពីការលើកកម្ពស់ការយល់ដឹងរបស់ពលរដ្ឋទូទៅ តាមរយៈការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ។ ឪពុកម្តាយ អាណាព្យាយបាល និងសមាជិកគ្រួសារគួរតែនាំគ្នាយកចិត្តទុកដាក់ក្នុងការប្រតិបត្តិសីលធម៌នៅក្នុងគ្រួសារ និងមន្ទីអប់រំ ជាពិសេសស្ថាប័នរដ្ឋ និងស្ថាប័នសាសនា គួរតែដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិសីលធម៌ក្នុងសង្គមយើង។ លើសពីនេះ​ ក្នុងសង្គមខ្មែរយើង ប្រជាពលរដ្ឋច្រើនតែមើលគំរូអ្នកដឹកនាំ អ្នកដែលមានតំណែងខ្ពស់ជាងខ្លួន ។ ដូច្នេះហើយប្រសិនបើមន្រី្តរាជការ និងថ្នាក់ដឹកនាំកំពូលប្រតិបត្តិការលើកកម្ពស់សីលធម៌ក្នុងសង្គម ដោយរាប់តាំងពីការនិយាយស្ដី និងការប្រព្រឹត្តនេះ ជាចំណែកមួយដ៏សំខាន់ដែលអាចជះឥទ្ធិពលវិជ្ជមាន ក្នុងការលើកកម្ពស់គុណតម្លៃសីលធម៌នៅក្នុងសង្គមយើងផងដែរ។
 

Tag:
 ការសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com