អន្តរជាតិ
អ្នកការទូតអូទ្រីស Volker Turk ត្រូវបាន UN តែងតាំងជាប្រមុខសិទ្ធិមនុស្សថ្មី
09, Sep 2022 , 5:59 pm        
រូបភាព
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធីមនុស្ស លោក Volker Turk ។ រូបថត AFP
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធីមនុស្ស លោក Volker Turk ។ រូបថត AFP
ដោយ:
មហាសន្និបាតអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី៨ ខែកញ្ញា បានអនុម័តតែងតាំង លោក Volker Turk មន្រ្តីការទូតអូទ្រីសជើងចាស់ ជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្សបន្តពីលោកស្រី Michelle Bachelet ដែលបានបញ្ចប់អាណត្តិកាលពីខែមុន។ លោក Turk ចូលកាន់តំណែងជាប្រមុខសិទ្ធិមនុស្សថ្មីស្របពេលការិយាល័យសិទ្ធិមនុស្ស UN រងការរិះគន់ពីចិនជាខ្លាំងជុំវិញរបាយការណ៍ជុំវិញស្ថានភាពនៅស៊ីនជាំង។

 
រដ្ឋសមាជិក UN ទាំង១៩៣ប្រទេស នៅថ្ងៃទី៨ ខែកញ្ញាបានយល់ព្រមជាឯកច្ឆន្ទតែងតាំងលោក Volker Turk ជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលសិទ្ធិមនុស្ស ដែលមានអាណត្តិ៤ឆ្នាំ។ បើតាមសេចក្តីថ្លែងការណ៍របស់ UN លោក Turk ជាបុគ្គលដែលបានលើកស្ទួយសិទ្ធិមនុស្សជាសកលតាមរយៈអាជីពដ៏ជោគជ័យរបស់លោក ពិសេសការការពារជាអន្តរជាតិចំពោះជនងាយរងគ្រោះបំផុតក្នុងពិភពលោក ពោលគឺជនភៀសខ្លួន និងមនុស្សគ្មានរដ្ឋ។
 
អ្នកការទូតអូទ្រីស និងបុគ្គលិក UN ជើងចាស់មួយរូប លោក Turk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា លោកពិតជាមានមោទកភាពជាពន់ពេកដែលត្រូវបានតែងតាំងជាឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបន្ទាប់ តែក៏អះអាងថា មានបន្ទុកជាច្រើនដែលត្រូវទទួលខុសត្រូវក្នុងតួនាទីថ្មីនេះ។
 
«(ខ្ញុំ)នឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីបំពេញកិច្ចសន្យាតាមសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សសម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង»។ នេះបើតាមសាររបស់លោក Turk នៅថ្ងៃទី ៩ ខែកញ្ញា។ 
 
ទាក់ទងបទពិសោធវិញ លោក Turk ធ្លាប់ជាប្រធានទីភ្នាក់ងារជនភៀសខ្លួន UN នៅប្រទេសជាច្រើនដូចជាម៉ាឡេស៊ី កូសូវ៉ូ បូស្ន៊ី សាធារណរដ្ឋកុងហ្គោ និងកូវ៉ែត។ ចុងក្រោយនេះ លោកកាន់តំណែងជាអគ្គលេខាធិការរងទទួលបន្ទុកគោលនយោបាយ។ ចំពោះមុខតំណែងជាប្រមុខសិទ្ធិមនុស្ស UN លោក Turk ​ត្រូវប្រឈមនឹងការដោះស្រាយបញ្ហាសិទ្ធិមនុស្សជាច្រើនដែលក្នុងនោះរួមមានបញ្ហានៅអ៊ុយក្រែន អេត្យូពី ក៏ដូចជានៅតំបន់ស៊ីនជាំងជាដើម។ 
 
សម្ពាធខ្លាំងទំនងជាមានទាក់ទងបញ្ហានៅស៊ីនជាំងតែម្ដង។ របាយការណ៍សិទ្ធិមនុស្សនៅតំបន់ស៊ីនជាំងដែលលោកស្រី Bachelet ទើបតែបានចេញផ្សាយ ធ្វើឱ្យចិនក្ដៅស្លឹកត្រចៀក ស្របពេលដែលក្រុមសិទ្ធិមនុស្សបានទទូចឱ្យលោក Turk ចាត់វិធានការលើអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅទីនោះ។ អគ្គរដ្ឋទូតរងចិនប្រចាំ UN ​លោក Dai Bing សង្ឃឹមថា លោក Turk នឹងដឹកនាំការិយាល័យសិទ្ធិមនុស្សដោយមិនលម្អៀងទៅនយោបាយប្រទេសណាមួយ៕
 
 
 
 
 
 
 
 
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com