ជាតិ
សង្គមជាតិ
សេដ្ឋកិច្ច
ក្រសួងយុត្តិធម៌ បង្កើតក្រុមការងារចំពោះកិច្ច ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
09, Sep 2022 , 6:29 pm        
រូបភាព
លោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុតិ្តធម៌។ រូបពី ក្រសួងយុត្តិធម៌។
លោក កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុតិ្តធម៌។ រូបពី ក្រសួងយុត្តិធម៌។
ដោយ៖ វ៉ន ស៊ីចេន
 
ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ចពលកម្មមនុស្ស និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់។ ក្រុមការងារនេះ មានចំនួន១៨រូប ជាសេនាធិការរបស់ក្រសួងយុត្តិធម៌។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងយុត្តិធម៌ ចុះថ្ងៃទី៩ កញ្ញា។

 
លោក​ កើត រិទ្ធ រដ្ឋមន្រី្តក្រសួងយុត្តិធម៌ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចនេះ ត្រូវអនុវត្តតួនាទី និងភារកិច្ច ដើម្បីសម្របសម្រួលនីតិវិធីក្នុងការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យជនបរទេសតាមគោលដៅសង្ស័យ ដើម្បីអាចឈានដល់ការឃាត់ខ្លួនជនល្មើស និងសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា។
 
រដ្ឋមន្រី្តយុត្តិធម៌ បានសង្កត់ធ្ងន់ថា ក្រុមការងារត្រូវពង្រឹងការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និងការផ្ដន្ទាទោសលើបទល្មើសជួញដូរមនុស្ស ឲ្យបានតឹងរ៉ឹងស្របតាមច្បាប់ និងនីតិវិធីជាធរមាន។ 
 
លើសពីនេះ ត្រូវប្រមូល ចងក្រង អំពីការស៊ើបអង្កេត ការចោទប្រកាន់ និងការផ្តន្ទាទោសពីបទល្មើសជួញដូរមនុស្ស និង បទល្មើសសម្អាតប្រាក់ ស្របតាមច្បាប់ ដោយសហការជាមួយក្រុមការងាររបស់ក្រសួងយុត្តិធម៌ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដល់ការរីកសាយភាយអាវុធប្រល័យ។ នេះបើតាមលោក កើត រិទ្ធ។
 
ក្រុមការងារចំពោះកិច្ចចំនួន១៨រូប គឺ លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាប្រធាន, លោក ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និង ព្រហ្មទណ្ឌ ជាអនុប្រធាន និងសមាជិក ១៦រូបទៀត ។
 
គួរបញ្ជាក់ថា ប្រធាន និងសមាជិកក្រុមការងារចំពោះកិច្ចទាំងអស់ ត្រូវចូលរួមកិច្ចប្រជុំ និងបំពេញការងារតាមការចាត់តាំងរបស់ប្រធានឲ្យបានត្រឹមត្រូវ។ ក្នុងករណីប្រធានអវត្តមាន ឬមានធុរកិច្ចនោះ អនុប្រធានអាចកោះប្រជុំ និងដឹកនាំកិច្ចប្រជុំជំនួសបានតាមការប្រគល់សិទ្ធពីប្រធាន៕
 
 
 
 
 

Tag:
 អំពើជួញដូរមនុស្
© រក្សាសិទ្ធិដោយ thmeythmey.com