ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ នាយកសាលាបឋមសិក្សាស្លែង ចង់ឱ្យរដ្ឋបង្កើនចំនួនអាហារូបករណ៍ ខណៈក្នុងឃុំមានសិស្សក្រីក្រច្រើន
10, Sep 2022 , 8:59 am        
រូបភាព
សាលាបឋមសិក្សា ស្លែង ស្ថិតក្នុងភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សាលាបឋមសិក្សា ស្លែង ស្ថិតក្នុងភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ដោយ៖ សុខ ហេង(យុវជនឃុំក្ដីដូង)

ស្រុកកំពង់ស្វាយ, កំពង់ធំ៖ សិស្សានុសិស្សចំនួន១២នាក់ សិក្សានៅសាលាបឋមសិក្សា ស្លែង ទទួលបានអាហារូបករណ៍ ពីរដ្ឋាភិបាលកម្ពុជា ក្នុងម្នាក់២៤ម៉ឺនរៀល ក្នុងមួយឆ្នាំៗសិក្សា។ លោក អ៊ន វណ្ណៈ នាយកសាលាបឋមសិក្សា ស្លែង បញ្ជាក់ថា ការផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់នេះ សម្រាប់តែសិស្សថ្នាក់ទី៤ ទី៥ និង ទី៦ប៉ុណ្ណោះ ហើយប្រាក់នោះផ្ដល់ជាបីដំណាក់កាល ដោយក្នុងមួយដំណាក់កាលប្រគល់ឱ្យសិស្សម្នាក់ ៨ម៉ឺនរៀល។

 
ជុំវិញការផ្ដល់អាហារូបករណ៍ដល់សិស្សនេះ គឺគណៈកម្មាការគ្រប់គ្រងសាលា និងអាជ្ញាធរភូមិ ជាអ្នកសម្រេច ដោយមើលលើស្ថានភាពក្រីក្រ របស់គ្រួសារ ឬសិស្សនោះ។ លោក អ៊ន វណ្ណៈ ពន្យល់ដូច្នេះ៖ « យើងអត់មានជ្រើសរើស តាមខ្សែ តាមពួក តាមបក្សទេ គឺយើងមើលលើស្ថានភាពគ្រួសាររបស់សិស្សមួយៗជាក់ស្ដែង។ សិស្សណាដែលជួបការលំបាកពិតប្រាកដ យើងឱ្យអាហារូបករណ៍ដល់គាត់»។


សកម្មភាពសិស្សសិក្សា នៅសាលាបឋមសិក្សា ស្លែង ស្ថិតក្នុងភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។  
 
សម្រាប់នាយកសាលាបឋកសិក្សា ស្លែង រូបនេះ យល់ឃើញថា ការផ្ដល់អាហារូបករណ៍ដល់សិស្សក្រីក្រនេះ មិនត្រឹមតែជួយសម្រាលបន្ទុក ដល់គ្រួសារសិស្សក្រីក្រនោះទេ ប៉ុន្តែវាបានជំរុញឱ្យសិស្សទាំងនោះខិតខំសិក្សា និងមិនបោះបង់ការសិក្សារបស់ខ្លួនឡើយ។ ក្រោយពីទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលមក លោក អ៊ន វណ្ណៈ អះអាងថា សិស្សទាំងនោះបានបន្តការសិក្សារបស់ពួកគេ រហូតដល់ចប់ថ្នាក់បឋមសិក្សា ដោយពុំមានបោះបង់ការសិក្សានោះឡើយ។ 


 លោក អ៊ន វណ្ណៈ នាយកសាលាបឋមសិក្សា ស្លែង។ 
 
ក្រៅពីយន្តការផ្ដល់អាហារូបករណ៍ ដើម្បីជំរុញការសិក្សាសិស្សនេះ សាលាបឋមសិក្សាមួយនេះ ក៏មានយន្តការចែករង្វាន់បំណាច់ឆ្នាំ ជាសម្ភារសិក្សាផងដែរ ដើម្បីលើកទឹកចិត្តដល់សិស្សឱ្យបន្ត និងខិតខំប្រឹងប្រែងរៀនសូត្រ។ ការផ្ដល់រង្វាន់នេះ សម្រាប់សិស្សដែលមានចំណាត់ថ្នាក់ល្អ និងសម្រាប់សិស្សគ្រប់ថ្នាក់ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៦។ 


 របងសាលាបឋមសិក្សា ស្លែង។
 
សម្រាប់លោក នាយកសាលាបឋមសិក្សារូបនេះ ការផ្ដល់អាហារូបករណ៍សម្រាប់សិស្សក្រីក្រ ក្នុងមូលដ្ឋានខ្លួន គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដ្បិតសិស្សក្នុងតំបន់ជួបការលំបាក និងខ្វះខាតច្រើន ដែលបណ្ដាលឱ្យពួកគេខ្លះបោះបង់ការសិក្សា និងមួយចំនួនក៏មករៀនយឺត ជាដើម។ បញ្ហានេះ ជះឥទ្ធិពលដល់គុណភាពសិក្សារបស់ពួកគេ។ 
 
ទាក់ទងនឹងការផ្ដល់អាហារូបករណ៍នេះ លោក អ៊ន វណ្ណៈ លើកឡើងបន្ថែមដូច្នេះ៖«ខ្ញុំសំណូមពរទៅខាងក្រសួង គឺទី១ ចង់ឱ្យក្រសួងបង្កើនចំនួនសិស្ស ដែលត្រូវទទួលអាហារូបករណ៍ ពីព្រោះសិស្សយើងមាន (ជីវភាព) ខ្វះខាតច្រើន។ ទី២ សូមបង្កើនចំនួនថវិកា! ឱ្យក្រសួងបង្កើនថវិកាឱ្យបានច្រើនជាងនេះ»។ ក្រៅពីសំណូមពរដល់ក្រសួង នាយកសាលារូបនេះក៏ស្នើដល់អង្គការដៃគូនានា និងសប្បុរសជន ក្នុងការទំនុកបម្រុងជាសម្ភារ ថវិកា សម្រាប់ដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាស្លែងនេះ។


 សកម្មភាពសិស្សសិក្សា នៅសាលាបឋមសិក្សា ស្លែង ស្ថិតក្នុងភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 
 
គួរជម្រាបផងដែរថា សាលាបឋមសិក្សា ស្លែង ស្ថិតនៅក្នុងភូមិស្លែង ឃុំក្ដីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ បច្ចុប្បន្នសាលាមួយនេះ ជួបការខ្វះខាតច្រើន ទាំងចំនួនសិស្សតិច ខ្វះគ្រូបង្រៀន ខ្វះថ្នាក់សិក្សា បណ្ណាល័យជាដើម។ គិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ សាលាមួយនេះមានសិស្សសរុបចំនួន ១១០នាក់ ក្នុងនោះស្រីចំនួន៥៣នាក់។ ក្នុងចំណោមសិស្សសរុប ក្នុងនោះសិស្សថ្នាក់ទី១ មានចំនួន ២៧នាក់, ថ្នាក់ទី២ ចំនួន២២នាក់, ថ្នាក់ទី៣ ចំនួន១៩នាក់, ថ្នាក់ទី៤ ចំនួន ១៧នាក់  ថ្នាក់ទី៥ ចំនួន១០នាក់ និង ថ្នាក់ទី៦ចំនួន១៥នាក់។ ដោយសារមានជីវភាពខ្វះ មានសិស្សស្រី ៣នាក់ហើយបានបោះបង់ចោលការសិក្សា នៅក្នុងឆ្នាំសិក្សា២០២១-២០២១នេះ។ លោក អ៊ន វណ្ណៈ នាយកសាលាបឋមសិក្សាស្លែង អះអាងដូច្នេះ៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ  
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

Tag:
 ឃុំក្ដីដូង
  សិស្សអាហារូបករណ៍
  សាលាបឋមសិក្សា ស្លែង
© រក្សាសិទ្ធិដោយ thmeythmey.com