អន្តរជាតិ
ជនជាតិរ៉ូហ៊ីងយ៉ា៥១នាក់ ត្រូវជួយសង្គ្រោះនៅថៃបន្ទាប់ពីរសាត់អណ្ដែតលើសមុទ្រជិត២០ថ្ងៃ
10, Sep 2022 , 11:29 am        
រូបភាព
ជនភាគតិចរ៉ូហ៊ីងយ៉ា ត្រូវបានជួយសង្រ្គោះដោយកងទ័ពថៃ។ រូបថតពីកងទ័ពជើងទឹកថៃ
ជនភាគតិចរ៉ូហ៊ីងយ៉ា ត្រូវបានជួយសង្រ្គោះដោយកងទ័ពថៃ។ រូបថតពីកងទ័ពជើងទឹកថៃ
ជនចំណាកស្រុករ៉ូហ៊ីងយ៉ាចំនួន៥១នាក់ត្រូវអាជ្ញាធរថៃជួយសង្គ្រោះ ក្រោយក្រុមជួញដូរមនុស្សយកទៅទុកចោលនៅលើកោះមួយ បន្ទាប់ពីពីរសាត់អណ្ដែតលើសមុទ្រជាង១៨ថ្ងៃ។ អាជ្ញាធរថៃរាយការណ៍ថា ខ្លះឆ្លងដែនមកពីរដ្ឋ Rakhine និងខ្លះលួចចាកចេញពីជំរំជនភៀសខ្លួននៅបង់ក្លាដែសក្នុងគោលបំណងទៅធ្វើការនៅឥណ្ឌូណេស៊ី។


 
ជនជាតិរ៉ូហ៊ីងយ៉ា សរុប៥១ នាក់ត្រូវអាជ្ញាធរថៃជួយសង្គ្រោះនៅកោះមួយនៅស្រុក Langu។ នេះបើតាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី៩ ខែកញ្ញា។ អាជ្ញាធរថៃក៏បានបញ្ជាក់ថា បុរសជនជាតិរ៉ូហ៊ីងយ៉ា១០នាក់ក្នុងចំណោមជនទាំង៥១នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីត្រូវបានរកឃើញអណ្តែតក្នុងទឹកនៅឆ្នេរសមុទ្រកោះ Bulone នៅថ្ងៃទី៦ ខែកញ្ញា មុនពេលរកឃើញមនុស្ស៤១នាក់ផ្សេងទៀតត្រូវបានគេទុកចោលនៅកោះ Gluay ក្នុងថ្ងៃដដែល។
 
មនុស្ស៤១នាក់បានប្រាប់អាជ្ញាធរថៃថា ពួកគេបានភៀសខ្លួនចេញពីរដ្ឋ Rakhine ក្នុងគោលបំណងទៅធ្វើការនៅឥណ្ឌូណេស៊ី។ ពួកគេម្នា្កក់ៗត្រូវចំណាយប្រាក់ប្រហែល១៣៤,000 បាតដើម្បីការធ្វើដំណើរទៅឥណ្ឌូណេស៊ី។ ក្រុមអ្នកស៊ើបអង្កេតក៏បានបញ្ជាក់ថា ជនជាតិរ៉ូហ៊ីងយ៉ា១០នាក់បានរត់ចេញពីជំរំជនភៀសខ្លួនរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅបង់ក្លាដែស ខណៈដែលអ្នកផ្សេងទៀតបានជិះទូកពីរដ្ឋRakhine។ 
 
បើតាមស្ត្រីជនជាតិរ៉ូហ៊ីងយ៉ាម្នាក់ដែលបានធ្វើដំណើរជាមួយកូនប្រុសនៅលើទូក អ្នកនាំផ្លូវប្រាប់ពួកគេថា ការធ្វើដំណើររបស់ពួកគេពីរដ្ឋ Rakhine ទៅកាន់ប្រទេសឥណ្ឌូណេស៊ីនឹងចំណាយពេលប្រហែលមួយខែ។ ដំបូងឡើយ ពួកគេបានទទួលអាហារពីរពេលក្នុងមួយថ្ងៃ មុនកាត់បន្ថយមកត្រឹមមួយ ហើយបន្ទាប់មកមិនបានអាហារទាំងអស់។
 
បន្ទាប់ពីធ្វើដំណើរអស់រយៈពេល ១៨ ថ្ងៃ ប្រធានក្រុមទូកជនជាតិមីយ៉ាន់ម៉ា និងនាវិក ៧ នាក់បានបង្ខំពួកគេ ទាំង៤១នាក់លោតចេញពីទូកក្បែរកោះដោយអះអាងថាពួកគេបានទៅដល់ទឹកដីឥណ្ឌូណេស៊ី៕
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com