ជាតិ
អត្ថបទពាណិជ្ជកម្ម
សមាគមសហគ្រិនវ័យក្មេងកម្ពុជា ប្រកាសពីការត្រៀមខ្លួនរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ក្នុងនាមជាម្ចាស់ផ្ទះ
10, Sep 2022 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC-វ៉ាយ អ៊ី អេ ស៊ី) បានរៀបចំកិច្ចជំនួបជាមួយសមាជិករបស់ខ្លួនដែលជាម្ចាស់អាជីវកម្ម (CEO GATHERING)​ លើកទី៣ ប្រមាណ១៥០នាក់ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ នៅសាលសន្និសីទ និងពិព័រណ៍ ផ្សារទំនើបអូឡាំព្យា។ ក្នុងជំនួបនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក៏បានប្រកាសជាផ្លូវការពីការត្រៀមខ្លួនរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ក្នុងនាមជាម្ចាស់ផ្ទះដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២​ខាងមុខនេះ។ 
 
ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) គឺជាក្រុមប្រឹក្សាផ្លូវការដែលប្រមូលផ្ដុំទៅដោយសហគ្រិនវ័យក្មេងនៃបណ្ដាប្រទេសសមាជិកអាស៊ាន ហើយបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជាសំឡេងរួមក្នុងដំណើរការបង្កើតគោលនយោបាយផ្សេងៗរបស់អាស៊ាន។ ក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានត្រូវបានស្នើឱ្យង្កើតឡើងដោយ​ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN Business Advisory Council – ABAC) ទៅកាន់មេដឹកនាំអាស៊ានក្នុងឆ្នាំ២០១៥។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមប្រឹក្សាមួយនេះមានបណ្តាញ និងទំនាក់ទំនងល្អជាមួយរាជរដ្ឋាភិបាលដែលគាំទ្រសមាគមសហគ្រិនវ័យក្មេងមកពីរដ្ឋសមាជិកអាស៊ានទាំង១០ប្រទេស។


 
ចាប់តាំងពីឆ្នាំ២០១៦ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានតែងតែត្រូវបានរៀបចំឡើងដោយប្រទេសដែលជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ានជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំ២០២២ ប្រទេសកម្ពុជាជាប្រធានដឹកនាំកិច្ចប្រជុំអាស៊ាន ដោយឡែក សមាគមសហគ្រិនវ័យក្មេងកម្ពុជាមានភារៈកិច្ចទទួល និងដឹកនាំរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន (ASEAN Young Entrepreneurs Council – AYEC) និងមហោស្រពសហគ្រិនវ័យក្មេងអាស៊ាន ខណៈដែលកាលពីពេលកន្លងទៅនេះសមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងនាមជាប្រធានឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ានចំនួន ៣ ដង និងរៀបចំព្រឹត្តិការណ៍សហគ្រិនអាស៊ានដោយជោគជ័យ និងទទួលបានលទ្ធផលល្អបំផុត។


 
លោក ប៉ិច បូឡែន អនុប្រធានប្រតិបត្តិនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២ ដែលមានកម្ពុជាជាប្រធាន និងជាម្ចាស់ផ្ទះ សមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏ទទួលបានសេចក្ដីទុកចិត្ត និងភារកិច្ចក្នុងការដឹកនាំ កិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន និងរៀបចំមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ផងដែរ។​ កិច្ចប្រជុំនិងមហោស្រពនេះនឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសហគ្រិនវ័យក្មេងមកពីបណ្ដាប្រទេសអាស៊ានទាំង៩ផ្សេងទៀតប្រមាណ ៥០០នាក់ ជាពិសេស ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជា រួមជាមួយនឹងថ្នាក់ដឹកនាំពីវិស័យសាធារណៈ និងឯកជនដែលមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងអាស៊ានបូកទៀតផងដែរ។ លោក ប៉ិច បូឡែន ក៏បាន​អំពាវនាវ ដល់សហគ្រិនវ័យក្មេងកម្ពុជាទាំងអស់ អញ្ជើញចូលរួម ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ដ៏អធិកអធមមួយនេះមានភាពអស្ចារ្យ ប្រកបដោយភាពរីកចម្រើនរុងរឿង នឹងដើម្បីមុខមាត់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាយើងទាំងមូល។


 
​មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​​នេះ​ នឹងប្រារព្ធឡើងក្រោមមូលបទ «រីកចម្រើន​កាន់តែខ្លាំង​ទាំង​អស់គ្នា» "RISE STRONGER TOGETHER" ដោយមានគោលបំណងឱ្យម្ចាស់អាជីវកម្មដែលជាសហគ្រិនវ័យក្មេងទាំងអស់ ជម្នះលើផលរំខានដែលបណ្តាលមកពីកូវីដ-១៩ តាមរយៈការធ្វើឌីជីថលូបនីយកម្ម ភាពជាអ្នកដឹកនាំ កិច្ចសហការ និងការចូលរួម ជាពិសេសការចូលរួម​របស់ស្ត្រីក្នុងការដោះស្រាយបញ្ហាប្រឈមធំៗ និងជាពេលដែលសហគ្រិនត្រូវសម្របខ្លួនទៅនឹងបរិបទថ្មី។ មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នឹងប្រារព្ធឡើងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយមាន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ជាប្រធានក្រុមប្រឹក្សាភិបាលសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ជាមួយអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN) ក្រោមភាពជាដៃគូជាមួយក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន-កម្ពុជា (ABAC) ។
 
ដោយឡែកសម្រាប់មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧​​ ដែលនឹងរៀបចំនៅថ្ងៃទី១១-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានរបៀបវារៈសំខាន់ៗមួយចំនួននឹងត្រូវបានលើកយកទៅពិភាក្សាក្នុងកម្មវិធីនេះរួមមាន វឌ្ឍនភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬហៅកាត់ថា RCEP ការវិវត្តវិស័យហិរញ្ញវត្ថុដោយផ្ដោតលើសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) យុទ្ធសាស្ត្រទីផ្សារឌីជីថលក្នុងសម័យបដិវត្តន៍ឧស្សាហកម្ម៤.០។ ជាងនេះទៅទៀតកម្មវិធី មហោស្រពសហគ្រិនវ័យក្មេងនេះ ក៏នឹងទទួលបានការផ្ដល់កិត្តិយសអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពស់ខ្ពស់ពីសំណាក់លោក ហ៊ុន ម៉ាណែត ដែលនឹងមានកម្មវិធីចែកពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមអាស៊ានដោយផ្ទាល់ផងដែរ។
 
តាមរយៈកម្មវិធីមហោស្រពនេះ នឹងជួយពង្រឹង និងពង្រីកវិសាលភាពនៃការធ្វើអាជីវកម្ម និងពាណិជ្ជកម្មរវាងសហគ្រិនវ័យក្មេងកម្ពុជា ជាពិសេសម្ចាស់អាជីវកម្មក្នុងស្រុក ជាមួយសហគ្រិនវ័យក្មេងក្នុងតំបន់អាស៊ាន។​ មិនត្រឹមតែប៉ុណ្ណោះ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ បណ្ដាសមាជិកអាស៊ានរួមទាំងកម្ពុជានឹងអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចដោយបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសអូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងសាធារណរដ្ឋកូរ៉េបន្ថែ​មទៀត។ ទន្ទឹមនឹងនេះ សហគ្រិនវ័យក្មេងកម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមចែករំលែកនូវបទពិសោធ ចំណេះដឹង និងពង្រីកវិសាលភាពនៃបណ្ដាញធុរកិច្ចឱ្យកាន់តែទូលំទូលាយបន្ថែមទៀតជាមួយសហគ្រិនវ័យក្មេងអាស៊ានគ្រប់ប្រទេស និងសហគ្រិនអន្តរជាតិដទៃទៀតដែលនឹងអញ្ជើញមកចូលរួម មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ នៅខែវិច្ឆិកាខាងមុខនេះ។
 
កន្លងមក AYEC បានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមផ្ដល់ជាអនុសាសន៍ដើម្បីជាទិសដៅគោលនយោបាយអាស៊ាន និងដើម្បីផលប្រយោជន៍សហគ្រិនវ័យក្មេងអាស៊ាន ក៏ដូចជាចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចអាស៊ានទាំងមូលកាន់តែល្អប្រសើឡើង។ ក្នុងនាមម្ចាស់ផ្ទះ និងជាអ្នកដឹកនាំរៀបចំកម្មវិធីមហោស្រពសហគ្រិនវ័យក្មេងអាស៊ានដ៏អស្ចារ្យនេះ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការគោរពអញ្ជើញសហគ្រិនវ័យក្មេងកម្ពុជាដ៏មានសក្ដានុពលទាំងអស់មកចូលរួមធ្វើឱ្យព្រឹត្តិការណ៍ដ៏អធិកអធមមួយនេះកាន់តែមានភាពអស្ចារ្យប្រកបដោយភាពរីកចម្រើនរុងរឿង នឹងដើម្បីមុខមាត់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទាំងមូលផងដែរ៕ 
(អត្ថបទពាណិជ្ជកម្ម) 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com