អន្តរជាតិ
ព្រះជីវប្រវត្តិនិងកេរដំណែលរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេស
10, Sep 2022 , 3:59 pm        
រូបភាព
មហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
មហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩
ដោយ: VOA
ព្រះមហាក្សត្រិយានី Elizabeth ទី ២  ដែលមានព្រះនាមពេញថា Elizabeth Alexandra Mary Windsor ដែលបានសោយរាជ្យយូរជាងគេបង្អស់នៅចក្រភពអង់គ្លេស បានសោយទិវង្គតក្នុងព្រះជន្ម ៩៦ ព្រះវស្សា។


 
មហាក្សត្រិយានី Elizabeth ដែលមិនទំនងថា នឹងក្លាយជាព្រះមហាក្សត្រិយានីទាល់តែសោះនោះ បានគ្រងរាជ្យសម្បត្តិរយៈពេល ៧០ ឆ្នាំ បន្ទាប់ពីព្រះបិតារបស់ទ្រង់ គឺព្រះមហាក្សត្រ George ទី ៦ បានសោយទិវង្គតនៅឆ្នាំ ១៩៥២។ ស្រដៀងគ្នាដែរ ព្រះបិតារបស់ព្រះមហាក្សត្រិយានី Elizabeth បានឡើងគ្រងរាជ្យដោយសារតែព្រះរាមរបស់ទ្រង់គឺព្រះមហាក្សត្រ Edward ទី ៨ បានដាក់រាជនៅឆ្នាំ ១៩៣៦។ 


 
ព្រះមហាក្សត្រិយានី Elizabeth ទី ២ បានសោយរាជ្យអំឡុងពេលនៃការដឹកនាំរបស់នាយករដ្ឋមន្ត្រីចំនួន ១៥ រូបរបស់ចក្រភពអង់គ្លេស ដោយនាយករដ្ឋមន្ត្រីដំបូងគេគឺលោក Winston Churchill។ ព្រះមហាក្សត្រិយានីបានធ្វើជាប្រមុខរដ្ឋរបស់ចក្រភពអង់គ្លេសទាំងក្នុងរាជរដ្ឋាភិបាលនៃគណបក្ស Labor និងរាជរដ្ឋាភិបាលនៃគណបក្ស Conservative ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវប្រពៃណីរបស់រាជវង្សដែលរក្សាអព្យាក្រឹតភាពលើបញ្ហានយោបាយ។


 
ព្រះមហាក្សត្រិយានីបានជួយដឹកនាំប្រជាជាតិរបស់ទ្រង់ក្នុងអំឡុងពេលក្រោយសង្គ្រាមលោកលើកទី ២ ពេលមានសង្គ្រាមត្រជាក់ ពេលសេដ្ឋកិច្ចថ្កុំថ្កើននិងធ្លាក់ចុះ ពេលមានសង្គ្រាមនៅប្រទេសអៀរឡង់ខាងជើង ពេលមានការបង្កើតសហភាពអឺរ៉ុប និងពេលចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
 
ព្រះមហាក្សត្រិយានីបានទទួលការកោតសរសើរចំពោះការតាំងព្រះទ័យក្នុងការងារ ក្នុងព្រះរាជនាម ជាមហាក្សត្រិយានីរបស់ចក្រភពអង់គ្លេស។ ពលរដ្ឋអង់គ្លេសជាច្រើននាក់បានចាត់ទុកព្រះមហាក្សត្រិយានី Elizabeth ថាជាសសរស្តម្ភនៃកម្លាំងរបស់ប្រទេសជាតិ ក្នុងអំឡុងពេលដែលចក្រភពអង់គ្លេសបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនបន្តិចម្តងៗពីមហាអំណាចពិភពលោក។


កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៥ ព្រះមហាក្សត្រិយានី Elizabeth បានក្លាយជាមហាក្សត្រដែលបានសោយរាជ្យយូរជាងគេបង្អស់របស់ចក្រភពអង់គ្លេស។ ក្នុងឱកាសនោះ ព្រះមហាក្សត្រិយានីបានបំពេញព្រះរាជកាតព្វកិច្ចប្រចាំថ្ងៃរបស់ទ្រង់យ៉ាងខ្ជាប់ខ្ជួន ដែលរួមមានការបើកសម្ពោធផ្លូវរថភ្លើងថ្មីមួយនៅប្រទេសស្កុតលែន ដោយកម្រមានបន្ទូលអំពីលក្ខណៈពិសេសខុសគេរបស់ទ្រង់។


 
ព្រះមហាក្សត្រិយានីបានមានព្រះបន្ទូលនៅក្នុងពិធីសម្ពោធនោះថា៖ «ចៀសមិនផុតទេ ជីវិតដ៏វែងឆ្លាយតែងតែឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗជាច្រើន។ ហើយជីវិតរបស់ខ្ញុំក៏ដូចគ្នាដែរ»។
 
ពេលឡើងគ្រងរាជ្យសម្បត្តិជារាជវង្សវ័យក្មេងមួយអង្គ ព្រះនាង Elizabeth បានស្ថិតក្នុងបញ្ជីព្រះរាជទាយាទដែលនឹងឡើងស្នងរាជ្យ នៅពេលដែលព្រះបិតុលារបស់ទ្រង់គឺព្រះអង្គ Edward ទី ៨ បានដាក់រាជនៅឆ្នាំ ១៩៣៦ ដើម្បីបានរៀបអភិសេកជាមួយស្ត្រីមេមាយជនជាតិអាមេរិកាំងមួយរូប។


 
ព្រះបិតារបស់ទ្រង់គឺព្រះអង្គ George ទី ៦ បានឡើងស្នងរាជ្យធ្វើជាប្រមុខរដ្ឋ ហើយបានដឹកនាំរាជវង្សនេះចាប់ពីឆ្នាំ ១៩៣៦ រហូតដល់ឆ្នាំ១៩៥២ គ្រាដែលទ្រង់បានសោយទិវង្គត។
ព្រះនាងម្ចាស់ Elizabeth បានយាងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកេនយ៉ា នៅពេលដែលព្រះបិតារបស់ទ្រង់បានសោយទិវង្គត។ ក្នុងពេលនោះ ទ្រង់មានព្រះជន្មទើបតែ ២៥ ព្រះវស្សាប៉ុណ្ណោះ ហើយទ្រង់ទើបតែបានរៀបអភិសេកបានបួនឆ្នាំប៉ុណ្ណោះ ជាមួយមេបញ្ជាការកងទ័ពជើងទឹកទ្រង់ Philip Mountbatten ដែលជាព្រះអង្គម្ចាស់ប្រទេសក្រិក នៅពេលព្រះនាងមានព្រះជន្ម ២១ ព្រះវស្សា។
 
ព្រះមហាក្សត្រិយានី Elizabeth  និងព្រះអង្គម្ចាស់  Philip មានបុត្រជាមួយគ្នាចំនួន ៤ អង្គ គឺព្រះអង្គម្ចាស់ Charles ដែលប្រសូតិនៅឆ្នាំ១៩៤៨ ព្រះនាងម្ចាស់ Anne ដែលប្រសូតិនៅឆ្នាំ ១៩៥០ ព្រះអង្គម្ចាស់ Andrew ប្រសូតិនៅឆ្នាំ ១៩៦០ និងព្រះអង្គម្ចាស់ Edward ដែលប្រសូតិនៅឆ្នាំ ១៩៦៤។


មួយឆ្នាំក្រោយពីព្រះបិតារបស់ទ្រង់បានសោយទិវង្គត ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះមហាក្សត្រយានី  Elizabeth ត្រូវបានប្រារព្ធធ្វើឡើងនៅឆ្នាំ ១៩៥៣ នៅព្រះវិហារគ្រិស្ត Westminster Abbey ក្នុងរាជធានីឡុងដ៍ ដែលជាពិធីឡើងគ្រងរាជ្យសម្បត្តិផ្សាយតាមទូរទស្សន៍ដំបូងគេបង្អស់ទៅកាន់ពិភពលោក។ ពលរដ្ឋចក្រភពអង់គ្លេសប្រមាណ ២០ លាននាក់ បានទស្សនាពិធីឡើងគ្រងរាជ្យសម្បត្តិនេះតាមទូរទស្សន៍ ហើយមនុស្សរាប់លាននាក់ទៀតបានទស្សនានៅក្រៅប្រទេស។ នេះបើយោងតាមបណ្តាញផ្សព្វផ្សាយ BBC ដែលបានផ្សាយពិធីនោះ។
 
ជោគជ័យក្រុមអ្នកគាំទ្ររបស់ព្រះមហាក្សត្រិយានី លើកឡើងថា ព្រះអង្គបានបំពេញតួនាទីដ៏សំខាន់នៅក្នុងការជួយស្រោចស្រង់ព្រះរាជវង្សចក្រភពអង់គ្លេស នៅពេលដែលប្រទេសជាច្រើននៅជំុវិញពិភពលោកបានបោះបង់ចោលរាជាធិបតេយ្យ។
 
ព្រះមហាក្សត្រិយានីត្រូវបានកោតសរសើរចំពោះការគិតគូរពីផលប្រយោជន៍ទូទៅរបស់ប្រជារាស្ត្រ និងការប្តេជ្ញាចិត្តដ៏មុតមាំរបស់ទ្រង់ក្នុងនាមជាព្រះមហាក្សត្រិយានី។ នៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើន ព្រះមហាក្សត្រិយានីបានក្លាយជានិម្មិតរូបនៃចក្រភពអង់គ្លេស។ តាមរយៈតំណាងឲ្យប្រជាជាតិអង់គ្លេសនៅក្នុងព្រឹត្តិការណ៍ជាច្រើនរាប់មិនអស់ ព្រះមហាក្សត្រិយានីបានទទួលការសរសើរស្ញប់ស្ញែងពីប្រជារាស្ត្រភាគច្រើននៅចក្រភពអង់គ្លេស ហើយទ្រង់ក៏មានប្រជាប្រិយភាពខ្លាំងនៅក្រៅប្រទេសផងដែរ។ មហាក្សត្រិយានីបានក្លាយជាបុគ្គលម្នាក់នៃបុគ្គលដែលមានការទទួលស្គាល់បំផុតលើពិភពលោក។
 
នៅឆ្នាំ ២០២០ កាសែត Express របស់ចក្រភពអង់គ្លេសបានរាយការណ៍ថា ព្រះមហាក្សត្រិយានីបានយាងធ្វើដំណើរចម្ងាយជាង ១ លាន ៦ សែនគីឡូម៉ែត្រ ដោយបានចាត់ទុកទ្រង់ជា «ប្រមុខរដ្ឋដែលបានធ្វើដំណើរច្រើនជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ»។ សេចក្តីរាយការណ៍នេះបានលើកឡើងថា មហាក្សត្រិយានីបានយាងទៅកាន់ប្រទេសចំនួន ១១០ ក្នុងនោះដំណើរទស្សនកិច្ចដ៏យូរជាងគេបង្អស់របស់ទ្រង់ គឺទៅប្រជាជាតិនៃ Commonwealth ក្នុងចម្ងាយប្រមាណ ៧ ម៉ឺនគីឡូម៉ែត្រ នៅឆ្នាំ ១៩៥៣។
 
នៅឆ្នាំ ២០០២ ព្រះមហាក្សត្រិយានីបានយាងធ្វើដំណើរក្នុងចម្ងាយជាង ៦ ម៉ឺន ៤ ពាន់គីឡូម៉ែត្រ ដើម្បីអបអរសាទរខួប ៥០ ព្រះវស្សានៃការគ្រងរាជ្យរបស់ទ្រង់ ដោយបានយាងទៅតំបន់ឆូងសមុទ្រការ៉ាអ៊ីប(Caribbean) ប្រទេសអូស្ត្រាលី នូវែលសេឡង់ និងកាណាដា ក្នុងនោះរួមមានតំបន់ប្រជុំជននិងទីក្រុងតូចៗចំនួន ៧០ នៅក្នុងប្រទេសអង់គ្លេស ស្កុតលែន វេលស៍ និងអៀរឡង់ខាងជើងផងដែរ។
 
ដំណើរទស្សនកិច្ចខ្លះរបស់មហាក្សត្រិយានី ក៏សម្រេចបានសមិទ្ធផលការទូតសម្រាប់ចក្រភពអង់គ្លេសផងដែរ ក្នុងនោះរួមមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាល្លឺម៉ង់ខាងលិច នៅឆ្នាំ ១៩៦៥ ដែលជាដំណើរទស្សនកិច្ចលើកដំបូងបង្អស់របស់ព្រះរាជវង្សអង់គ្លេស ទៅអាល្លឺម៉ង់ ចាប់តាំងពីឆ្នាំ ១៩១៣ មក។ ដំណើរទស្សនកិច្ចនោះជាខួប ២០ ឆ្នាំក្រោយការបញ្ចប់សង្គ្រាមលោកលើកទី ២។
 
នៅឆ្នាំ ១៩៨៦ ព្រះមហាក្សត្រិយានីបានក្លាយជាមហាក្សត្រចក្រភពអង់គ្លេសដំបូងគេបង្អស់ ដែលបានយាងទស្សនកិច្ចប្រទេសចិនដីគោក ហើយ ២៥ ឆ្នាំក្រោយមក ទ្រង់បានក្លាយជាព្រះមហាក្សត្រអង់គ្លេសដំបូងគេបង្អស់ ដែលបានយាងទៅសាធារណរដ្ឋអៀរឡង់ ក្នុងរយៈពេល ១០០ ឆ្នាំ។
 
ព្រះមហាក្សត្រិយានី Elizabeth បានទទួលការកោតសរសើរចំពោះព្រះរាជបន្ទូលនៅប្រទេសអៀរឡង់ នៅឆ្នាំ ២០១១។ ទ្រង់បានមានព្រះសុវណ្ណីថា ដំណើរទស្សនកិច្ចរបស់ទ្រង់ «ក្រើនរំឭកយើងទាំងអស់គ្នាអំពីភាពស្មុគស្មាញនៃប្រវត្តិសាស្ត្ររបស់យើង បែបបទនិងប្រពៃណីជាច្រើន ហើយក៏ក្រើនរំឭកយើងផងដែរអំពីសារៈសំខាន់នៃភាពអត់ធ្មត់ និងការផ្សះផ្សា ដែលមានភាពបត់បែនគោរពអតីតកាល តែមិនធ្លាក់ក្នុងអន្លង់នៃអតីតកាលនោះទេ»។
 
ព្រះមហាក្សត្រិយានីជាអ្នកធ្វើបូជនីយកិច្ចដល់មណ្ឌលមនុស្សធម៌ជាង ៥០០ នៅទូទាំងចក្រភពអង់គ្លេស។ របាយការណ៍របស់មូលនិធិជំនួយមនុស្សធម៌ (Charities Aid Foundation) ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១២ នៅពេលប្រារព្ធខួប ៦០ ព្រះវស្សានៃការសោយរាជ្យរបស់ទ្រង់នោះ បានឲ្យដឹងថា ព្រះមហាក្សត្រិយានី Elizabeth បានជួយអង្គការមនុស្សធម៌ទាំងអស់នោះ ដោយរៃអង្គាសប្រាក់បានជិត ២ ពាន់លានដុល្លារអាមេរិក។
 
កិច្ចការលំបាកនានាទោះជាបានក្លាយជាប្រធានបទរបស់សៀវភៅ ភាពយន្ត និងរឿងភាគតាមទូរទស្សន៍ជាច្រើនរាប់មិនអស់ក្តី ក៏ព្រះមហាក្សត្រិយានី Elizabeth នៅតែរក្សាអាថ៌កំបាំងជាច្រើនរបស់ទ្រង់។ មហាក្សត្រិយានីជាមនុស្សឯកជនភាពនិយមខ្លាំង និងមិនមានសុវណ្ណីផ្តេសផ្តាស។
 
ព្រះមហាក្សត្រិយានីបានសព្វព្រះរាជហឫទ័យនឹងការប្រណាំងសេះ សម្លៀកបំពាក់ពណ៌ភ្លឺ និងសុនខពូជ Corgis។ ក៏ប៉ុន្តែ មហាក្សត្រិយានីមិនបញ្ចេញមតិរបស់ទ្រង់ជាសាធារណៈនោះទេ។
ព្រះមហាក្សត្រិយានីទំនងជាត្រូវបានសាធារណជនតាមពិនិត្យពិច័យច្រើន ក្នុងអំឡុងពេលមានការលំបាកនានា ពេលទ្រង់គ្រងរាជ្យសម្បត្តិ។ បញ្ហាភាគច្រើនពាក់ព័ន្ធនឹងគ្រួសាររាជវង្សរបស់ទ្រង់ផ្ទាល់។
 
នៅឆ្នាំ ១៩៩២ ក្នុងសុន្ទរកថានាខួប ៤០ ព្រះវស្សានៃការស្នងរាជ្យរបស់ទ្រង មហាក្សត្រិយានីបានមានព្រះសុវណ្ណីថា ឆ្នាំនោះ «បានក្លាយជាឆ្នាំដ៏អាក្រក់» បន្ទាប់ពីព្រះរាជបុត្រាបុត្រីបីអង្គរបស់ទ្រង់បានប្រកាសបែកបាក់ឬលែងលះគ្នាក្នុងនោះ គឺព្រះអង្គម្ចាស់ Charles ព្រះអង្គម្ចាស់ Andrew និងព្រះនាង Anne។ ជីវិតអភិសេកដ៏ស្មុគស្មាញរបស់ព្រះអង្គម្ចាស់ Charles ជាមួយព្រះនាង Dianna បានក្លាយជាប្រភពនៃភាពតានតឹងសម្រាប់គ្រួសាររាជវង្ស ដោយសាធារណជនជារឿយៗមានភាពសណ្តោសប្រណីច្រើនជាងសម្រាប់អ្នកម្នាងDiana។
 
បន្ទាប់ពីអ្នកម្នាង Diana បានសោយទិវង្គតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ ១៩៩៧ ព្រះមហាក្សត្រិយានីបានរងការរិះគន់ថា មិនបានមានសុវណ្ណីភ្លាមៗទៅកាន់សាធារណជន ឬមិនយាងត្រឡប់ពីការសម្រាកព្រះកាយនៅព្រះរាជដំណាក់ Balmoral ក្នុងប្រទេសស្កុតលែន ទៅព្រះបរមរាជវាំងវិញឱ្យបានឆាប់។ បន្ទាប់ពីអ្នកម្នាង Diana បានសោយទិវង្គតប្រាំថ្ងៃ ទើបព្រះមហាក្សត្រិយានីបានបង្ហាញព្រះភ័ក្ត្រតាមការចង់បានរបស់សាធារណជន ហើយបានយាងទៅព្រះបរមរាជវាំងវិញ ដើម្បីថ្លែងព្រះរាជសុន្ទរកថាផ្ទាល់ទៅកាន់ប្រជារាស្ត្រ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់អ្នកម្នាង Diana។
 
ព្រះមហាក្សត្រិយានី Elizabeth បានមានព្រះរាជសុវណ្ណីថា៖ «អ្នកម្នាង Dianaជាបុគ្គលដ៏ឆ្នើមនិងដ៏ប្រពៃថ្លៃថ្លាមួយរូប។ ទាំងក្នុងពេលសប្បាយនិងពេលលំបាក អ្នកម្នាងមិនដែលបោះបង់ចោលសមត្ថភាពរបស់អ្នកម្នាង ផ្តល់ស្នាមញញឹមនិងសំណើច និងការលើកទឹកចិត្តដល់អ្នកដទៃ តាមរយៈភាពកក់ក្តៅនិងទឹកចិត្តដ៏ល្អប្រពៃចំពោះអ្នកដទៃឡើយ»។
 
នៅឆ្នាំ ២០១៩ ព្រះរាជបុត្រទី ២ អង្គរបស់មហាក្សត្រិយានីគឺព្រះអង្គម្ចាស់ Andrew  បានលះបង់តួនាទីក្នុងរាជវង្ស ដោយសារតែព្រះអង្គមានជាប់ពាក់ព័ន្ធនឹងលោក Jeffrey Epstein ដែលជាជនល្មើសអាមេរិកប្រព្រឹត្តអំពើផ្លូវភេទជាមួយកុមារ ហើយដែលបានស្លាប់នៅក្នុងពន្ធនាគារនៅញូវយ៉ក នៅឆ្នាំ ២០១៩ នោះ។
 
ស្ត្រីជនជាតិអាមេរិកាំងម្នាក់បានចោទប្រកាន់ព្រះអង្គម្ចាស់ Andrew ថា បានប្រព្រឹត្តអំពើបំពារបំពានផ្លូវភេទនៅគេហដ្ឋានរបស់លោក Epstein។ ព្រះអង្គម្ចាស់ Andrew បានច្រានចោលការចោទប្រកាន់នេះ។
 
ហើយក្រោយមកទៀត ព្រះរាជនត្តារបស់មហាក្សត្រិយានីគឺព្រះអង្គម្ចាស់ Harry និងព្រះនាង Megan ក៏បានចាកចេញពីតួនាទីក្នុងគ្រួសាររាជវង្សផងដែរ ដោយសារតែភាពតានតឹងពាក់ព័ន្ធនឹងការបំពេញតួនាទីរាជវង្សរបស់ទ្រង់ទាំងពីរ។ ព្រះអង្គម្ចាស់និងព្រះនាងបានយាងមករស់នៅសហរដ្ឋអាមេរិក ហើយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍នៅឆ្នាំ ២០២១ ព្រះអង្គនិងព្រះនាងបានចោទប្រកាន់សមាជិកក្នុងគ្រួសាររាជវង្សដោយមិនបញ្ជាក់ព្រះនាម (ប៉ុន្តែមិនមែនព្រះមហាក្សត្រិយានីទេ) ពីការរើសអើសជាតិសាសន៍ទៅលើព្រះនាង Megan ដែលមានជាតិសាសន៍ចម្រុះ។
 
ព្រះមហាក្សត្រិយានី Elizabeth បានឆ្លើយតបតាមរយៈសេចក្តីថ្លែងការណ៍មួយថា  ការចោទប្រកាន់នោះ «នឹងត្រូវបានពិនិត្យមើលឲ្យបានដិតដល់ ហើយនឹងដោះស្រាយជាលក្ខណៈគ្រួសារឯកជន»។
 
ព្រះមហាក្សត្រិយានីបានទទួលភាពសណ្តោសប្រណី បន្ទាប់ពីព្រះស្វាមីរបស់ទ្រង់គឺព្រះអង្គម្ចាស់  Philip  បានសោយទិវង្គតកាលពីខែមេសា ឆ្នាំ ២០២១ ប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ មុនពេលទ្រង់មានព្រះជន្ម ១០០ ព្រះវស្សា។
 
ក្នុងជីវិតអភិសេករយៈពេល ៧៣ ឆ្នាំ នេះ ព្រះអង្គម្ចាស់ Philip ជារឿយៗនៅក្បែរព្រះមហាក្សត្រិយានី ឬទ្រង់ទាំងពីរតែងបង្ហាញព្រះរាជវត្តមាននៅក្នុងព្រឹត្តិការណ៍ផ្លូវការតាមពិធីការនៃព្រះរាជវង្ស។
 
បន្ទាប់ពីព្រះអង្គម្ចាស់  Philip បានសោយទិវង្គត ព្រះមហាក្សត្រិយានី Elizabeth បានមានសុវណ្ណី ថា ទ្រង់ជា«កម្លាំងចិត្ត ហើយបាននៅក្បែរទ្រង់»ជានិច្ចក្នុងអំឡុងពេលនៃជីវិតអភិសេក និងគ្រងរាជ្យជាមហាក្សត្រិយានី៕
 
ប្រែសម្រួលដោយ ទែន សុខស្រីនិត
 

© រក្សាសិទ្ធិដោយ thmeythmey.com