អន្តរជាតិ
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ទៅទីក្រុងកៀវដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន
10, Sep 2022 , 4:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Annalena Baerbock ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Annalena Baerbock ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Annalena Baerbock ទៅដល់អ៊ុយក្រែននៅថ្ងៃទី១០ ខែកញ្ញា ក្នុងដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ ដែលលោកស្រីអះអាងថា ជាការបង្ហាញការគាំទ្រឥតងាករេរបស់ទីក្រុងបែរឡាំងចំពោះទីក្រុងកៀវដែលកំពុងប្រយុទ្ធទល់កងកម្លាំងរុស្ស៊ី។

 
ទៅដល់រដ្ឋធានីកៀវ ជាលើកទី២ លោកស្រី Annalena Baerbock ប្រមុខការទូតអាល្លឺម៉ង់ បានបញ្ជាក់ជាថ្មីការគាំទ្ររបស់អាល្លឺម៉ង់ ដែលមិនបោះបង់អ៊ុយក្រែនឡើយ។ បើតាមសេចក្ដីថ្លែងការណ៍ចេញថ្ងៃទី១០ ខែកញ្ញា លោកស្រី Baerbock លើកឡើងថា​ ស្របពេលបន្តឈរជាមួយអ៊ុយក្រែន អាល្លឺម៉ង់ នឹងនៅតែផ្ដល់សព្វាវុធ ជំនួយមនុស្សធម៌ និងការគាំទ្រផ្នែកហិរញ្ញវត្ថុថែមទៀត។
 
ទស្សនកិច្ចរបស់ប្រមុខការទូតអាល្លឺម៉ង់ ធ្វើឡើង២សប្ដាហ៍ក្រោយទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន Denys Shmygal នៅទីក្រុងបែរឡាំង។ លោក Shmygal ទទូចឱ្យរដ្ឋាភិបាលអាល្លឺម៉ង់ផ្ដល់ជំនួយអាវុធបន្ថែមទៀត។
 
ប៉ុន្មានសប្ដាហ៍ចុងក្រោយ អាល្លឺម៉ង់ បានដឹកសព្វាវុធជាច្រើនទៅអ៊ុយក្រែនដែលមានទាំងកាំភ្លើងធុន howitzer, ប្រព័ន្ធបាញ់រ៉ុក្កែត និងមីស៊ីលប្រឆាំងយន្តហោះចម្បាំងជាដើម។ សព្វាវុធធុនធ្ងន់ដូចជាប្រព័ន្ធប្រឆាំងយន្តហោះចម្បាំង, រ៉ុក្កែតបាញ់ចេញពីឡាន និងអាវុធប្រឆាំងដ្រូនជាដើម នឹងត្រូវដឹកទៅកាន់អ៊ុយក្រែននៅសប្ដាហ៍ខាងមុខក្នុងជំនួយទំហំ៥០០លានអឺរ៉ូ។
 
លើសពីនោះ អាល្លឺម៉ង់ និងហូឡង់ ក៏ជួយហ្វឹកហាតកងទ័ពអ៊ុយក្រែនពីរបៀបដោះមីនផងដែរ៕
 
 
 

Tag:
 អាល្លឺម៉ង់
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com