អន្តរជាតិ
រុស្ស៊ីចល័តទ័ពនៅភាគខាងកើតអ៊ុយក្រែន ខណៈក្រុងកៀវដណ្ដើមបានទីក្រុងមួយចំនួនវិញ
11, Sep 2022 , 12:29 pm        
រូបភាព
កងទ័ពអ៊ុយក្រែនធ្វើដំណើរនៅតំបន់ Kharkiv នៅភាគខាងកើតប្រទេស។ រូបថត AFP
កងទ័ពអ៊ុយក្រែនធ្វើដំណើរនៅតំបន់ Kharkiv នៅភាគខាងកើតប្រទេស។ រូបថត AFP
ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី១០ ខែកញ្ញា បានប្រកាសពីការកែសម្រួលកងទ័ពនៅភាគខាងកើតអ៊ុយក្រែន ដោយដកទ័ពចេញពីផ្នែកខ្លះទៅពង្រាយនៅខ្សែត្រៀមឯតំបន់ដូណេត្សវិញ។ អ៊ុយក្រែនឯណោះ ក៏ប្រកាសពីការវាយដណ្ដើមបានទីក្រុងជាច្រើនមកគ្រប់គ្រងបន្តបន្ទាប់។

 
អ៊ុយក្រែន ហាក់មានប្រៀបជាងរុស្ស៊ីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីចូលកាន់កាប់បន្តបន្ទាប់ទីក្រុងដែលបាត់បង់ក្នុង​ប្រតិបត្តិការវាយបក ខណៈដែលយោធារុស្ស៊ីដកទ័ពពីតំបន់ Kharkiv ដែលនៅភាគខាងកើតអ៊ុយក្រែន។ ក្នុងសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១០ ខែកញ្ញា កងទ័ពរុស្ស៊ីនៅតំបន់ Balakliya និង Izyum ត្រូវបានប្រមូលផ្ដុំជាថ្មី ទៅចូលរួមក្នុងយុទ្ធនាការនៅតាមបណ្ដោយខ្សែត្រៀមនៅតំបន់ដូណេត្សនៅភាគខាងកើតអ៊ុយក្រែន។ 
 
យោធាអ៊ុយក្រែន ដែលកំពុងវាយបកលើកងទ័ពរុស្ស៊ី ក៏បានសម្រុកដល់ទីក្រុង Lysychansk ដែលរុស្ស៊ីចូលគ្រប់គ្រងកាលពីខែកក្កដា បន្ទាប់ពីដណ្ដើមបានមកវិញទីក្រុង Kupiansk ដែលនៅភាគខាងកើតដូចគ្នា។​ ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងសុន្ទរកថាយប់ថ្ងៃទី១០ ខែកញ្ញា អះអាងថា​  កងទ័ពអ៊ុយក្រែនក៏រំដោះទីក្រុង Vasylenkovo និង Artemivka នៃតំបន់ Kharkiv ដែរ។
 
«គ្មានកន្លែងសម្រាប់ពួកឈ្លានពាននៅអ៊ុយក្រែនឡើយ។ វានឹងមិនមានរហូត។» លោក ហ្សេលេនស្គី អះអាងបែបនេះ។
 
ការប្រកាសដកទ័ពពីសំណាក់រុស្ស៊ី ព្រមគ្នានឹងការប្រកាសរបស់អ៊ុយក្រែនក្នុងការដណ្ដើមបានទីក្រុងមកវិញ ត្រូវមើលឃើញថា ជាការប្រែប្រួលដ៏ធំក្នុងសមរភូមិដែលកន្លងមកស្ថិតក្រោមការរុលទៅមុខរបស់យោធារុស្ស៊ី។ ការដណ្ដើមបានទីក្រុងសំខាន់ៗដូចជា Kupiansk និង Izyum ដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់ ទំនងជាធ្វើឱ្យកងទ័ពរុស្ស៊ីពិបាកគ្រប់គ្រងតំបន់ភាគខាងកើត ស្របពេលយោធាអ៊ុយក្រែនដែលកំពុងមានទឹកមាត់លេប បន្តប្រតិបត្តិការវាយបណ្ដេញថែមទៀតនោះ៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com