អន្តរជាតិ
លោក ​Kim Jong Un៖​ យើង​នឹង​មិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​យើង​ឡើយ​
11, Sep 2022 , 2:59 pm        
រូបភាព
ពលរដ្ឋមើលកម្មវិធីព័ត៌មានដែលបង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅតាមទូរទស្សន៍នៅស្ថានីយរថភ្លើងមួយកន្លែងក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៩ ខែកញ្ញា
ពលរដ្ឋមើលកម្មវិធីព័ត៌មានដែលបង្ហាញពីមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នៅតាមទូរទស្សន៍នៅស្ថានីយរថភ្លើងមួយកន្លែងក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី៩ ខែកញ្ញា
ដោយ: VOA
ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង- មេ​ដឹកនាំ​កូរ៉េ​ខាងជើង ​លោក Kim Jong Un (គីម ជុងអ៊ុន) ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​ប្តេជ្ញា​ថា​ ប្រទេស​របស់​លោក​នឹង​មិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​ឬ​ប្រើប្រាស់​វា​ជា​ឧបករណ៍​ក្នុង​ការ​ចរចា​ឡើយ​ ហើយ​នេះ​ជា​សញ្ញា​ចុងក្រោយ​បង្អស់​នៃ​ជំហរ​រឹងរូស​របស់​លោក​ចំពោះ​សហ​រដ្ឋ​អាមេរិក ​និង​សម្ព័ន្ធ​មិត្ត។

 
សភា​ប្រជាជន​ជាន់ខ្ពស់ ដែល​ជាស្ថាប័ន​នីតិប្បញ្ញត្តិ​កំពូល​របស់​ប្រទេស​កូរ៉េ​ខាងជើង​ នៅ​ដើម​សប្តាហ៍​នេះ ​បាន​អនុម័ត​ច្បាប់​មួយ​ ដោយ​បញ្ជាក់​បន្ថែម​ទៀត​នូវជំហរ​អំពី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។​ នេះ​បើតាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​ KCNA ​ដែល​បាន​រាយ​ការណ៍​កាល​ពី​ថ្ងៃ​សុក្រ។​
 
លោក​ Kim Jong Un ​បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ កូរ៉េ​ខាងជើង​នឹង​មិន​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ឡើយ ​ហើយ​គ្មាន​ការ​រំសាយ​នុយក្លេអ៊ែរ​ជា​ដាច់ខាត ​គ្មាន​ការ​ចរចា​ និង​គ្មាន​ការ​ត​ថ្លៃ​សម្រាប់​ជា​ការ​ដោះដូរ​នោះ​ឡើយ។​ នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាងជើង។ ​លោក Kim Jong Un​ បាន​ចោទ​ប្រកាន់​សហ​រដ្ឋ​អាមេរិក​ថា ​បាន​ព្យាយាម​ផ្តួលរំលំ​រដ្ឋាភិបាល​របស់​លោក​ ដោយ​ដាក់​សម្ពាធ​ឱ្យ​លះបង់​អាវុធ​នុយក្លេអ៊ែរ​ ​ប៉ុន្តែ​បាន​និយាយ​ថា ​គោល​នយោបាយ​នោះ​នឹង​ត្រូវ​បរាជ័យ។​
 
ប្រទេស​កូរ៉េ​ខាងជើង​បាន​ដើរ​ចេញ​ពី​កិច្ច​ចរចា​នុយក្លេអ៊ែរ​ជាមួយ​សហ​រដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ ​២០១៩។​ ចាប់​តាំង​ពីពេល​នោះ​មក​ កូរ៉េខាង​ជើង​បាន​បន្ត​ការ​បាញ់​សាកល្បង​មីស៊ីល​ ដោយ​បាន​បង្កើត​កំណត់ត្រា​ការ​បាញ់​សាកល្បង​ច្រើន​បំផុត​ក្នុង​ឆ្នាំ​នេះ។ ​មន្ត្រី​អាមេរិក​ក៏​និយាយ​ដែរ​ថា ​កូរ៉េ​ខាងជើង​ក៏​បាន​ត្រៀម​រៀបចំ​ការ​បំផ្ទុះ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៧​ផង​ដែរ។​
 
យោង​តាម​ច្បាប់​ថ្មី​ដែល​អនុម័ត​កាលពី​ថ្ងៃ​ចន្ទ​ ប្រទេស​កូរ៉េ​ខាងជើង​នឹង​សងសឹក​ដោយ​ប្រើ​នុយក្លេអ៊ែរ​ភ្លាមៗ ​ប្រសិន​បើ​ប្រទេស​នេះ​ត្រូវ​បាន​វាយ​ប្រហារ​ដោយ ​«កងកម្លាំង​អរិភាព»។​ ច្បាប់​នេះ​ក៏​រៀបរាប់​អំពី​សេណារីយ៉ូ​មួយ​ចំនួន​ទៀត​ ដែល​ថា ​កូរ៉េ​ខាងជើង​នឹង​ប្រើប្រាស់​នុយក្លេអ៊ែរ រួមទាំង​ការ​វាយ​ប្រហារ​លើ​ថ្នាក់​ដឹកនាំ​រដ្ឋ​ ឬ​កងកម្លាំង​នុយក្លេអ៊ែរ​ជា​យុទ្ធសាស្ត្រ ​ឬ​ការពារ​វត្តមាន​រដ្ឋ។​
 
ខណៈ​ច្បាប់​នេះ​ចែង​ថា ​ការ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​មធ្យោបាយ​ចុង​ក្រោយ​នោះ ​ច្បាប់​នេះ​ក៏​បាន​ចែងដែរថា​ អាវុធ​នេះ​មាន​សារៈ​សំខាន់​ចំពោះ​អធិបតេយ្យភាព ​និង​បូរណភាព​ទឹកដី​របស់​ប្រទេស​កូរ៉េ​ខាងជើង។​ នេះជា​ពាក្យ​សម្តីដែល​ត្រូវ​បាន​ប្រើយ៉ាង​ទូលំទូលាយ ​តាម​របៀប​ដែល​កូរ៉េ​ខាងជើង​បាន​អួតអាង​ជា​យូរ​មក​ហើយ​ អំពី​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​តែ​ទោះបី​ជា​យ៉ាងណា​ ពេល​ខ្លះ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាងក៏​បាន​ផ្តល់​សញ្ញា​ចម្រុះ​ផង​ដែរ។​
 
ក្នុង​អំឡុង​ពេល​ជួប​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump​ កាលពី​ឆ្នាំ​២០១៩​ លោក​ Kim Jong Un​ ត្រូវ​បាន​សួរ​ថា​ តើ​លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​ឬទេ​ លោកបាន​ឆ្លើយ​ថា៖​ «បើ​ខ្ញុំ​មិន​មាន​ឆន្ទៈ​ធ្វើ​នោះ​ទេ​ ​ខ្ញុំ​នឹង​មិន​មកទីនេះ​ឥឡូវ​នេះ​ទេ»។​
 
នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ពួកគេ​ក្នុង​ខែ​មិថុនា ​ឆ្នាំ ​២០១៨​ លោក ​Trump ​និង​លោក ​គីម ជុងអ៊ុន ​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែង​ការណ៍​ខ្លីមួយ​ដោយ​យ​ល់ព្រម​ «ធ្វើការ​ឆ្ពោះទៅ​រក​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ឧបទ្វីប​កូរ៉េ»។​
 
ក្រោយ​មក​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ជើង​បាន​បំភ្លឺ​ថា​ កិច្ច​ព្រមព្រៀង​នេះ​មាន​ន័យ​ថា​ សហ​រដ្ឋ​អាមេរិក​ក៏​ត្រូវ​តែ​ដក​«ការ​គំរាម​កំហែង​ដោយ​នុយក្លេអ៊ែរ»​ចេញពី​តំបន់​ជុំវិញ​ប្រទេស​កូរ៉េ​ផង​ដែរ។​
 
សហរដ្ឋ​អាមេរិក​មាន​កងទ័ព​ប្រហែល​២ម៉ឺន៨​ពាន់​នាក់​នៅ​កូរ៉េ​ខាងត្បូង ​បន្ត​ពី​សង្គ្រាម​កូរ៉េ​ទសវត្សរ៍​១៩៥០​ ដែល​បាន​បញ្ចប់​ដោយ​បទ​ឈប់បាញ់​ជាជាង​សន្ធិសញ្ញា​សន្តិភាព។ ​នៅ​ប្រទេស​ជប៉ុន​ក្បែរ​នោះ ក៏​មាន​ទាហាន​អាមេរិក​ប្រហែល​៥ម៉ឺន៥ពាន់​នាក់​ផងដែរ។​
 
នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក Kim Jong Un ​បាន​និយាយ​ថា​ កូរ៉េ​ខាងជើង​នឹង​កែ​សម្រួល​ឥរិយាបថ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​«លក្ខខណ្ឌ​នយោបាយ ​និង​យោធា​នៃ​ឧបទ្វីប​កូរ៉េ»​ និង​ស្ថានភាព​ពិភពលោក។​ កូរ៉េ​ខាងជើង​ប្រហែល​ជា​បាន​ផលិត​សម្ភារៈ​គ្រប់គ្រាន់​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ពី ​៤៥​ ទៅ ​៥៥​គ្រឿង​ ហើយ​ប្រហែល​មាន​ក្បាល​គ្រាប់​ពី​ ២០​ទៅ​៣០​គ្រាប់។​ នេះ​បើយោង​តាម​ការ​ប៉ាន់ស្មាន​ចុង​ក្រោយ​បំផុត​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ព្រឹត្តិ​បត្រ​អ្នក​វិទ្យាសាស្ត្រ​បរមាណូ ​ដែល​ជា​អង្គការ​មិន​រកកម្រៃ​ដោយ​ផ្តោត​លើ​សន្តិសុខ​ពិភពលោក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com