កីឡាជាតិ
ជាតិ
​ការ​រៀបចំ​​ប្រកួត​ពេល​យប់​ហាក់ដូច​ជា​បាន​ទទួល​នូវ​ការគាំទ្រ​ច្រើន
01, Feb 2014 , 4:11 pm        
រូបភាព
លោក ថោង ច័ន្ទកិត្យា ធ្វើ​ការកាត់ក្តី​កន្លងមក​នា​ការ​ប្រកួត​ពេលល្ងាច​រវាងក្រុមបៀល​ប្រាយ និង​ក្រុម TriAsia
លោក ថោង ច័ន្ទកិត្យា ធ្វើ​ការកាត់ក្តី​កន្លងមក​នា​ការ​ប្រកួត​ពេលល្ងាច​រវាងក្រុមបៀល​ប្រាយ និង​ក្រុម TriAsia
ដោយ:
ខុស​ប្លែក​ពី​រដូវកាល​មុនៗ នៅ​ឆ្នាំ​២០១៤ នេះ​ ពាន​រង្វាន់​មិត្តហ្វូ​នខេ​មបូ​ឌានលីក ដែល​ប្រកួត​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ ត្រូវ​បាន​រៀបចំ​កម្មវិធី​ប្រកួត​​នៅ​ម៉ោង ៣:៣០ នា​ទី មួយ​ប្រកួត និង នៅ​ម៉ោង ៦ ល្ងា​ច មួយ​ប្រកួត ដែល​វា​ផ្តល់​​អំណោ​យ​ផល​ដល់​ទស្សនិក​ជន​​​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ទស្សនា​ផ្ទាល់​លើ​ទីលាន​ប្រកួត។



យុវ​ជន សំរឹ​ទ្ធ ដារិទ្ធ ជា​និស្សិត​ឆ្នាំ​ទី២ ផ្នែក​នីតិ​សាស្រ្ត នៅ​សាកល​វិទ្យាល័យ​ភូមិន្ទនី​តិសា​ស្រ្ត​និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច បាន​ប្រាប់​គេហ​ទំព័រ​ថ្មីៗ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ជា​ទី​កន្លែង​ប្រកួត​បាល់ទាត់​លីក​កម្ពុជា​រាល់​ចុង​សប្ដាហ៍​​ថា៖ «ខ្ញុំ​ចូលចិត្ត​មើល​បាល់ទាត់​ដែរ តែ​ពេល​ខ្លះ​អត់​​ម៉ោង​ប្រកួត​និង​ម៉ោង​រៀន​ជាន់​គ្នា​ទើប​ខ្ញុំ​មិនបាន​មក។ ពេល​គេ​ប្រកួត​ពេល​យប់​ចឹង​ខ្ញុំ​គិត​ថា​ល្អ ព្រោះ​ប្រជាជន​នៅ​ទីក្រុង​គេ​មិន​សូវ​មាន​ពេល​ទំនេរ​នៅ​ពេល​ថ្ងៃ​ទេ បើ​ពេល​ល្ងាច ឬ យប់​បន្តិច​ទើប​ទំនេរ ចឹង​អ្នក​ចូល​ចិត្ត​គេ​អាច​ឆ្លៀត​មក​ទស្សនា ក៏​ដូចជា​លំហែរ​បាន។ ខ្ញុំ​គាំទ្រ ការៀបចំ​នេះ»។

ក្បែ​គ្នា​នោះ​ដែរ លោក គឹម ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​ក្នុង​​ក្រុម​ហ៊ុន​ឯកជន​មួយ​កន្លែង​​នៅ​ជាយ​ក្រុង​ភ្នំពេញ បាន​ឱ្យ​ដឹង​ដែល​ថា៖ «ពី​មុន​ខ្ញុំ​មក​មើល​​មិន​ដែល​បាន​ពេញ​ភ្នែក​សោះ ពេល​ខ្លះ​មក​ទាន់​ការ​ប្រកួត ​ពេល​ខ្លះ​មក​មិន​ទាន់ ហើយ​ឆ្លៀត​សុំ​មេ​ចេញ​មុន​ម៉ោង​ទៀត តែ​ឥឡូវ​លែង​អី​ហើយ អាច​មើល​​គ្រប់​ការ​ប្រកួត​ទាំង​អស់។ យើង​នៅ​ទាស់​តែ​ម៉្យាង​គឺ​​ស្មៅ និង ភ្លើង​បំភ្លឺ មិន​ទាន់​បាន​កែ​សម្រួល តែ​យ៉ាង​ណាៗ ក៏​គ្រាន់​ជាង​អត់​ដែរ»។

ចំណែក​យុវតី ទេវី កំពុង​អង្គុយ​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ជា​មួយ​មិត្ត​ភក្តិ ២ , ៣ នាក់​ ​ដែល​អះអាង​​ថា​មិត្ត​ប្រុស​របស់​ខ្លួន​ជា​កីឡាករ​​កំពុង​​ប្រកួត​នៅ​ទីលាន​​បាន​ប្រាប់​ថា៖ «បាន​ប្រកួត​ពេល​ត្រជាក់​បែប​ហ្នឹង​ខ្ញុំ​អាច​​បបួល​មិត្តភក្ដិ​មក​​មើល​គ្រាន់​​បាន​ជា​គ្នា ព្រោះ​មិន​​ក្ដៅ​ដូច​លើក​មុន ហើយ​បងៗ កីឡាករ​ក៏​មាន​កម្លាំង​លេង»។

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​ធ្លាប់​បាន​​ទស្សនា​ការ​ប្រកួត​នៅ​ពេល​យប់​ដែរឬទេ? ម៉េច​ដែរ! ប្លែក​អារម្មណ៍​អត់?




© រក្សាសិទ្ធិដោយ thmeythmey.com