ជាតិ
លោក យោន វុទ្ធី នឹងបង្កើនការចិញ្ចឹមខ្យាដំរី ព្រោះសម្លឹងឃើញតម្រូវការទីផ្សារ
11, Sep 2022 , 5:39 pm        
រូបភាព
ខ្យាដំរី ដែលលោក យោ វុទ្ធី ចិញ្ចិម។ រូបហ្វេសប៊ុក របស់ លោក វុទ្ធី
ខ្យាដំរី ដែលលោក យោ វុទ្ធី ចិញ្ចិម។ រូបហ្វេសប៊ុក របស់ លោក វុទ្ធី
ភ្នំពេញ៖ លោក យោន វុទ្ធី  បានសាកល្បងចិញ្ចឹមខ្យាដំរី រយៈពេល៣ ខែមកហើយ ព្រោះមើលឃើញថា នៅកម្ពុជាពុំទាន់មានអ្នកប្រកបរបរនេះច្រើនឡើយ។ ក្រោយចិញ្ចឹមសាកល្បង បានជោគជ័យ លោក យោន វុទ្ធី មានបំណងពង្រីកខ្យាដំរីបន្ថែមទៀត ដ្បិតការចិញ្ចឹមពុំចំណាយទុនច្រើន ដោយសារលោកចេះច្នៃចំណីដោយខ្លួនឯង។

 
 
សព្វថ្ងៃ លោក យោ វុទ្ធី រស់នៅភូមិបាសាក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ចាប់ផ្ដើមសាកល្បងចិញ្ចឹមខ្យាដំរីអស់រយៈពេលជាង៣ខែ ដោយទទួលបានលទ្ធផលល្អប្រសើរ ពុំមានបញ្ហាប្រឈមឡើយ។ បំណងនៃការចិញ្ចឹមនេះ ព្រោះលោកសម្លឹងឃើញតម្រូវការទីផ្សារមានតម្លៃខ្ពស់​ ខណៈមុខរបរនេះ ពលរដ្ឋកម្ពុជាពុំទាន់មានការនិយមចិញ្ចឹមច្រើន ឬទ្រង់ទ្រាយធំ។ 


ខ្យាដំរី កំពុងស៊ីចំណី។ រូបពី ហ្វេសប៊ុក លោក វុទ្ធី 
 
ដើមឡើយ បុរសវ័យ៤២ឆ្នាំរូបនេះ ឃើញពលរដ្ឋនៅវៀតណាមចិញ្ចឹមខ្យាដំរី បានផលចំណេញរហូតជាង៣ពាន់ដុល្លារក្នុងមួយខែ ព្រោះមានទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុក។ ហេតុដូច្នេះ ទើបលោក វុទ្ធី សម្រេចចិត្តសាកល្បងនិងស្រាវជ្រាវបច្ចេកទេសចិញ្ចឹម ខ្យាដំរី ដោយខ្លួនឯង ដើម្បីចែករំលែកដល់កសិករដទៃទៀត។ 
 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក វុទ្ធី បានឲ្យដឹងថា៖ «ខ្ញុំចង់ពង្រីកការចិញ្ចឹមឲ្យបានច្រើនទៀត ពិសេស កៀងគរឲ្យអ្នកមានបំណងចិញ្ចឹមខ្យាដំរី ឲ្យចាប់ផ្ដើមចិញ្ចឹមដែរ ដើម្បីមានផលិតច្រើនងាយទាក់ទងរកទីផ្សារនៅក្រៅប្រទេស។ ហើយខ្ញុំក៏នឹងប្រមូលទិញពីពួកគាត់វិញដែរ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ»។ ទន្ទឹមនឹងនេះ លោកសង្កេតឃើញ នៅកម្ពុជាសព្វថ្ងៃ ក៏មានគេនិយមយកខ្យាដំរី ទៅបំពងលក់ធ្វើជាអាហារផងដែរ។ 
 
ក្រៅពីនេះ លោកបញ្ជាក់ថា នៅប្រទេសវៀតណាម មានឈ្នួញទទួលទិញ ខ្យាដំរី យកទៅធ្វើអាហារនិងពិលជាដើម។


 អាងចិញ្ចឹម ខ្យាដំរី របស់លោក វុទ្ធី។ រូបពី លោក វុទ្ធី 

បច្ចុប្បន្ន លោក វុទ្ធី មានខ្យាដំរីប្រមាណ៤០ក្បាល ខណៈពេលលោកផ្ដើមចិញ្ចិមមានត្រឹមតែប្រហែល១០ក្បាលប៉ុណ្ណោះ។ ការថែទាំខ្យាដំរី ពុំមានបញ្ហាចោទសម្រាប់លោកឡើយនៅពេលនេះ ប៉ុន្តែយ៉ាណា លោកនឹងតាមដានបន្ត។ 
 
«​ខ្យាដំរី ជាសត្វធន់នឹងអាកាធាតុ ហើយជាសត្វស៊ីចំណីជាអាហារ។ អ្វីដែលខ្ញុំសង្កេតឃើញ ខ្យាដំរី យើងចិញ្ចឹម ពុំសូវហត់ក្នុងការមើលថែ និងការដាក់ចំណីឡើយ ព្រោះមួយថ្ងៃទៅបីថ្ងៃ ទើបពួកគេស៊ីចំណីម្ដង»។ នេះជាការលើកឡើងរបស់ លោក វុទ្ធី ដែលសព្វថ្ងៃមុខរបរគោលលោក គឺការចិញ្ចឹមឃ្មុំ។ 
 
ចំពោះការចិញ្ចឹមខ្យាដំរី ត្រូវរៀបចំធុង ឬអាង ដែលក្នុងនោះត្រូវដាក់ដីនិងសំបកដូង សម្រាប់រៀបចំកន្លែងឲ្យខ្យាដំរីជ្រកកោន។ ខ្យាដំរី របស់លោក វុទ្ធី គឺស៊ីចង្រិនជាចំណី ខណៈលោកក៏ចេះបច្ចេកទេសចិញ្ចឹមចង្រិតផងដែរ។ «ខ្យាដំរី វាស៊ីសត្វល្អិតជាអាហារ ដូច្នេះ ខ្ញុំដាក់ចង្រិតឲ្យវាស៊ី។ ក្នុងអាងខ្យាដំរី យើងត្រូវដាក់ បន្លែត្រកួន ស្ពី ឬបន្លែបៃតងដែលនៅសល់ចូល រៀបចំចានទឹក ហើយដាក់ចង្រិតឲ្យរស់នៅក្នុងអាងនោះ ហើយយប់ឡើងខ្យាដំរី និងចេញចាប់ចង្រិតស៊ីពេលយប់»។ លោក វុទ្ធី បកស្រាយបែបនេះ ហើយបន្តថា ទុនរៀបចំកន្លែងចិញ្ចឹម និងចំណី ពុំចំណាយច្រើនឡើយ ខណៈលោកក៏ចេះបច្ចេកទេសចិញ្ចឹមចង្រិត ដែលជាចំណីរបស់ខ្យាដំរី។

 អាងចិញ្ចឹមខ្យាដំរី។ 

បញ្ហាប្រឈមក្នុងការចិញ្ចឹមខ្យាដំរី ដែលលោកសង្កេតឃើញ គឺវាត្រូវការកន្លែងរស់នៅធំ នៅពេលមេខ្យាដំរី មានកូនតូចៗច្រើន ក្នុងពេលនោះដែរ ខ្យាដំរីអាចនឹងខាំគ្នាងាប់ ដើម្បីដណ្ដើមឬកាងកន្លែងគ្នារស់នៅ។ ប៉ុន្តែ ទាំងអស់នេះ លោកពុំទុកជាបញ្ហាចោទ សម្រាប់ការចិញ្ចឹមខ្យាដំរីឡើយ ព្រោះចូលចិត្តស្រាវជ្រាវ ការចិញ្ចឹមសត្វប្លែកៗឲ្យបានច្រើន។ 
 
រយៈពេលពីរឆ្នាំទៀត លោក វុទ្ធិ គម្រោងនឹងលក់ពូជ ខ្យាដំរី ដែលលោកមាន ដល់អ្នកមានបំណងចង់ចិញ្ចឹមបន្ត ហើយលោកក៏នឹងពង្រីកអាងចិញ្ចឹមផ្ទាល់ខ្លួនបន្ថែមផងដែរ។ ចំពោះពូជ ខ្យាដំរីនេះ លោក វុទ្ធ ចាប់ពីព្រៃនិងតំបន់ក្បែរៗផ្ទះ ហើយបន្តស្រាវជ្រាវ បង្កាត់ពូជ និងពង្រីកឲ្យកាន់តែច្រើនបន្ថែមទៀតដោយខ្លួនឯង ខណៈខ្យាដំរីប្រមាណ៤០របស់លោកសព្វថ្ងៃ ភាគច្រើនសុទ្ធតែមេពូជ។ ក្នុងវង្វង់ពីរខែ មេពូជមួយក្បាល អាចបង្កើតកូនបានប្រមាណ១០ក្បាល។ 
 
ចំពោះតម្រូវការទីផ្សារវិញ លោក វុទ្ធី សង្កេតឃើញថា ខ្យាដំរី ជាអាហារពេញនិយមមួយប្រភេទ ដែលអាជីវករយកទៅបំពងលក់ ក្នុងតម្លៃប្រមាណ១ដុល្លារ។ នេះជាតម្លៃដែល លោក វុទ្ធី ឃើញអាជីវករលក់នៅលើទីផ្សារ ហើយសម្រាប់ការនាំចេញទៅវៀតណាម និងចិនវិញ ១គីឡូក្រាមមានតម្លៃជាង១០ម៉ឺនរៀល។ តម្លៃទាំងពីនេះ លោកបានគណនា ជាមួយនិងការចំណាយផ្សេងៗ ពិសេសលើចំណីនិងការថែទាំរួចហើយ គឺអាចទទួលបានផលចំណេញ បើលោកបន្តចិញ្ចឹមឲ្យបានច្រើន និងផ្គត់ផ្គង់តាមតម្រូវដែលឈ្នួញត្រូវការ។ ដូច្នេះ កសិកររូបនេះ មានបំណងពង្រីកការចិញ្ចឹមឲ្យកាន់ច្រើនបន្ថែមទៀត។ លើសពីនេះ លោក វុទ្ធី មានបំណងសាកល្បង ចិញ្ចឹមក្អែប បន្ថែម ខណៈខ្យាដំរី និងក្អែប សុទ្ធជាប្រភេទសត្វដែលអាចច្នៃធ្វើជាអាហារ សត្វកម្រ និងមានពិសខ្លាំងដូចគ្នា៕ 
 
 

Tag:
 កសិកម្ម
  ខ្យាដំរី
© រក្សាសិទ្ធិដោយ thmeythmey.com