អន្តរជាតិ
រុស្ស៊ីថា មន្ត្រីចិនយល់ពីស្ថានភាព និងគាំទ្រសកម្មភាពរុស្ស៊ីនៅអ៊ុយក្រែន
11, Sep 2022 , 9:29 pm        
រូបភាព
លោក Li Zhanshu ចាប់ដៃប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
លោក Li Zhanshu ចាប់ដៃប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន។ រូបថត AFP
ឯកសារមួយរបស់សភារុស្ស៊ីដែលចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា បានស្រង់សម្ដីមន្ត្រីចិនជាន់​ខ្ពស់​ម្នាក់​ដែលបានប្រាប់សមាជិកសភារុស្ស៊ីថា ក្រុងប៉េកាំងយល់ និងគាំទ្ររុស្ស៊ីក្នុង​ស្ថានភាពនៅអ៊ុយក្រែន។ មន្ត្រីចិនរូបនោះក៏បានសន្យាផ្ដល់ការគាំទ្ររុស្ស៊ីដើម្បីការពារ​ប្រយោជន៍សំខាន់ៗផងដែរ។

 
មន្រ្តីចិនរូបនេះ ជាសមាជិកលំដាប់ទីបីនៃបក្សកុម្មុយនីស្តចិន Li Zhanshu បានធ្វើដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុងមូស្គូកាលពីសប្ដាហ៍មុន បន្ទាប់ពីបានចូលរួមវេទិកាសេដ្ឋកិច្ចនៅទីក្រុង Vladivostok ភាគខាងកើតរុស្ស៊ី។ លោក Li Zhanshu ក៏បានជួបជាមួយសមាជិកសភារុស្ស៊ី និងប្រធានា ធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ។
 
អំឡុងពេលនៅទីក្រុង Vladivostok លោក Li បានកោតសរសើរលោកពូទីន ដោយនិយាយថា ក្រោម​ការដឹកនាំរបស់លោក ពូទីន រុស្ស៊ីនៅតែមិនរងការបាត់បង់ដោយទណ្ឌកម្មដ៏សម្បើម​របស់​អាម៉េរិក និង​លោកខាងលិចឡើយ ហើយផ្ទុយទៅវិញ ក្នុងរយៈពេលមួយដ៏ខ្លី រុស្ស៊ីអាចរក្សាស្ថិរភាព និង​ភាព​រឹង​មាំ​របស់ខ្លួន។​ បន្ថែមពីនេះ អំឡុងពេលនៅទីក្រុងមូស្គូក្នុង ជំនួបជាមួយសមាជិកសភា​រុស្ស៊ី​នៅថ្ងៃទី៩ ខែ​កញ្ញា មន្ត្រីចិនជាន់ខ្ពស់រូបនេះបានផ្ដល់ការគាំទ្រ យ៉ាងរឹងមាំបំផុត​ចំពោះ​ភាព​ជាអ្នកដឹកនាំ​របស់​រុស្ស៊ី​។
 
«ពួកយើងឃើញថា អាម៉េរិកនិងសម្ព័ន្ធមិត្តយោធាណាតូកំពុង​ពង្រីកវត្តមានរបស់ពួកគេ​នៅជិ​ត​ព្រំដែន​រុស្ស៊ីដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងអាយុជីវិតរបស់ពលរដ្ឋរុស្ស៊ី។ ពួកយើង​យល់​ច្បាស់ណាស់ចំពោះភាពចាំបាច់នៃវិធានការទាំងអស់ដែលបានធ្វើឡើងដោយរុស្ស៊ីក្នុង​គោលបំណង​ការពារផលប្រយោជន៍សំខាន់ៗរបស់ខ្លួន។» លោក Li បានសង្កត់ធ្ងន់បែបនេះបើយោងតាម​ឯកសារ​ពិពណ៌នារបស់សភារុស្ស៊ី ដែលត្រូវបានរាយការណ៍ដោយកាសែត New York Times ។
 
លោក Li ក៏បានបន្តថា លើបញ្ហាអ៊ុយក្រែន ចិនយល់ពីភាពមិនអាចធ្វើទៅរួចនៃការទាមទាររបស់​លោក​ខាងលិចពីរុស្ស៊ី ហើយរុស្ស៊ីបានជ្រើសរើសជម្រើសដ៏សំខាន់មួយហើយបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់​ចំពោះបញ្ហាមួយនេះ។ 
 
គួរបញ្ជាក់ថា ចិនបានជ្រើសផ្លូវដើរយ៉ាងប្រុងប្រយ័ត្នក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​មិន​បាន​រាយការណ៍​អំពី​ការ​អត្ថាធិប្បាយលើបញ្ហា​អ៊ុយក្រែនដោយ លោក Li ទេ ហើយ​បាន​ផ្តល់​ការ​រាយការណ៍​តិចតួច​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោកនៅរុស្ស៊ី៕
 

Tag:
 រុស្ស៊ី
  ចិនន
© រក្សាសិទ្ធិដោយ thmeythmey.com