កីឡាជាតិ
ជាតិ
លោក ភា សុភ័ក្ដ្រា៖ ទោះមានទេពកោសល្យ បច្ចេកទេសល្អ ប៉ុន្ដែធ្លាក់តេស្ដ 30-15 IFT មិនជាប់ជម្រើសជាតិទេ
12, Sep 2022 , 4:29 pm        
រូបភាព
មានទេពកោសល្យ និងបច្ចេកទេសល្អហើយ ប៉ុន្តែបើធ្លាក់ការធ្វើតេស្ដ 30-15 IFT កីឡាករទាំងនោះមិនត្រូវបានជ្រើសចូលក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាទាំងឈុតធំ និងអាយុក្រោម ២៣ឆ្នាំទេ។ នេះជាការអះអាងរបស់លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ដោយសង្កត់ធ្ងន់ ថាមិនមានការអនុគ្រោះសម្រាប់កីឡាករណាមួយឡើយ។

 
លោក ភា សុភ័ក្ត្រា បានបញ្ចាក់ប្រាប់សារព័ត៌មានថ្មីតាមទូរសព័្ទថា រាល់សកម្មភាពប្រកួតអន្ដរជាតិផ្សេងៗ សហព័ន្ធបាល់ទាត់កម្ពុជា បានពិនិត្យមើលយ៉ាងល្អិតល្អន់ មុនពេលកោះហៅកីឡាករ មកប្រមូលផ្ដុំហ្វឹកហាត់។ កីឡាករទាំងអស់ ត្រូវតែជាប់តេស្ដ 30-15 IFT ដោយកំណត់ យកកម្រិត ២០.៥។ តេស្ដនេះ ត្រូវបានចាត់ទុកថា ជាការជម្រុះយកកីឡាករ ដែលមានលក្ខណៈយុត្ដិធម៌បំផុត ព្រោះមិនមានភាពលំអៀងទេ តែផ្ដោតលើសមត្ថភាព និងកម្លាំងកាយសម្បទាជាក់ស្ដែង។

 
 
«នេះ គឺជាភាពយុត្ដិធម៌ទាំងអស់គ្នា​ ដោយយើងមិនគិតថា អ្នកណាមានកម្រិតបែបណាទេ សំខាន់ភាពស្មើភាពគ្នានោះ គឺត្រូវឆ្លងកាត់តេស្ដ 30-15 IFT សិន ហើយនេះ ក៏ជាអ្វីដែល លោក Keisuke Honda បានលើកឡើងក្រោយព្រឹត្តិការណ៍ AFC Asian cup នៅប្រទេសឥណ្ឌា។ អ្នក ដែលមានកម្រិត បច្ចេកទេសខ្ពស់ និងទេពកោសល្យ ប៉ុន្ដែមិនមានកម្លាំង គឺមិនអាចលេងឲ្យក្រុមជម្រើសជាតិបាន។»។ គ្រូជំនួយរូបនេះ បានបញ្ជាក់ដូច្នេះ។
 
លោក ភា សុភ័ក្ត្រា បន្ដថា តេស្ដកម្លាំងកាយសម្បទា ជាមួយនិងល្បឿនេះ មានតាំងពីយូរមកហើយ ដោយក្លិបធំៗនៅអឺរ៉ុប ដូចជា Paris Saint Germain, Borussia Dortmund និងជាពិសេសក្លិបនៅសហរដ្ឋអាមេរិក។ តេស្ដ ត្រូវបានប្រើសម្រាប់គ្រូបង្វឹកទទួលបានទិន្នន័យ និងការវាយតម្លៃដើម្បីអភិវឌ្ឍសមត្ថភាពកម្លាំងរបស់កីឡាករ។


លោក ភា សុភ័ក្ត្រា គ្រូជំនួយជម្រើសជាតិកម្ពុជា អំឡុងប្រកួត AFC Asian Cup 2023 Qualifiers នៅប្រទេសឥណ្ដា រូបពីសហព័ន្ធកីឡាបាល់ទាត់ជាតិ
 
«យើង បានស្គាល់ពីសមត្ថភាពរបស់កីឡាករ តាមរយៈការប្រកួតក្នុងលីគ។ អ្វី ដែលយើងចង់បាន តាមរយៈបទពិសោធន៍ប្រកួតអន្ដរជាតិកន្លងមក គឺកត្តាកម្លាំង បូករួមនិងកាយសម្បទា។ សម្រាប់កម្លាំង យើងត្រូវការអំណត់ ថាមពលនៃការលេង ដើម្បីប្រកួតឲ្យបានគ្រប់ម៉ោង ដើម្បីផ្សារភ្ជាប់ ទៅនិងទម្រង់ តាក់ទិករបស់គ្រូបង្វឹក គឺត្រូវប្រើកម្លាំង ហើយកាយសម្បទាទាំងអស់។ នេះ គឺជាកត្តាជម្រុញដំបូងបំផុតសម្រាប់យើង ដើម្បីឲ្យកីឡាកររបស់យើងអភិវឌ្ឍទៅរកស្ដង់ដា នៃការប្រកួតអន្ដរជាតិ។»។
 
ជាមួយនិងការហ្វឹកហាត់កាយសម្បទា របបអាហាររបស់ជម្រើសជាតិ ក៏ជាកត្តាសំខាន់ផងដែរ។ កីឡាករ ដែលចាត់ទុកថាមានសក្ដានុពល ត្រូវតែផ្ញើរព័ត៌មានអំពីរបបអាហារ មកកាន់អ្នកជំនាញ ជាប្រចាំដើម្បីតាមដាន។ យើង មានប្រធានផ្នែកចំណីអាហារូបត្ថម្ភ តាមដាន និងវាយតម្លៃ អំឡុងហ្វឹកហាត់ប្រមូលផ្ដុំ ពេលប្រកួត​ ដោយការវាយតម្លៃនោះ ទៅលើអាហារទាំង៣ពេលរបស់កីឡាករ។ 
 
គ្រូជំនួយរូបនេះ ក៏បានជម្រុញឲ្យកីឡាករទាំងអស់ ក្នុងនាមជាកីឡាករអាជីព ត្រូវមានការទទួលខុសត្រូវដោយខ្លួនឯង ទាំងការហ្វឹកហាត់ និងការគោរពវិន័យផ្សេងៗ ដើម្បីអភិវឌ្ឍខ្លួន ជួយដល់ក្រុមជម្រើសជាតិ  សម្រាប់ប្រកួតអន្ដរជាតិនានា៕
 

Tag:
 បាល់ទាត់
  30-15 IFT
© រក្សាសិទ្ធិដោយ thmeythmey.com