អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
IAEA៖ កូរ៉េខាងជើងកំពុងដំណើរការមជ្ឈមណ្ឌលចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនៅរោងចក្រនុយក្លេអ៊ែរ
13, Sep 2022 , 2:46 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ៖ ហ៊ួយ ស៊ីវលី 

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) អះអាងថា កន្លែងចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូម​នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ Yongbyon នៅកូរ៉េខាងជើង មានសញ្ញាកំពុងដំណើរការ ដែលអាចជាការបំពានសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។

 
ជារដ្ឋនុយក្លេអ៊ែរ កូរ៉េខាងជើងកាន់តែបន្តពង្រឹងមុខមាត់របស់ខ្លួនដោយកាលពីសប្តាហ៍មុនបានចេញច្បាប់បិទរាល់ផ្លូវចរចារំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ។ ចុងក្រោយនេះ កូរ៉េខាងជើង ត្រូវរកឃើញថាកំពុងអភិវឌ្ឍកន្លែងចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូមផងដែរ។ 
 
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi នៅថ្ងៃទី១២ ខែកញ្ញាបានបង្ហាញការវាយតម្លៃថា កូរ៉េខាងជើងកំពុងអភិវឌ្ឍកន្លែង​ចម្រាញ់​សារធាតុ​អ៊ុយរ៉ាញ៉ូមនៅរោងចក្រ Yongbyon ដែលជាសារធាតុអាចយកមកប្រើក្នុងការផលិតអាវុធនុយក្លេអ៊ែរ។
 
លោក Rafael Grossi និយាយ​ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA នៅថ្ងៃទី១២ ខែកញ្ញានៅទីក្រុងវីយែន និយាយថា ​រោងចក្រ​ Yongbyon ក្នុងកូរ៉េខាងជើងមានសញ្ញាកំពុងធ្វើប្រតិបត្តិការ។ លោកបានលើកសូចនាករទៅបង្ហាញពីប្រតិបត្តិការ នោះគឺ​ដោយសារមានរ៉េអាក់ទ័រប្រាំមេហ្គាវ៉ាត់ និងគ្រឿងបរិក្ខារសម្រាប់ចម្រាញ់សារធាតុ​អ៊ុយរ៉ាញ៉ូមកំពុងដំណើរការ។
 
លើសពីនោះ កូរ៉េខាងជើង ក៏កំពុងអភិវឌ្ឍទីតាំងសាកល្បង Punggye-ri ផងដែរ។ បើតាមលោក Grossi ការបើកឡើងវិញនៃកន្លែងសាកល្បងនុយក្លេអ៊ែរនេះនឹងក្លាយជាបញ្ហាដ៏សំខាន់មួយខណៈកូរ៉េខាងជើងហាក់ដូចជាកំពុងរៀបចំសាកល្បងនុយក្លេអ៊ែរជាលើកដំបូង ចាប់តាំងពីបញ្ឈប់នៅឆ្នាំ ២០១៧។​ 
 
កូរ៉េខាងជើងសាកល្បងនុយក្លេអ៊ែរចុងក្រោយបង្អស់នៅក្នុងខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែប្រទេសនេះនៅតែបន្តសាកល្បងមីស៊ីល​ជាច្រើនមានដូចជា មីស៊ីលបាលីស្ទីកចម្ងាយខ្លីនិងឆ្ងាយ មីស៊ីលល្បឿនលឿនជាងសំឡេងជាដើម។ 
 
សូមបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែររវាងអាម៉េរិក និងកូរ៉េខាងជើងបានជាប់គាំង ដោយសារកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយក្នុងឆ្នាំ២០១៩រវាងប្រទេសទាំងពីរបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង។ ទោះជាយ៉ាងណាក៏ដោយ ភាគីអាម៉េរិកនៅតែព្យាយាមហៅកូរ៉េខាងជើងបន្តកិច្ចចរចារមួយនេះ តែកូរ៉េខាងជើងតែងតែបដិសេធដោយហេតុផលថាប្រទេសខ្លួនត្រូវការអាវុធនុយក្លេអ៊ែរដើម្បីទប់ទល់នឹងអាម៉េរិកដែលប៉ុនប៉ងផ្តួលរលំរដ្ឋាភិបាលខាងជើង៕
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com