ជាតិ
សង្គមជាតិ
ខាងថៅកែ ដំឡើងប្រាក់ខែឲ្យកម្មករ ៣ដុល្លារបន្ថែម
14, Sep 2022 , 12:59 pm        
រូបភាព
កិច្ចចរចាជុំទី៤របស់ត្រីភាគី អំពីការកំណត់ប្រាក់ខែរបស់កម្មករ នៅក្រសួងការងារ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ រូបពីក្រសួងការងារ
កិច្ចចរចាជុំទី៤របស់ត្រីភាគី អំពីការកំណត់ប្រាក់ខែរបស់កម្មករ នៅក្រសួងការងារ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ រូបពីក្រសួងការងារ
ដោយ៖ វ៉ន ស៊ីចេន

ក្នុងកិច្ចចរចាជុំទី៤ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ភាគីនិយោជក (ថៅកែ) បានដាក់តួលេខ «១៩៧ដុល្លារ» ដែលជាចំនួនប្រាក់ខែសម្រាប់កម្មករ-កម្មការិនី ក្នុងឆ្នាំ២០២៣ ដើម្បីឲ្យភាគីពាក់ព័ន្ធពិចារណា។ ប្រាក់ខែរបស់កម្មករ-កម្មការិនី ក្នុងឆ្នាំ២០២២នេះ គឺ ១៩៤ដុល្លារ។



ភាគីរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាតំណាង ឲ្យលើសភាគីនិយោជក១ដុល្លារ គឺ «១៩៨ដុល្លារ»។ ភាគីរដ្ឋាភិបាល អះអាងថា ការកំណត់យកតួលេខ «១៩៨ដុល្លារ» នេះ គឺផ្អែកលើលក្ខណៈបច្ចេកទេស និងវិទ្យាសាស្ត្រ។ ឯភាគីមេសហជីព ដែលតំណាងកម្មករ-កម្មការិនី មានតួលេខដល់ទៅ៣ គឺ «២០៦ដុល្លារ» «២១០ដុល្លារ» និង «២១៣ដុល្លារ»។
 
ព័ត៌មានអំពីកិច្ចចរចាជុំទី៤រវាងភាគីទាំង៣ខាងលើ ដែលកំណត់ប្រាក់ខែជូនកម្មករ-កម្មការិនី សម្រាប់ឆ្នាំ២០២៣ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងការងារ។
 
តួលេខថ្មីអំពីប្រាក់ខែរបស់កម្មករ-កម្មការិនី ដែលត្រូវបានកំណត់ចំនួនផ្សេងៗពីគ្នានេះ មិនទាន់អាចយកជាការបានឡើយ។ គេ អាចដឹងជាផ្លូវការអំពីចំនួនប្រាក់ខែថ្មីរបស់កម្មករ-កម្មការិនី តាមរយៈការបោះឆ្នោតសម្រេច ក្នុងកិច្ចចរចាលើកទី៥ ដែលជាលើកចុងក្រោយ នៅថ្ងៃទី២១ ខែកញ្ញា។
 
ជារៀងរាល់ឆ្នាំ គេ តែងសង្កេតឃើញសម្តេច ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋាភិបាល តែងបន្ថែមតួលេខតិចតួចទៀត ពីលើតួលេខប្រាក់ខែថ្មី ដែលភាគីទាំង៣ បោះឆ្នោតសម្រេចចុងក្រោយរួចហើយ។ ជាក់ស្តែង នៅឆ្នាំ២០២១ ប្រាក់ខែរបស់កម្មករ-កម្មការិនី ត្រូវបានភាគីទាំង៣ កំណត់យក១៩០ដុល្លារ ហើយត្រូវសម្តេច ហ៊ុន សែន ដំឡើងឲ្យ២ដុល្លារបន្ថែមទៀត ដែលធ្វើឲ្យប្រាក់ខែរបស់កម្មករ-កម្មការិនី ឡើងដល់១៩២ដុល្លារ។ ឯនៅឆ្នាំ២០២២នេះវិញ ភាគីទាំង៣ រក្សាប្រាក់ខែរបស់កម្មករ-កម្មការិនី នៅ១៩២ដុល្លារដដែល ដូចនឹងឆ្នាំ២០២១ តែត្រូវសម្តេច ហ៊ុន សែន ដំឡើងជូន២ដុល្លារបន្ថែម ដែលធ្វើឲ្យកម្មករ-កម្មការិនី ទទួលបានប្រាក់ខែ១៩៤ដុល្លារ។
 
សម្រាប់ឆ្នាំ២០២៣ បើការបោះឆ្នោត ក្នុងកិច្ចចរចាលើកទី៥ សម្រេចយកតួលេខ១៩៧ដុល្លាររបស់ភាគីនិយោជក ហើយបើសម្តេច ហ៊ុន សែន បន្ថែម២ដុល្លារពីលើទៀតនោះ ប្រាក់ខែរបស់កម្មករ-កម្មការិនី អាចនឹងឡើងដល់១៩៩ដុល្លារ។ បើការបោះឆ្នោត សម្រេចយកតួលេខ១៩៨ដុល្លាររបស់ភាគីរដ្ឋាភិបាល ហើយបើសម្តេច ហ៊ុន សែន បន្ថែម២ទៀត ប្រាក់ខែរបស់កម្មករ-កម្មការិនី នឹងឡើងដល់២០០ដុល្លារ។ កិច្ចចរចាជុំទី១អំពីការកំណត់ប្រាក់ខែថ្មីរបស់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ បានចាប់ផ្តើមនៅខែកក្កដា ឆ្នាំ២០២២។   
 
ស្របពេលភាគីទាំង៣ កំពុងស្ថិងក្នុងការចរចាគ្នា អំពីការកំណត់តួលេខថ្មីនៃប្រាក់ខែរបស់កម្មករ-កម្មការិនី គណបក្សភ្លើងទៀន បានបង្ហាញបំណងរបស់ខ្លួន ចង់ឲ្យកម្មករ-កម្មការិនី ទទួលបានប្រាក់ខែ២១៥ដុល្លារយ៉ាងតិច ក្នុង១ខែ សម្រាប់ឆ្នាំ២០២៣។ គណបក្សនេះ វាយតម្លៃថា ការដំឡើងប្រាក់ខែដល់២០០ដុល្លារជាងនេះ នឹងអាចជួយសម្រួលដល់ជីវភាពនិងការរស់នៅរបស់កម្មករឲ្យបានប្រសើរមួយកម្រិតបន្ថែមទៀត។ 
 
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃទី១៣ ខែកញ្ញា បានសរសេរដូច្នេះថា៖«គណបក្សភ្លើងទៀន យល់ឃើញថា ការដំឡើងប្រាក់ខែដល់២១៥ដុល្លារក្នុង១ខែ គឺអាចជួយដល់កម្មករ-កម្មការិនីខ្មែរបានមួយចំណែក បើទោះបីជាការដំឡើងកម្រិតនេះ មិនទាន់សមល្មមចំពោះការប្រឈមនឹងជីវភាពរស់នៅរបស់កម្មករ-កម្មការិនី ក្នុងស្ថានភាពដែលទំនិញ មានម្ហូបអាហារ តម្លៃទិញ មធ្យោបាយធ្វើដំណើរ និង កន្លែងស្នាក់នៅ មានតម្លៃខ្ពស់ជាងប្រទេសជិតខាងនោះ»៕
 
 

Tag:
 ការងារ
  ប្រាក់ខែកម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com