ជាតិ
សង្គមជាតិ
ក្រសួងពីរ រួមគ្នាចាត់វិធានការទប់ស្កាត់បញ្ហាប្រែប្រួលអាកាសធាតុ
14, Sep 2022 , 9:59 pm        
រូបភាព
រូបពីក្រសួងបរិស្ថាន (2)
រូបពីក្រសួងបរិស្ថាន (2)
ដោយ៖ ចៀន និតា

ក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងបរិស្ថាន រួមគ្នាចាត់វិធានការទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ដើម្បីដំណើរឆ្ពោះទៅកាន់អនាគតសេដ្ឋកិច្ចបៃតង ប្រកបដោយភាពធន់នឹងអាកាសធាតុ ស្របតាម«កិច្ចព្រមព្រៀងបៃតងអាស៊ាន» (ASEAN Green Deal) ។ នេះបើតាមក្រសួងអប់រំ យុវជននិងកីឡា និងក្រសួងបរិស្ថាន នៅថ្ងៃទី១៣ កញ្ញា ឆ្នាំ២០២២។

 
ដើម្បីអភិវឌ្ឍធនធានមនុស្សត្រៀមខ្លួន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ឱ្យកាន់តែទូលំទូលាយ ក្រសួងអប់រំ និងក្រសួងបរិស្ថាន នឹងរៀបចំការបណ្តុះបណ្តាលសំខាន់ៗនៅក្នុងវិស័យអប់រំ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ,ការផ្សព្វផ្សាយនៅតាមគ្រឹះស្ថានអប់រំគ្រប់កម្រិតថ្នាក់ ,រៀបចំឯកសារ សម្រាប់គ្រូបង្រៀន និងសិស្សគ្រប់កម្រិត ស្តីពីការប្រែប្រួលអាកាសធាតុ។
តាមរយៈការប្ដេជ្ញានេះ ក្រសួងទាំងពីរនឹងបញ្ជ្រាបការយល់ដឹងពីបញ្ហាអាកាសធាតុ ទៅក្នុងកមុ្មវិធីនយោបាយ យុទ្ធសាស្រ្ត ផែនការសកម្មភាពជាតិ ព្រមទាំងផែនការអភិវឌ្ឍន៍ និងផែនការថវិកា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
 
ដោយឡែកវិស័យអប់រំ ត្រូវបានចាត់ទុកថា ជាវិស័យអាទិភាពមួយ ដើម្បីលើកកម្ពស់ការបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ និងកសាងសមត្ថភាពយុវជន ឱ្យយល់ដឹងពីការប្រែប្រួលអាកាសធាតុ នៅតាមគ្រឹះស្ថានអប់រំគ្រប់កម្រិត។ ជាពិសេសរៀបចំឯកសារមេរៀន និងសម្ភារឧបទេស សម្រាប់គ្រូបង្រៀន និងសិស្ស ចាប់ពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ក្រោយឧត្តមសិក្សា (បរិញ្ញបត្រជាន់ខ្ពស់)។
 
ជាមួយគ្នានេះកម្មវិធីប្រែប្រួលអាការធាតុកម្ពុជាកម្ពុជា (CCCA) គម្រោងភាពជាដៃគូ បានផ្ដល់ការគាំទ្រដល់សាកលវិទ្យាល័យសាធារណៈចំនួន៣ ដោយផ្តោតលើ ផលប៉ះពាល់ដល់វិស័យអប់រំ កាត់ដេរ និងសំណង់​ , ការដោះស្រាយលើបញ្ហាការជន់លិចទីក្រុងក្នុងតំបន់ឆ្នេរ និងលើកកម្ពស់បង្ខាំងការបូនសរីរាង្គនៅក្នុងដី។ 
 
បន្ថែមពីនេះ អន្តរក្រសួង ក៏នឹងយកចិត្តទុកដាក់រៀបចំសម្ភារឧបទេសប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការយល់របស់សិស្ស «ការរៀនក្រៅថ្នាក់» ស្តីពីការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាននានា។ ជាពិសេសសាលាមេត្រីបរិស្ថាន(Eco-Club) ដែលអាចបង្កើនការស្វែងយល់ ពីការប្រែប្រួលអាកាសធាតុ នៅក្នុងសាលា រួមទាំងការស្រាវជ្រាវ និងវាយតម្លៃពីភាពងាយរងគ្រោះជាដើម។ 
 
មិនតែប៉ុណ្ណោះក្រសួង ក៏នឹងរៀបចំឱ្យមានការប្រឡងនៅតាមគ្រឹះស្ថានអប់រំ ជាពិសេសសាកលវិទ្យាល័យ ទៅលើសកម្មភាពបន្ស៊ាំ និងកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទកញ្ចក់ ។ ជាពិសេសអប់រំ និងវិធានការនៅតាមសាលារៀន និងសហគមន៍ ទាក់ទងនឹងការទប់ស្កាត់ការកើនឡើងរលកកំដៅ ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម តាមរយៈការដាំដើមឈើ , ការប្រើកង្ហារ ,ការការពាររន្ទះ និងអនាម័យ ប្រកបដោយប្រសិទ្ធភាព។
 
ក្រសួងអប់រំ និងក្រសួងបរិស្ថាន នឹងបន្តតាមដានសភាពការណ៍ថ្មីៗ រួមទាំងពង្រឹងកិច្ចសហការអនុវត្តវិធានការទាំងនេះ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com