ជាតិ
សង្គមជាតិ
មន្រ្តីក្រសួងសុខាភិបាល៖ ឱសថ ដែលនាំចូលកម្ពុជា មានគុណភាពដូចឱសថតាមប្រទេសដទៃដែរ
16, Sep 2022 , 12:59 pm        
រូបភាព
ភ្នាក់ងារពីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យមើលឱសថ ក្នុងឱសថស្ថានមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានឱសថ
ភ្នាក់ងារពីក្រសួងសុខាភិបាល ចុះត្រួតពិនិត្យមើលឱសថ ក្នុងឱសថស្ថានមួយកន្លែង នៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានឱសថ
កន្លងមក គេ ធ្លាប់ឮមតិខ្លះថា ឱសថ ដែលចរាចរលើទីផ្សារកម្ពុជា មិនសូវមានគុណភាពល្អដូចឱសថរបស់ប្រទេសដទៃ ជាពិសេសប្រទេសជឿនលឿន។ វេជ្ជបណ្ឌិតពីក្រសួងសុខាភិបាលម្នាក់ ដែលជំនាញផ្នែកឱសថ បំភ្លឺថា តាមពិត ឱសថ ដែលនាំចូលកម្ពុជា មិនខុសពីឱសថនៅតាមបណ្តាប្រទេសនានានោះទេ។

 

លោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿសម្អាងនៃក្រសួងសុខាភិបាល ផ្ញើសារទៅកាន់ប្រជាពលរដ្ឋ កុំឲ្យភ័យព្រួយពីរឿងឱសថ ហើយកុំគិតថា ឱសថ ដែលនាំចូលកម្ពុជា មិនមានគុណភាព ឬគិតថា ទាល់តែប្រទេសនេះ-ប្រទេសនោះ ទើបមានឱសថល្អ។ លោក អះអាងថា ឱសថ ដែលចរាចរនៅកម្ពុជា និងឱសថ ដែលចរាចរនៅប្រទេសដទៃ គឺមានគុណភាពដូចគ្នា។    
 
ធ្វើជាវាគ្មិន១រូបក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលរយៈពេល៥ឆ្នាំចុងក្រោយ នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិតដែលបម្រើការងារលើផ្នែកឱសថរូបនេះ មានប្រសាសន៍ដូច្នេះថា៖«យើង មើលតាមរោងចក្រផលិត ខ្សែច្រវាក់ផលិតកកម្ម យើង មើលតាំងពីគុណភាពមួយចប់ រហូតដល់ដាក់លក់លើទីផ្សារ គឺត្រូវតែមានគុណភាពដូចនឹងឯកសារ និងគុណភាពរបស់វាឲ្យដូចផលិតផលឱសថរបស់បរទេស»។ 
  

លោកវេជ្ជបណ្ឌិត ហេង ប៊ុនគៀត ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ រូបពីអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
 
លោក លើកឧទាហរណ៍ថា បើកម្ពុជា យកឱសថរបស់ប្រទេសបារាំង និងឱសថរបស់អឺរ៉ុប ធ្វើជាគោល ឱសថពីបណ្តាប្រទេសដទៃទៀត ដែលត្រូវនាំចូលកម្ពុជា គឺត្រូវតែមានគុណភាព និងមានសុវត្ថិភាព ដូចឱសថរបស់ប្រទេសបាំង និងឱសថរបស់អឺរ៉ុបដែរ។ លោក បន្តថា រដ្ឋាភិបាលកម្ពុជា និងលោក មម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានយកចិត្តទុកដាក់លើបញ្ហាឱសថនេះ។   
លោកវេជ្ជបណ្ឌិត ជម្រាបសាធារណជនទៀតថា គ្រប់ឱសថ សុទ្ធតែត្រូវចុះបញ្ជីទទួលស្គាល់ដោយក្រសួសុខាភិបាល មុននឹងអាចដាក់លក់លើទីផ្សារកម្ពុជា។ លោក បន្ថែមថា នៅពេលឱសថ ចូលទៅក្នុងទីផ្សាយហើយ ក៏មិនមែនក្រសួងសុខាភិបាល ឈប់អើពើដែរ ដោយក្រសួង នៅតែតាមពិនិត្យមើលជាប់ជាប្រចាំ ដើម្បីធានាថា ឱសថទាំងអស់នោះ នៅតែរក្សាគុណភាពបាន១០០ភាគរយ ដូចដើម។ 
 
របាយការណ៍១ស្តីពីសមិទ្ធផលរយៈពេល៥ឆ្នាំរបស់ក្រសួងសុខាភិបាល ត្រូវបានចែកជូនអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានខាងលើ។ ផ្អែកតាមរបាយការណ៍នោះ មន្ទីរពេទ្យរដ្ឋនៅគ្រប់២៥រាជធានី-ខេត្ត ត្រូវបានវាយតម្លៃថា មានគុណភាព៨០ភាគរយ ដោយគិតត្រឹមឆ្នាំ២០២១៕ 
 

Tag:
 ហេង ប៊ុនគៀត
  ឱសថ
© រក្សាសិទ្ធិដោយ thmeythmey.com