ទីក្រុងឡុងដ៍ -សម្រាប់មនុស្សជាច្រើននៅជុំវិញពិភពលោក ពាក្យ «corgi» មានជាប់ពាក់ព័ន្ធជារៀងរហូតទៅនឹងព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេស ដែលទើបសោយទិវង្គត។
អ្នកម្នាង Diana បានចាត់ទុកសត្វសុនខទាំងនោះថា «ជាកម្រាព្រំដ៏រស់រវើក» ដែលតែងតែស្ថិតក្បែរព្រះមហាក្សត្រិយានី Elizabeth ទី ២ ជាប់ជានិច្ច។ សត្វសុនខប្រភេទ corgis នេះ មានមាឌល្អិត រោមត្រសុសនិងមានសំឡេងព្រុសឮខ្លាំង ហើយតែងតែស្ថិតនៅជិតព្រះមហាក្សត្រិយានីដែលទើបតែសោយទិវង្គតទៅ តាំងពីព្រះអង្គមានព្រះជន្មពីវ័យក្មេងមកម្ល៉េះ។
ព្រះមហាក្សត្រីយានី Elizabeth ទី ២ បានចិញ្ចឹមសុនខប្រភេទនេះប្រមាណជិត ៣០ ក្បាល ក្នុងអំឡុងពេលទ្រង់មានជីវិត ហើយសត្វទាំងនេះបានរស់នៅដោយក្តីសប្បាយរីករាយ ដោយទទួលបានការថែទាំដ៏ល្អក្នុងនាមជាសត្វចិញ្ចឹមរបស់ព្រះមហាក្សត្រិយានី។
ការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ កាលពីសប្តាហ៍មុន បានធ្វើឱ្យមានក្តីបារម្ភកើនឡើងថា តើអ្នកណានឹងថែរក្សាសត្វសុនខជាទីស្រលាញ់របស់ព្រះអង្គនោះ។
ព្រះនាងម្ចាស់ Elizabeth និងព្រះនាងម្ចាស់ Margaret Rose គង់លើរថទេះសេស ជាមួយសុនខមួយក្បាល កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ១៩៤០។
ទីភ្នាក់ងារព័ត៌មាន Sky News បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី ១១ ខែកញ្ញា ថា បើយោងតាមអ្នកនាំពាក្យរបស់ព្រះបរមរាជវាំងមួយរូប សុនខពូជ corgis ទាំងនោះ នឹងត្រូវយកទៅចិញ្ចឹមបន្តដោយព្រះអង្គម្ចាស់ Andrew និងអតីតព្រះមហេសីរបស់ទ្រង់គឺលោកស្រី Sarah Ferguson។
លោក Robert Lacey អ្នកប្រវត្តិសាស្ត្រនៃគ្រួសាររាជវង្សនិងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា «ព្រះមហាក្សត្រិយានី Elizabeth II ទី២ និងព្រះរាជដំណាក់ Windsor» បានថ្លែងក្នុងសម្តីដើមថា៖
«មានរឿងមួយដែលមនុស្សជាច្រើនកំពុងចង់ដឹងនិងមានចម្ងល់នោះគឺថា តើក្នុងពិធីបុណ្យព្រះសពរបស់ព្រះមហាក្សត្រិយានីនោះ តើសុនខ corgi នឹងត្រូវគេអនុញ្ញាតឱ្យចូលរួមដែរឬយ៉ាងណានោះ»។
លោកបានថ្លែងបន្ថែមថា៖ «សុនខ corgis ជាមិត្តសំឡាញ់របស់ព្រះមហាក្សត្រិយានី។ សត្វសុនខជើងខ្លី សំឡេងព្រុសខ្លាំង ដែលមនុស្សជាច្រើននៅចក្រភពអង់គ្លេសមិនសូវចូលចិត្តនោះ បានបំពេញតួនាទីដ៏សំខាន់បំផុតសម្រាប់ព្រះមហាក្សត្រិយានី»។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ ថតរូបជាមួយសត្វសុនខ Corgis ចិញ្ចឹមរបស់ទ្រង់ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ១៩៧០។
ព្រះមហាក្សត្រិយានី Elizabeth បានចាប់ផ្តើមសព្វព្រះរាជហឫទ័យលើសុនខពូជ corgis នេះ តាំងពីឆ្នាំ ១៩៣៣ មក នៅពេលដែលបិតារបស់ព្រះអង្គ គឺព្រះមហាក្សត្រ George ទី ៦ បានយកសុនខពូជ Pembroke Welsh corgi មួយក្បាលមកព្រះរាជដំណាក់ ហើយបានដាក់ឈ្មោះសុនខតូចនោះថា Dookie។
រូបភាពមួយចំនួនដែលបង្ហាញឱ្យឃើញពីអតីតព្រះមហាក្សត្រីយានីបណ្តើរកូនឆ្កែតូច នៅខាងក្រៅព្រះរាជដំណាក់ដ៏ស្រស់ស្អាតនៅក្នុងទីក្រុងឡុងដ៍ នឹងក្លាយជារូបភាពទី ១ ក្នុងចំណោមរូបភាពនានាជាច្រើនរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ ជាច្រើនទសវត្សរ៍ខាងមុខទៀត។
នៅពេលដែលព្រះមហាក្សត្រីយានីមានព្រះជន្ម ១៨ ព្រះវស្សា ព្រះអង្គត្រូវបានគេថ្វាយសុនខមួយក្បាល ដោយបានដាក់ឈ្មោះថា Susan ដែលជាសត្វសុនខដំបូងនៃពូជ corgis ជាច្រើនទៀតដែលទ្រង់បានយកមកចិញ្ចឹម។ ក្រោយមកទៀត ក៏មានការបង្កាត់ពូជរវាងសុនខប្រភេទ corgi និងពូជសុនខប្រភេទ dachshund ផងដែរ។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ ទ្រង់គង់នៅក្បែរសត្វសុនខចិញ្ចឹមរបស់ទ្រង់ឈ្មោះ Susan កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ១៩៥៩។
សត្វសុនខទាំងអស់នេះ ក៏បានចាប់ផ្តើមបង្ហាញខ្លួនជាមួយព្រះមហាក្សត្រិយានី Elizabeth នៅតាមទីសាធារណៈ ហើយបានក្លាយជាផ្នែកដ៏សំខាន់មួយនៃព្រះរាជលក្ខណៈសម្បត្តិរបស់ទ្រង់។
ក្នុងរយៈពេលនៃការសោយរាជ្យប្រមាណ ៧០ឆ្នាំ សុនខប្រភេទ corgis នេះតែងតែស្ថិតនៅជិតនឹងព្រះមហាក្សត្រីយានីជានិច្ច ដែលក្នុងនោះក៏មានការធ្វើដំណើរជាផ្លូវការជាមួយព្រះអង្គទៅកាន់កន្លែងនានាជាច្រើនផងដែរ។
សត្វសុនខទាំងអស់នោះមានបន្ទប់ដេកដាច់ដោយឡែក នៅក្នុងព្រះបរមរាជវាំង Buckingham ដោយមានការផ្លាស់កម្រាលជាប្រចាំថ្ងៃ។ មានម្តងម្កាល សត្វសុនខទាំងនេះ បានខាំកែងជើងភ្ញៀវ ឬសមាជិករាជវង្សណាដែលពួកវាមិនដែលស្គាល់។
លោកស្រី Penny Junor អ្នកនិពន្ធជនជាតិអង់គ្លេសម្នាក់ បានសរសេររៀបរាប់ពីជីវិតដ៏ក្លៀវក្លានិងរហ័សរហួនរបស់សត្វសុនខតូចៗទាំងនោះ នៅក្នុងជីវប្រវត្តិរបស់ពួកវាកាលពីឆ្នាំ ២០១៨ ក្នុងសៀវភៅមួយដែលមានចំណងជើងថា «សុនខពូជ Corgis ទាំងអស់របស់ព្រះមហាក្សត្រីយានី»។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ យាងទៅដល់ស្ថានីយ៍រថភ្លើង King_s Cross នៅទីក្រុងឡុងដ៍ ដោយបណ្តើរសត្វសុនខចិញ្ចឹមរបស់ទ្រង់ កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ១៩៦៩។
អ្នកនិពន្ធរូបនេះបានរៀបរាប់នៅក្នុងសៀវភៅនោះថា ព្រះមហាក្សត្រីយានី បានបណ្តើរឆ្កែនិងដាក់ចំណីដល់ពួកវា បានដាក់ឈ្មោះឱ្យពួកវាដោយផ្ទាល់ ហើយនៅពេលដែលវាងាប់ សាកសពរបស់សុនខនោះត្រូវបានកប់ដោយមានផ្លាកឈ្មោះរៀងៗខ្លួនផងដែរ។
ការមើលថែទាំសត្វសុនខរបស់ព្រះមហាក្សត្រិយានីភាគច្រើន ជាកិច្ចការរបស់អ្នកកាត់សម្លៀកបំពាក់និងជាជំនួយការរបស់ព្រះអង្គ គឺលោកស្រី Angela Kelly និងជំនួយការរបស់លោកស្រី គឺលោក Paul Whybrew ដែលព្រះមហាក្សត្រីយានីបានទុកព្រះរាជហឫទ័យជាខ្លាំង។
អ្នកនិពន្ធរូបនេះបានសរសេរក្នុងសៀវភៅនោះថា៖ «ព្រះមហក្សត្រីយានីបារម្ភជាខ្លាំងចំពោះសត្វសុនខទាំងនោះ នៅពេលទ្រង់សោយទិវង្គត»។
ព្រះមហាក្សត្រិយានី Elizabeth ទី ២ យាងស្វាគមន៍សមាជិកនៃក្រុមកីឡា rugby មកពីប្រទេសនូវែលសេឡង់ ដោយមានសត្វសុនខពូជ Corgis របស់ទ្រង់អមជាមួយ នៅព្រះបរមរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០០២។
លោកស្រី Angela Kelly ក៏បានកត់សម្គាល់ផងដែរ នៅក្នុងសំណេររបស់លោកស្រីថា សមាជិករាជវង្សខ្លះមិនសព្វព្រះរាជហឫទ័យនឹងសុនខពូជ corgis ដូចព្រះមហាក្សត្រីយានី Elizabeth ឡើយ។
ទោះជាយ៉ាងណាក្តី បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Sky News របស់អង់គ្លេសនោះ សត្វសុនខពូជ corgis ដែលនៅសេសសល់ នឹងត្រូវបានមើលថែទាំដោយព្រះរាជបុត្រមួយអង្គ ក្នុងចំណោមព្រះរាជបុត្រទាំងបីរបស់ព្រះមហាក្សត្រីយានី គឺព្រះអង្គម្ចាស់ Andrew និងអតីតព្រះមហេសីរបស់ទ្រង់គឺលោកស្រី Sarah Ferguson៕
មហាក្សត្រិយានី Elizabeth ទី ២ និងព្រះអង្គម្ចាស់ Philip អមដោយសុនខមួយក្បាលរបស់ព្រះមហាក្សត្រិយ៍ នៅព្រះរាជដំណាក់ Windsor កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ១៩៥៩