ពីនេះ ពីនោះ
តើអ្នកស្គាល់ «លំដាប់» និង «អម្បូរ» របស់ត្រីក្អី ទេ?
17, Sep 2022 , 10:59 am        
រូបភាព
ត្រីក្អី។ រូបភាពៈ IFReDI/FiA
ត្រីក្អី។ រូបភាពៈ IFReDI/FiA
ដោយ៖ មច្ឆាខ្មែរ
 
នៅក្នុងប្រទេសកម្ពុជា មានប្រភេទត្រីរស់នៅក្នុងទឹកប្រៃ (សមុទ្រ) ត្រីរស់នៅក្នុងទឹកភ្លាវ (ទឹកប្រៃលាយទឹកសាប) និងត្រីរស់នៅក្នុងទឹកសាប (ទន្លេមេគង្គ ឬបឹងទន្លេសាប) ផងដែរ។ ត្រីទាំងនោះ ក៏មានបែងចែកជាប្រភេទត្រីឥតស្រកា និងត្រីមានស្រកាផងដែរ។ ដើម្បីងាយសម្គាល់ប្រភេទត្រី អ្នកស្រាវជ្រាវបានបែងចែកត្រីជា «លំដាប់ Order» (សម្រាប់សម្គាល់លក្ខណៈរូបរាង ទ្រង់ទ្រាយ សណ្ឋាន) និង «អម្បូរ Family» (សម្រាប់សម្គាល់ ពួក ក្រុម និងប្រភេទ)។

 
ខាងក្រោមនេះ គឺជាប្រភេទត្រីស្ថិននៅក្នុងលំដាប់ ORDER: OSTEOGLOSSIFORMES ដែលមានពីរអម្បូរ (Family) គឺ Osteoglossidae និង Notopteridae។ អត្ថបទលើកមុន «មច្ឆាខ្មែរ» បានដកស្រង់យកលក្ខណៈរូបរាង ទ្រង់ទ្រាយ ឬសណ្ឋាន នៃត្រីនៅក្នុងអម្បូរ Osteoglossidae ដែលមានតែមួយពួកគឺ Scleropages នោះគឺ «ត្រីនាគ ឬត្រីតាពត» និងអម្បូរ Notopteridae ក្នុងពួក Notopterus នោះគឺ «ត្រីស្លាត» ចេញពីសៀវភៅ៖ «មគ្គុទ្ទេសក៍ស្តីពី ប្រភេទត្រីរស់នៅក្នុងដែនទឹកសាបនៃប្រទេសកម្ពុជា» មកបង្ហាញរួចទៅហើយ។  
 
នៅក្នុងអម្បូរ Notopteridae នៅមាន Chitala មួយពួកទៀត។ នៅក្នុងពួក Chitala នេះ មានត្រីបីប្រភេទ មានដូចជា៖ ត្រីក្រាយ (Chitala ornata), ត្រីក្រាយក្របី (Chitala lopis),  និងត្រីក្អី (Chitala blanci)។ ខាងក្រោមនេះ «មច្ឆាខ្មែរ» សូមលើក «ត្រីក្អី» (Chitala blanci) យកមកបង្ហាញជាមុនសិន។ 
 
«ត្រីក្អី» មានឈ្មោះវិទ្យាសាស្ត្រថា Chitala blanci  និងឈ្មោះជាភាសាអង់គ្លេស Indochina featherback។ គេអាចសម្គាល់ត្រីប្រភេទនេះបានដោយពិនិត្យមើលក្បាលរបស់ផត។ ដងខ្លួនរបស់វាស្តើង។ ព្រុយគូទរបស់វាវែង ចាប់ពីព្រុយពោះរហូតដល់ព្រុយកន្ទុយ។ មានស្នាមអុចខ្មៅ ខ្សែឆ្នូតបញ្ឆិត នៅផ្ទែកកន្ទុយ។ មានស្រកាល្អិតៗ។ រង្វះមាត់វែង។ វាមានប្រវែងស្តងដាប្រវែងដងខ្លួនទូទៅតូចជាង ៨០ ស.ម។ រស់នៅតែក្នុងទន្លេមេគង្គ៕

© រក្សាសិទ្ធិដោយ thmeythmey.com