ជាតិ
សង្គមជាតិ
ជាង២ឆ្នាំក្នុងអំឡុងកូវីដ-១៩ ក្រសួងសុខាភិបាល ចំណាយថវិកាអស់ ៧៥២លានដុល្លារ
17, Sep 2022 , 5:19 pm        
រូបភាព
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ រូបពី អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។ រូបពី អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
ដោយ៖ វន ស៊ីចេន

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ថ្លែងថា រដ្ឋាភិបាលចំណាយថវិការប្រមាណ៧៥២លានដុល្លារ ក្នុងរយៈពេលជាង២ឆ្នាំ នៃវិបត្តិកូវីដ-១៩។ ថវិការនេះ ក្រសួងសុខាភិបាល បានផ្ដល់ឲ្យក្រុមគ្រូពេទ្យ សម្រាប់​ទិញ​ឱសថ វ៉ាក់សាំង សម្ភារៈ​សុខាភិបាល និង​ឧបត្ថម្ភ​ដល់​មន្ដ្រី​សុខាភិបាល​ជួរមុខ។

 
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសុខាភិបាល » នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅ​ទីស្តីគណៈរដ្ឋមន្រ្តី អ្នកស្រី យក់ សម្បត្តិ លើកឡើងថា វិស័យ​សុខាភិបាល​គឺជា​ជ្រុង​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ​និង​កំពុង​អនុវត្ត​ផែនការ​របស់​ខ្លួន​ ​ទៅតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩-២០២៣។ អ្នកស្រី បញ្ជាក់ថា ថវិការនេះបាន​ទទួល​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មាន​ការ​សម្រេច​​ពី​សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រសួងសុខាភិបាល ប៉ាន់ស្មានទៅលើការចំណាយថវិការនេះ ប្រហែល៣៦លានដុល្លារ ​ក្នុង​ឆ្នាំ២០២០។
 
ដោយឡែក ក្នុង​ឆ្នាំ២០២១ ក្រសួង​ក៏បាន​ចំណាយ​ថវិកា​ទាំង​ទិញ​វ៉ាក់សាំង ឧបករណ៍ និង​ថវិកា​មួយ​ចំនួន នឹងបាន​ឧបត្ថម្ភ​ដល់​មន្ដ្រី​សុខាភិបាល ​មន្ដ្រី​ជួរមុខ មន្ដ្រី​ចត្តាឡីស័ក ក្រុម​គ្រូពេទ្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ក្រុម​គ្រូពេទ្យ​ដែល​ចុះទៅ​ព្យាបាល​ដល់​មូលដ្ឋាន​តាម​ភូមិ​​។ បើតាម អ្នកស្រី យក់ សម្បត្តិ ក្រសួងចំណាយ​ថវិកា​អស់ប្រមាណ៦៩២ លានដុល្លារ ក្នុង​​​ឆ្នាំ២០២១ ។ ចំណែក ក្នុង​ឆ្នាំ២០២២ គិត​ត្រឹម​ខែកញ្ញា ​ រដ្ឋចំណាយថវិការអស់ ២៤លាន​ដុល្លារ​ ដែលជាការប៉ានស្មាន។​ នេះបើតាម អ្នកនាំពាក្យក្រសួងសុខាភិបាលដដែល។
 
អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «​ថវិកា​នេះ​ ខ្ញុំ​គិតថា​សម្ដេច​តេជោ​ ហ៊ុន សែន ​លោក​តែងតែ​ជម្រាប​ជូន​ថា ក្នុង​រយៈពេល​ជាង២ឆ្នាំ​កន្លងមក​នេះ ​យើង​ប្រើប្រាស់​ធនធាន​ថវិកា​ច្រើនណាស់​។ សម្រាប់​ក្រសួង​សុខាភិបាល​តួលេខ​យើង​អត់​បាន​គិតថា ​ប្រមុខ​រដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ក្រោយ​ពី​វិបត្ដិ​កូវីដ-១៩ នោះទេ»។​
 
ទន្ទឹមនេះ ប្រទេសដែលជា​ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា មាន​ប្រទេស​ចិន និងប្រទេស​ផ្សេងទៀត បាន​ជួយ​ផ្ដល់​វ៉ាក់សាំង​មក​កម្ពុជា ដែល​ជា​ជំនួយ​ឥតសំណង​។ អ្នកស្រី ​បន្ថែមថា  រហូត​មក​ដល់​ពេលនេះ វ៉ាក់សាំង​ទាំង​ទិញ ទាំង​ជំនួយ​សរុប​​ប្រហែល ៧៤លាន​ដូស។​
 
គួរបញ្ជាក់ថា នៅសល់​វ៉ាក់សាំង​មកពី​កូ​វ៉ា​ក់​ប្រមាណជាង ៥លាន​ដូ​ស​ និង​វ៉ាក់សាំង​មក​ពី​ប្រទេស​ចិន ១៥លានដូសទៀត​ រួមទាំង​វ៉ាក់សាំង​ប្រទេសជា​ដៃគូ​ ​ដែល​រំពឹងថា​ទទួល​បាន​នៅ​ឆ្នាំ ២០២៣ផងដែរ ។ ដោយឡែក ​វ៉ាក់សាំង​ដែល​ប្រើប្រាស់​រាល់ថ្ងៃ​មាន​​ប្រហែល ៦លានដូស​។ ​ក្រសួង​បាន​បញ្ជូន​វ៉ាក់សាំង​មួយ​ចំនួន​ទៅ​តាម​មន្ទីរពេទ្យ​និង​មណ្ឌល​សុខភាព​ដើម្បី​ចាក់​ជូន​ពលរដ្ឋរួចរាល់​ហើយ។ នេះបើតាម អ្នក ស្រី យក់ សម្បត្តិ៕
 
 
 

Tag:
 សង្គម
  ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com