ជាតិ
សង្គមជាតិ
លោក លី រស្មី នាំបច្ចេកវិទ្យាពីជប៉ុនកែប្រែលូទឹកស្អុយកណ្ដាលក្រុងសៀមរាប ជាផ្លូវទេសសចរដើរកម្សាន្ត
17, Sep 2022 , 8:59 pm        
រូបភាព
ប្រឡាយលូទឹកស្អុយដែលកែលម្អជាសួន និងផ្លូវថ្មើរជើង
ប្រឡាយលូទឹកស្អុយដែលកែលម្អជាសួន និងផ្លូវថ្មើរជើង
សៀមរាប៖ ធ្លាប់ជាប្រឡាយលូទឹកស្អុយដែលផ្តល់ក្លិនមិនល្អដល់ពលរដ្ឋរស់នៅក្បែរ សព្វថ្ងៃទីតាំងនេះ បានកែប្រែមុខមាត់ថ្មី មានសួនច្បារ អាងទឹក ពិសេសជាផ្លូវថ្មើរជើងដ៏ទាក់ទាញសម្រាប់ទេសចរដើរកម្សាន្ត។ នេះជាការរៀបចំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានលោក លី រស្មី ជាអ្នកកាន់គម្រោង។

 
ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយលោក លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចតទៅ៖






 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទនាថ្ងៃទី១៦ ខែកញ្ញា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក លី រស្មី ប្រាប់ថា ប្រឡាយទឹកស្អុយក្នុងសង្កាត់ស្វាយដង្គំនេះ កន្លងមកបានប៉ះពាល់ដល់សុខុមាលភាពសង្គមជាខ្លាំង ដូច្នេះហើយទើបក្រសួងមានគំនិតដើម្បីកែលម្អទៅជាផ្លូវ និងជាផលិតផលទេសចរណ៍ថ្មីសម្រាប់ក្រុងសៀមរាប។ លោកបន្ថែមថា អតីតប្រឡាយទឹកស្អុយនេះមានទំហំ ៥x៦៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ (មុខសណ្ឋាគារសុខាអង្គរ) ដល់វិថីព្រះសង្ឃរាជទេពវង្ស ដែលជាប្រជុំជនសំខាន់ក្នុងក្រុងសៀមរាប។


 
«ការកែប្រែពីកន្លែងដែលមានក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថានទៅជាកន្លែងដែលមានបរិស្ថានល្អ គឺជាការគិតគូរដល់សុខុមាលភាពនគរូបនីយកម្មក្រុង ក៏ត្រូវតែមានសុខភាពល្អដែរ ដើម្បីធានាបានដល់អ្នករស់នៅក្រុងសៀមរាប មានភាពល្អប្រសើរ អាចទាក់ទាញភ្ញៀវទេសចរជាតិ អន្ដរជាតិ ធ្វើដំណើរកម្សាន្តលើផ្លូវជាតិលេខ៦ ឆ្ពោះទៅផ្សាររាត្រី...»។ នេះជាការលើកឡើងរបស់លោក លី រស្មី។
 
តាមការបញ្ជាក់ពីលោក លី រស្មី នេះជាគម្រោងដំបូងគេដែលក្រសួងបានរៀបចំកែលម្អប្រឡាយទឹកស្អុយ ទៅជាផ្លូវទេសចរដើរកម្សាន្តបាន។ រដ្ឋលេខាធិការរូបនេះពន្យល់ថា បានឃើញការអភិវឌ្ឍនៅប្រទេសជប៉ុន ហើយជាអ្វីដែលកម្ពុជាអាចរៀនសូត្រ និងអភិវឌ្ឍន៍ក្រុងដូចប្រទេសជឿនលឿនទាំងនោះបាន។ លោករំពឹងថា ទៅថ្ងៃក្រោយនឹងមានការរៀបចំនៅតំបន់ដទៃទៀត ដែលមានស្ថានភាពដូចគ្នានេះ។
 

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ពេលដឹកនាំក្រុមការងារពិនិត្យការដ្ឋានកែលម្អប្រឡាយលូទឹកស្អុយ នាថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២២។

លោក លី រស្មី ពន្យល់បន្ថែមថា៖«បើគិតពីនគរូបនីយកម្មក្រុង គឺមានភាពរីកចម្រើនសមស្របទៅតាមកំណើនសេដ្ឋកិច្ចជាតិ ក៏ប៉ុន្តែនៅសល់ចំណុចមួយចំនួនដែលខ្ញុំគិតថាគួរធ្វើការកែលម្អទីក្រុងឱ្យមានភាពសមស្រប ដូចជាកន្លែងទឹកកខ្វក់ជាដើម ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរនៅក្នុងទីក្រុង»។
 
ផ្លូវថ្មើរជើងថ្មីនេះ មានឈ្មោះថា កោងកាងសាងស្នេហ៍។ លោក លី រស្មី ពន្យល់ថា តាមគំនិតរបស់រដ្ឋមន្រ្តី ជា សុផារ៉ា លោកចង់ឱ្យយកដើមកោងកាងទឹកសាបមកដាំក្នុងប្រឡាយទឹកនេះ ហើយក្រុមការងារនឹងរៀបចំដាំក្រោយការស្ថាបនារួចរាល់។ បច្ចុប្បន្នះនេះ ការងារសម្រេចបាន៩០ភាគរយហើយ ក្រោយស្ថាបនាកែលម្អពីខែ មីនា ឆ្នាំ២០២២មក។


 ប្រឡាយលូទឹកស្អុយ មុនកែលម្អ ថតនៅខែ តុលា ឆ្នាំ២០២០

ពលរដ្ឋរស់នៅក្បែរផ្លូវថ្មីដែលជាអតីប្រឡាយទឹកស្អុយ លោក ទួន សុមេធា បានបង្ហាញអារម្មណ៍ត្រេកអរចំពោះសមិទ្ធផលថ្មីមួយនេះ។ លោក សុមេធា រៀបរាប់ថា កូនៗរបស់លោកអាចរត់លេងបានស្រួល និងមានសុខភាពល្អ ដែលខុសពីមុន ពេលអត់មានគម្របលូគឺមានក្លិនជះមិនល្អចេញពិសេសក្នុងរដូវប្រាំង ហើយបន្ទប់ជួលរបស់លោក ក៏មិនសូវមានអ្នកជួលដែរ៕
 





 
 
 
 

Tag:
 ផ្លូវលូក្រុងសៀមរាប
  កោងកាងសាងស្នេហ៍
© រក្សាសិទ្ធិដោយ thmeythmey.com