ជាតិ
សង្គមជាតិ
រឿងត្រូវបញ្ចប់៖ អាណាព្យាបាលសិស្ស មិនប្តឹង, ​លោកនាយកសាលាសេរីភាព សុំការអធ្យាស្រ័យ
17, Sep 2022 , 6:29 pm        
រូបភាព
រូបពីវិទ្យាល័យហ៊ុនសែន សេរីភាព
រូបពីវិទ្យាល័យហ៊ុនសែន សេរីភាព
ភ្នំពេញ​៖ រឿងរ៉ាវនៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ត្រូវភាគីទាំងពីរ ស្រុះស្រួលគ្នាបញ្ចប់តាមផ្លូវសន្តិវិធី ដោយភាគីអាណាព្យាបាល សម្រេចមិនប្តឹងលោកនាយកឡើយ ហើយលោកនាយក បានសុំការអធ្យាស្រ័យចំពោះទង្វើរបស់ខ្លួន។ 

 
កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២២ គណៈគ្រប់​គ្រង​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល បាន​ជួប​ប្រជុំ​ជា​មួយ​អាណាព្យាបាលសិស្ស ​និង​សិស្សជាសាមីខ្លួន ដើម្បី​សម្រប​សម្រួលករណី​វិវាទ​ ដែល​លោក​នាយក​បាន​វាយ​សិស្ស​ស្រីមួយ​រូប​ចំស្មា​ខាង​ក្រោយ ព្រោះ​សិស្ស​នោះ​មិន​គោរព​វិន័យ​។ ជា​​លទ្ធផល ភាគី​ទាំង​សង​ខាង ​ព្រម​ព្រៀង​លើ​ការ​សម្រេច​៤​ចំណុច​។
 
តាម​រយៈ​សារ​សំឡេង​​ដែល​លោក រស់​ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ ផ្ដល់​ឱ្យ​សារព័ត៌​មាន​ថ្មី​ៗ កិច្ចព្រមព្រៀងទាំង៤នោះ៖
 
ទី១ ​មាតាបិតាទទួល​ស្គាល់​ មិន​បាន​ខឹង និង​មិន​​មាន​គម្រោង​ប្ដឹង​ទៅ​លោក​នាយក​ឡើយ​។ ប៉ុន្តែ​អាណាព្យាបាល​សិស្ស បាន​សំណូមពរ​ទៅ​លោក​នាយក​ និង​អ្នក​សារព័ត៌​មាន​ ឲ្យបញ្ឈប់​​ការ​យក​ព័ត៌​មាន​ទៅ​ចុះ​ផ្សាយ​ ដែល​មាន​ចេតនាចោទ​ប្រកាន់​ថា កូន​របស់​គាត់​ខូច ច្រឡើស​បើស​ ដែល​ជា​ហេតុ​ផល​មួយ​ធ្វើ​ឱ្យកូន​របស់​គាត់​​​អាច​បាក់​ទឹក​ចិត្ត​ ឬ​ប៉ះ​ពាល់​ដល់​កិត្តិយស​របស់​នាង​​។
 
ទី២ ​អាណាព្យាបាល​​ស្នើ​សុំ​កុំ​ឱ្យ​មាន​ការ​គុំកួន ​ធ្វើ​បាប​ដោយ​ចេតនា ឬ​អចេតនា និង​ដាក់​បន្ទុក​ឱ្យ​កូន​របស់​គាត់​។ 
ទី៣ ​លោក​នាយក ​​បាន​ទទួល​យក​សំណូម​ពរនោះ​ ដើម្បី​កែលម្អ និង​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​​ទង្វើ​​ឆ្គាំ​ឆ្គង​របស់​លោក​​ផង​ដែរ​។
​ទី៤ ​​ភាគីទាំង​ពីរ​បាន​ឯកភាព​ស្រុះ​ស្រួល​គ្នា​ ​​បញ្ចប់​ព័ត៌​មាន​នេះ ដោយ​សន្ដិ​វិធី​។

សូម​បញ្ជាក់​ថា ក្រោយ​ពី​សាធារណជន​ បាន​ឃើញ​ខ្លីប​វីដេអូ​មួយ​ ដែល​មាន​រយៈ​ពេល​ជាង​១​នាទី បង្ហាញ​ពី​សកម្មភាព​គ្រូ​វាយ​សិស្ស​ស្រី​ម្នាក់មួយ​ដៃ​​​ចំស្មា​ពី​ក្រោយ​ និង​បាន​ប្រទាញ​កាបូប​ស្ពាយ​ក្រោយ​របស់​នាង​ផងនោះ​ បាន​ធ្វើ​ឱ្យ​សាធារណជន​ជា​ច្រើន​ បាន​យក​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ជា​វេទិកា​វែកញែក​។ ភ្លាម​ៗ​ក្រោយ​ពី​មាន​ការ​រិះគន់​ លោក​នាយក​វិទ្យា​ល័យ​សេរី​ភាព​ ម៉ម សុធានី បាន​បកស្រាយ​ថា គឺ​មក​ពី​សិស្ស​ស្រី​នោះ​ យក​ប៊ិក​គូស​វាស​លើអាវ​រៀន​ ផ្គើន​និង​គ្រូ ​ខណៈ​ពេល​ដែល​គ្រូ​កំពុង​ប្រាប់​ឱ្យ​សិស្ស​ក្នុង​សាលា​ឈប់​គូស​វាស​បែប​នោះ​។ យ៉ាង​ណា​ក៏​ដោយ​ ក៏​មាន​ដែរ អ្នក​ដែល​បាន​រិះគន់​ នារីម្នាក់ដែល​ទំនង​ជា​អ្នក​ថត​វីដេអូនោះ​ ថា​នាង​មាន​សម្ដី​​មិន​សម​រម្យ​ ជា​សិស្ស​ដែល​ទទួល​បាន​ការ​អប់រំ​៕
 
 

Tag:
 អប់រំ​
  សាលា​
  នាយកសាលា​
  សិស្ស​
 អាណាព្យាបាល​​
 
© រក្សាសិទ្ធិដោយ thmeythmey.com