ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីមហាផ្ទៃ ចាត់ទុកល្បែងខុសច្បាប់ ជាមេរោគមហារីក ដែលធ្វើឲ្យបញ្ហាសង្គមកាន់តែស្មុគស្មាញ បើមិនដោះស្រាយ
19, Sep 2022 , 3:59 pm        
រូបភាព
សម្តេច ស ខេង ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយបញ្ចប់ការដឹកនាំកិច្ចប្រជុំអំពីការប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
សម្តេច ស ខេង ផ្តល់បទសម្ភាសដល់អ្នកកាសែត ក្រោយបញ្ចប់ការដឹកនាំកិច្ចប្រជុំអំពីការប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។
«ល្បែងខុសច្បាប់ ជាមេរោគមហារីកសង្គម។ បើយើង មិនដោះស្រាយទេ មេរោគហ្នឹង កាន់តែរីក ធ្វើឲ្យបញ្ហាសង្គមយើង កាន់តែស្មុគស្មាញ»។ នេះជាប្រសាសន៍របស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅកាន់ក្រុមអ្នកកាសែត ក្រោយពីសម្តេច បញ្ចប់ការដឹកនាំកិច្ចប្រជុំស្តីពីការប្រឆាំងអំពើជួញដូរមនុស្ស នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២។


 
សម្តេច ស ខេង បានហៅការធ្វើប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ថាជាការពន្លត់ភ្លើង។ សម្តេច លើកឡើងថា បើមិនដោះស្រាយល្បែងស៊ីសងខុសច្បាប់ទេ មេរោគសង្គម១នេះ នឹងកាន់តែរាលដាល រហូតបង្កឲ្យមានបទល្មើសផ្សេងៗទៀត។ 

សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ដែលជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដែរនោះ មើលឃើញថា សូម្បីការជួញដូរមនុស្ស ការធ្វើទារុណកម្ម ការលក់ដូរកម្លាំងពលកម្ម និងការឆបោក ជាដើម ក៏អាចមានដើមចមចេញពីការបើកល្បែងស៊ីសងខុសច្បាប់នេះដែរ។ សម្តេច បន្តថា សមត្ថកិច្ច ត្រូវបង្ក្រាបទៅលើបទល្មើសទាំងនេះព្រមគ្នាតែម្តង ។ 
 
កិច្ចការសំខាន៣យ៉ាង ដែលសមត្ថកិច្ច ត្រូវធ្វើ គឺ ទី១ សង្គ្រោះជនរងគ្រោះ ដែលត្រូវបោកឲ្យបម្រើការងារផ្នែកល្បែងស៊ីសងខុសច្បាប់ ឬរងគ្រោះក្នុងអំពើជួញដូរមនុស្ស ទី២ ចាប់ជនល្មើស ដែលពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ ឬពាក់ព័ន្ធនឹងការជួញដូរមនុស្ស ទៅផ្តន្ទាទោស ទី៣ បិទអាជីវកម្ម ដែលលួចបើកល្បែងស៊ីសងខុសច្បាប់ ឬពាក់ព័ន្ធនឹងការជួញដូរមនុស្ស។ នេះបើផ្អែកតាមប្រសាសន៍របស់សម្តេច ស ខេង ដដែល។ 
 
ជាមួយគ្នានេះ សម្តេចឧបនាយករដ្ឋមន្រ្តី ថ្លែងថា អាជ្ញាធរ ត្រូវបង្កើនការគ្រប់គ្រងលើការធ្វើដំណើររបស់ជនបរទេសចូលកម្ពុជា ដើម្បីធានាថា ពួកគេ ចូលមកកម្ពុជា ដោយត្រឹមត្រូវតាមច្បាប់ និងមានទិដ្ឋាការ។ សម្តេច បន្តថា បើជនបរទេសទាំងនោះ ចូលមក ដើម្បីធ្វើការងារនៅកម្ពុជា អាជ្ញាធរ ត្រូវពិនិត្យមើល ថាតើពួកគេ មានបណ្ណការងារដែរឬទេ។ សម្តេច បញ្ជាក់ថា ការបង្កើនការត្រួតពិនិត្យលើជនបរទេសនេះ គឺដើម្បីចៀសវាងកុំឲ្យមានករណីដែលពួកគេ ចាញ់ឧបាយកលផ្សេងៗ រហូតធ្លាក់ក្នុងការធ្វើទារុណកម្ម និងរងអំពើហិង្សា ជាដើម។ 
 
គួររម្លឹកថា រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាសេនាធិការ កំពុងខ្នះខ្នែងបង្ក្រាបអំពើជួញដូរមនុស្ស អំពើជួញដូរកម្លាំងពលកម្ម និងអំពើជួញដូរផ្លូវភេទ បន្ទាប់ពីអាម៉េរិក ដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេស ដែលមានការជួញដូរមនុស្សធ្ងន់ធ្ងរ តាំងពីអំឡុងខែកក្កដា ឆ្នាំ២០២២មក។ 
 
ខណៈកំពុងប្រឹងប្រែងបង្ក្រាបអំពើជួញដូរមនុស្ស រដ្ឋាភិបាលកម្ពុជា បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស១ទៀត គឺល្បែងស៊ីសងខុសច្បាប់នេះឯង។ ដោយមានសំណើពីរដ្ឋមន្រ្តីមហាផ្ទៃ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការបង្កើតក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស។ លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាននៃក្រុមការងារនេះ ដោយមានលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាអនុប្រធាន។ 
 
ក្រោយមក១ថ្ងៃ គឺថ្ងៃទី១៧ ខែកញ្ញា សម្តេច ហ៊ុន សែន បានបង្ហោះសារជាសំឡេងលើបណ្តាញសង្គម ដោយព្រមានខ្លាំងៗថា គ្រប់អាជីវកម្ម ដែលលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ នឹងត្រូវបិទចោល ហើយរាល់មន្រ្តី និងកងកម្លាំង ដែលមិនបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នឹងត្រូវដកចេញពីតំណែង ដោយរាប់ទាំងអភិបាលរាជធានី-ខេត្តផងដែរ។ ពេលនាយករដ្ឋមន្រ្តីព្រមានរួច គេ សង្កេតឃើញមន្រ្តីនិងកងកម្លាំងនៅតាមរាជធានី-ខេត្តនីមួយៗ ចាប់ផ្តើមញាប់ដៃញាប់ជើងចុះទៅបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះនៅតាមមូលដ្ឋានភ្លាមៗ៕ 
 

Tag:
 ស ខេង
  ល្បែងខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com