អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ខេមប្រ៊ូវ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ រៀបចំចលនាសម្អាតបរិស្ថាន ដើម្បីចូលរួមទិវាសម្អាតពិភពលោក ឆ្ពោះទៅកាន់ «កម្ពុជាស្អាត កម្ពុជាបៃតង»
19, Sep 2022 , 4:09 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន ខេមប្រ៊ូវ រួមជាមួយនឹងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋាន បានរៀបចំយុទ្ធនាការសម្អាតបរិស្ថាន ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចលនានេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ របស់ លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរដ្ឋបាលរាជធានីភ្នំពេញ, លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំនេះដឹង និងព័ត៌មានបរិស្ថាន, លោក តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ ព្រមជាមួយនឹងនិយោជិត-និយោជក របស់ក្រុមហ៊ុន ខេមប្រ៊ូវ យុវជន និងអាជ្ញាធរពាក់ព័ន្ធជាង ៥០០ នាក់។


 
នេះជាចលនាសម្អាតលើកទី ២ ក្នុងឆ្នាំ២០២២ ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានសហការជាមួយដៃគូពាក់ព័ន្ធ ​បន្ទាប់ពីបានរៀបចំធ្វើនៅខេត្តព្រះសីហនុ ក្នុងខែកក្កដា កន្លងទៅនេះ  ដើម្បីប្រារពន្ធទិវាសម្អាតបរិស្ថានពិភពលោក ក៏ដូចជាចូលរួមលើកកម្ពស់ការយល់ដឹង ពីកិច្ចការពារបរិស្ថាន និងលើកទឹកចិត្ត ឲ្យមានការចូលរួមឲ្យកាន់តែច្រើនពីប្រជាពលរដ្ឋ ដើម្បីបរិស្ថានកាន់តែប្រសើរ ក្រោមសារ «កម្ពុជាស្អាត កម្ពុជាបៃតង»។
 
ក្នុងចលនានេះដែរ  លោក Bruce Kidner អគ្គនាយកគ្រប់គ្រងស្តីទី និងជានាយកជាន់ខ្ពស់ផ្នែកហិរញ្ញវត្ថុ បានសម្ដែងនូវក្ដីរីករាយ និងពេញចិត្តជាខ្លាំង ដែលក្រុមហ៊ុន ខេមប្រ៊ូវ បានក្លាយជាចំណែកមួយ ក្នុងគំនិតផ្ដួចផ្ដើមមួយនេះ។   លោកបានថ្លែងថា៖  «ខេមប្រ៊ូវ ពិតជាមានក្តីសោមនស្សរីករាយ ដែលបានរៀបចំចលនាសម្អាតនេះ ដែលជាសកម្មភាពបំផុសស្មារតី អំពីការគ្រប់គ្រងកាកសំណល់ប្រចាំថ្ងៃ ក៏ដូចជាជួយដឹកនាំ ឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នូវទម្លាប់នៃការចោលសំរាម»។ លោកបានបន្តទៀតថា៖ «ការចូលរួមនេះ បានឆ្លុះបញ្ចាំង អំពីឆន្ទៈរួមគ្នាតែមួយរបស់ពួកយើង ក្នុងកិច្ចការពារបរិស្ថាន។ យើងទាំងអស់គ្នាសុទ្ធតែមានភារកិច្ចរៀងៗខ្លួន ប៉ុន្ដែអ្វីដែលពួកយើងមានរួមគ្នា គឺការចូលរួមទទួលខុសត្រូវក្នុងការអភិវឌ្ឍសង្គមឲ្យកាន់តែប្រសើរ ប្រកបដោយចីរភាព»។


 
លោក Bruce Kidner ជឿជាក់ថា ការចូលរួមរបស់ខេមប្រ៊ូវ និងអ្នកពាក់ព័ន្ធ​ទាំងអស់​ ក្នុងវិស័យបរិស្ថាន  នឹងនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន មិនថាតិច ឬច្រើន​។
 
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ​ បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ ចូលរួមចំណែកធ្វើឲ្យទីក្រុងយើងស្អាត ក៏ដូចជាដើម្បីបណ្តុះគំនិតប្រជាពលរដ្ឋរាជធានីភ្នំពេញ ឲ្យចូលរួមទាំងអស់គ្នា ដើម្បីទទួលភ្ញៀវថ្នាក់ដឹកនាំកំពូលៗ របស់អាស៊ាន ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំ និងរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅ ឆ្នាំ២០២៣ ខាងមុខនេះ»។
 
ចំណែក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំនេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានលើកឡើងថា៖«ក្រសួងបរិស្ថាន ដែលមានអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ជាសេនាធិការ បាន និងកំពុង រៀបចំកម្មវិធីចលនាប្រឡងប្រណាំង ‘ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព’ លើវិស័យបរិស្ថាន ដើម្បីការផ្លាស់ប្តូរផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជា ឱ្យមានការយល់ដឹង និងចូលរួមប្រតិបត្តិមេត្រីបរិស្ថាន ក៏ដូចជាជំរុញឱ្យអាជ្ញាធរភូមិ ឃុំ-សង្កាត់ យកចិត្តទុកដាក់បន្ថែមទៀត ក្នុងការរៀបចំភូមិ ឃុំ-សង្កាត់របស់ខ្លួនឱ្យមានអនាម័យ សោភ័ណភាព និងបរិស្ថានល្អប្រសើរក្នុងសហគមន៍មួយ ដែលមានភាពសុខដុម ស្របតាមបរិស្ថានរបស់ខ្លួន និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលជាការរួមចំណែក ក្នុងយុទ្ធនាការកម្ពុជាស្អាត កម្ពុជាបៃតង ធ្វើឱ្យមាតុភូមិកម្ពុជាយើង ទទួលបានភាពស្អាត និងបៃតង»។


  
លោក តុប សុភ័ក រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ក៏បានថ្លែងថា៖ «ស្អាត ជាអភិក្រមថ្មីនៅក្នុងការជំរុញវិស័យទេសចរណ៍របស់យើង ក្នុងបរិបទក្នុង និងក្រោយ ជំងឺឆ្លងកូវីដ-១៩ ។ ក្នុងន័យនេះ ស្អាតដោយមានទេសភាពស្រស់ត្រកាល ស្អាតដោយភាពប្រណិត ស្អាតដោយមានបរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ញាញ់ពិសា ដែលត្រូវទាមទារឲ្យមានការគិតគូរ និងគ្រប់គ្រងដោយហ្មត់ចត់ នៅមុនពេល និងកំឡុងពេលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមក្នុងឆ្នាំ២០២៣ ខាងមុខនេះ»។
 
ក្រុមហ៊ុន ខេមប្រ៊ូវ បានបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនស្រាបៀរ និងភេសជ្ជៈឈានមុខគេមួយនៅកម្ពុជា ក្រុមហ៊ុនបន្តប្ដេជ្ញាដឹកនាំ និងប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងដោយចីរភាព និងបន្ដចូលរួមចំណែក ដើម្បីសង្គមកាន់តែប្រសើរទាំងថ្ងៃនេះ និងថ្ងៃស្អែក​។
 
តាមរយៈព្រឹត្តិការន៍នេះ បានបង្ហាញពីចក្ខុវិស័យរួមគ្នា រវាងវិស័យសាធារណៈ ឯកជន អង្គការសង្គមស៊ីវិល និងប្រជាជន ក្នុងការជំរុញឲ្យមានការអភិវឌ្ឍជាចីរភាព។ រួមគ្នា យើងនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន និងបង្កើតអនាគតរួមគ្នាដ៏ប្រសើរសម្រាប់យើងទាំងអស់គ្នា៕
 


















(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Cambrew
© រក្សាសិទ្ធិដោយ thmeythmey.com