ជាតិ
សង្គមជាតិ
លោក ជា អូន៖ អង្គការ និងប្រទេសមួយចំនួន សរសើរនារីខ្មែរ ដែលបម្រើការងារក្នុងវិស័យអាកាសចរណ៍
19, Sep 2022 , 11:59 pm        
រូបភាព
លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល»។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន នៃអាកាសចរស៊ីវិល ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល»។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល។
ដោយ:
ភ្នំពេញ៖ អង្គការ និងប្រទេសមួយចំនួន បានសរសើរទៅលើនារីកម្ពុជា ដែលបានចូលបម្រើការនៅក្នុងវិស័យអាកាសចរណ៍ ខណៈរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញទៅលើយែនឌ័រ ដើម្បីឱ្យនារីមានការងារធ្វើល្អៗផងដែរ។ នេះបើតាមលោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផល៥ឆ្នាំកន្លងមក របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល» នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។



លោក ជា អូន បានលើកឡើងបែបនេះថា៖«អង្គការ និងបណ្ដាប្រទេសទាំងនោះ បានជជែកវែកញ៉ែកពីសមត្ថិភាពរវាងនារី និងបុរស [ឃើញថា] បុរសមានប្រេកង់ទាប តែនារីមានប្រេកង់ខ្ពស់ ដូច្នេះធ្វើឱ្យសំឡេងពេលសន្ទានា ឬបញ្ជាមិនសូវច្បាស់ តែនារីៗវិញមានសំឡេងច្បាស់ល្អ ធ្វើឱ្យមានអ្នកស្ដាប់ពួកគេប្រឹងស្ដាប់»។
 
លោក បន្ថែមថា នារីៗ ពួកគេមាននិស្ស័យពីធម្មជាតិ ដូច្នេះ ទើបមានការសរសើរពីសំណាក់ប្រទេសនានា ហើយពេលប្រជុំ ពួកគេ បានលើកឡើងពីការបញ្ជាយន្តហោះរបស់នារីជាច្រើនផងដែរ។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជារូបនេះ ផ្តល់ព័ត៌មានថា បច្ចុប្បន្ន អ្នកបើកយន្តហោះកម្ពុជា (ពីឡុត) វ័យក្មេង មាន១៦នាក់និងវ័យចំណាស់ មាន១៦នាក់ដូចគ្នា ក្នុងនោះមាននារី៣នាក់ កំពុងបម្រើការងារ ខណៈ១៨នាក់ទៀត កំពុងសិក្សា និងដាក់ពាក្យចូលបម្រើការនៅលើមុខជំនាញមួយនេះ។
 
លោក ជា អូន បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ និងជំរុញទៅលើយែនឌ័រ ដើម្បីឱ្យមានការចូលរួមក្នុងវិស័យការងារឱ្យបានច្រើន និងមានការងារធ្វើល្អផងដែរ។ លោក បន្ថែមថា កាប់ពីទែននៅអាកាសចរណ៍កម្ពុជា ទាំងអ្នកចាស់ និងអ្នកថ្មីមានប្រមាណ ៥០នាក់ប៉ុណ្ណោះ ដូចនេះហើយតម្រូវការនៅតែមានសម្រាប់ពីឡុត ដែលត្រូវទៅបម្រើការនៅអាកាសចរណ៍ស៊ីវិល។
 
លោក ថ្លែងដូច្នេះថា៖«កាប់ពីទែន នៅអាកាសចរណ៍កម្ពុជា នឹងបង្រៀនក្មេងៗជំនាន់ក្រោយ ឱ្យទៅជាពីឡុត ហើយទៅថ្ងៃអនាគត នឹងបង្រៀនឱ្យពួកគេក្លាយជា កាប់ពីទែន។ ទាំងនេះគឺជាអ្វីដែលអាកាសចរណ៍ស៊ីវិលកម្ពុជាកំពុងអនុវត្ត»។
 
លោក ជា អូន ផ្តល់ព័ត៌មានថា បច្ចុប្បន្នកម្ពុជាមាន ក្រុមហ៊ុនហោះហើរចំនួន៦ ដែលមានជាង២០យន្តហោះ ដោយតម្រូវឱ្យមានពីឡុតចំនួន ២នាក់ក្នុង១យន្តហោះ ហើយសម្រាប់នារីអាកាសចរណ៍តាមយន្តហោះតម្រូវឱ្យមាន៤នាក់។ លោក បន្តថា បើតាមការគណនា យ៉ាងហោចណាស់ គឺត្រូវការពីឡុត ចំនួន ១០០នាក់ និងអ្នកបម្រើការងារលើយន្តហោះ ២០០នាក់ ដើម្បីបម្រើការនៅអាកាសចរណ៍កម្ពុជា។ សម្រាប់អ្នកផ្សេងទៀត ដែលមានជំនាញបម្រើការងារបន្ទាប់បន្សំប្រមាណចន្លោះពី ៧០០ទៅ ១០០០នាក់ ដែលបម្រើការនៅក្រុមហ៊ុនអាកាសចរណ៍។
 
​លោក ជា អូន បានបន្ថែមថា វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា មានតម្រូវការច្រើនចំពោះពីឡុត សម្រាប់ក្មេងៗជំនាន់ក្រោយ។ លើសពីនេះ ក៏មានច្រើនផ្នែកដែលត្រូវការយុវជនមានសមត្ថិភាព និងមានបំណងចង់បម្រើការនៅក្រុមហ៊ុនអាកាសចរណ៍៕
 
 

Tag:
 អាកាសចរណ៍កម្ពុជា
  Pilot
© រក្សាសិទ្ធិដោយ thmeythmey.com