អត្ថបទពាណិជ្ជកម្ម
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ឧបត្ថម្ភសម្ភារផ្សព្វផ្សាយបញ្ហាគ្រឿងញៀនដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម
20, Sep 2022 , 10:49 am        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី១៩  ខែកញ្ញា  ឆ្នាំ២០២២  អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើសន្សំមួយ ក្នុងចំណោមគ្រឹះស្ថានឈានមុខនៅកម្ពុជា បានប្រគល់ជូននូវខិត្តប័ណ្ណព័ត៌មាន ផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនចំនួន ៨០ ០០០ សន្លឹក និងសម្ភារផ្សព្វផ្សាយមួយចំនួនទៀត ដល់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បី​ផ្សព្វផ្សាយបញ្ជ្រាបពីបញ្ហាគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋ តាមរយ:គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី  ខេត្ត/ក្រុង  ស្រុក/ខណ្ឌ  ឃុំ/សង្កាត់  និងក្រសួងសមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
 
ពិធីប្រគល់នេះ បានធ្វើឡើងនៅការិយាល័យកណ្តាលរបស់ អិលអូអិលស៊ី ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងឧត្តមសេនីយ៍ទោ  លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ 


 
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ នៃ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍​ថា៖ “ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាការងាររួមរបស់យើងទាំងអស់គ្នា ដោយមិនអាចចាត់ទុកជាការងារផ្តាច់មុខ របស់នរណាម្នាក់ ឬក្រុមណាមួយឡើយ ហើយការដោះស្រាយ គឺត្រូវផ្តើមពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀន ជាបញ្ហារួមចម្បង ដែលយើងគ្រប់គ្នា ត្រូវចូលរួមដោះស្រាយដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ”។ លោកបានសំណូមពរឱ្យអ្នកពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋគ្រប់រូប រួមសហការគ្នាដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលបញ្ហាគ្រឿងញៀន ដែលនាំឱ្យបំផ្លាញសហគមន៍របស់យើង។ លោកបានបន្ថែមទៀតថា អិលអូអិលស៊ី នឹងបន្តគាំទ្រ ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យ៉ាងពេញទំហឹង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន។


 
ឧត្តមសេនីយ៍ ទោ  លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានប្រសាសន៍ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ជាដៃគូសហការយ៉ាងសកម្ម ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើការងារផ្សព្វផ្សាយអប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានជួយការងារសង្គមនានា មានដូចជាការផ្តល់នូវអណ្តូងទឹកស្អាត  កន្លែងលាងដៃ តាមសាលារៀន  ការប្រយុទ្ធប្រឆាំងការរីករាលជំងឺរាតត្បាតកូវីដ-១៩  ចរាចរណ៍  និងជួយដល់សកម្មភាពសង្រ្គោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ជាដើម។ ល។ លោក បានបន្ថែមថា ការចូលរួមអនុវត្តនូវយុទ្ធសាស្រ្តពហុវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន  គឺត្រូវការចូលរួមជាចាំបាច់ពីគ្រប់វិស័យ ជាពិសេសពីវិស័យឯកជន ដូចដែល អិលអូអិលស៊ី បាននឹងកំពុងបន្តធ្វើ ទាំងពេលនេះ  និងពេលអនាគត  សំដៅធានាសុខសុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋគ្រប់រួប  គ្មានគ្រឿងញៀន  គ្មានហិង្សា  គ្មានឧក្រិដ្ឋកម្ម។ 
 
សូមបញ្ជាក់ថា នេះជាលើកទី៨ហើយដែល អិលអូអិលស៊ី បានប្រគល់ជូនអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវខិត្តប័ណ្ណព័ត៌មាន និងសម្ភារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការបន្តចូលរួម ប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏ដូចជាជំរុញបន្ថែមដល់វឌ្ឍនភាពសង្គមជាតិកម្ពុជាទាំ​ងមូល៕


 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com