ជាតិ
សង្គមជាតិ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទទួលបានជំនួយម៉ាស៊ីន CNC តម្លៃ៣,៥លានដុល្លារពីជប៉ុន
20, Sep 2022 , 1:02 pm        
រូបភាព
លោក អ៊ុ រម្យនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក Hirotake Masahiro តំណាងនាយកក្រុមហ៊ុន DMG MORI ចុះMoU លើកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល។
លោក អ៊ុ រម្យនី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក Hirotake Masahiro តំណាងនាយកក្រុមហ៊ុន DMG MORI ចុះMoU លើកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល។
សៀមរាប៖ ក្រសួងអប់រំ យុវជន និងកីឡា បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន DGM MORI លើកិច្ចសហប្រតិបត្តិការពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកប្រព័ន្ធឌីជីថល និងជំនួយជាម៉ាស៊ីនទំនើប CNC ដែលជាជំនួយរបស់ជប៉ុន។ ម៉ាស៊ីនទាំងនេះ នឹងដាក់ឱ្យប្រើប្រាស់ក្នុងមជ្ឈមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន(CJDM) ស្ថិតក្រោមការគ្រប់គ្រងរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានតម្លៃ ៣,៥លានដុល្លារ។

 
ម៉ាស៊ីន CNC កម្រិតខ្ពស់ចំនួនបីគ្រឿង ដែលទំនើប និងដំបូងគេក្នុងប្រទេសតំបន់អាស៊ាន នឹងមកដល់កម្ពុជានាអំឡុងខែ តុលាខាងមុខនេះ លើគម្រោងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្នុងវិស័យឌីជីថលក្នុងឧស្សាហកម្ម ៤.០។ រាជរដ្ឋាភិបាលជប៉ុនបានគាំទ្រហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងសម្ភារម៉ាស៊ីន CNC ប្រភេទ 3D ដែលនឹងជួយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា សម្រេចនូវចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០។
 
រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ុំ រម្យនី ក្នុងពីធីចុះ MoU នាថ្ងៃទី១៨ កញ្ញា លើកឡើងថា គម្រោងកិច្ចសហប្រតិបត្តិការនេះបានដំណើរការមួយរយៈហើយ ដែលផ្តោតលើការបណ្ដុះបណ្ដាលធនធានមនុស្ស រីឯជំនួយជាម៉ាស៊ីន CNC ចំនួនបីគ្រឿង នឹងជួយឱ្យសិក្ខាកាមទាំងអស់ក្នុងមជ្ឈមណ្ឌល CJDM អាចប៉ះ និងអនុវត្តន៍ផ្ទាល់។ លោក រម្យនី ពន្យល់ត្រួសៗថា ម៉ាស៊ីនបែប3D នេះ មានសមត្ថភាពខ្ពស់ និងទាមទារឱ្យសិក្សាស៊ីជម្រៅ ដើម្បីអាចប្រើប្រាស់បាន ព្រោះវាត្រូវការប្រើកូដដើម្បីបញ្ជាវាឱ្យផលិតសម្ភារអ្វីមួយនៅលើបន្ទះលោហៈ និងជាសម្ភារស្មុគស្មាញ ដែលមនុស្សពិបាកនឹងធ្វើ។ 
 


លោករដ្ឋលេខាធិការបញ្ជាក់ថា ម៉ាស៊ីនទំនើបៗនេះ មានតម្លៃ ៣,៥លានដុល្លារអាមេរិក ដែលម៉ាស៊ីនទំនើប និងដំបូងគេបង្អស់នៅកម្ពុជា និងនៅតំបន់អាស៊ាន។ 
 
«សាកលវិទ្យាល័យភូមិន្ទភ្នំពេញ អ្នកគ្រប់គ្រង និងដំណើរការកសាងធនធានមនុស្ស និងបន្តពង្រីក បង្រៀនគ្រូជំនាញតាមគោលនយោបាយដែលបានចរចារគ្នា បានន័យថាក្រុមហ៊ុនបានផ្តល់ការបំពាក់បំប៉នទាំងសម្ភារ និងបច្ចេកទេស រួមនិងបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាគ្រូបង្គោល ហើយគ្រូបង្គោលទាំងនោះ នឹងបណ្ដុះបណ្ដាលបន្តគ្រូឯទៀត ដែលនឹងផ្សារភ្ជាប់រវាងក្រុមហ៊ុន និងសាលារៀន ពិសេសសាកលវិទ្យាល័យ និងក្រុមហ៊ុន ដើម្បីឱ្យធនធានទាំងនោះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបញ្រ្ជាបចូលក្នុងការទាញវិនិយោគិនធំៗពីប្រទេសផ្សេងៗ»។ នេះជាការបញ្ជាក់ពីលោក រម្យនី។
 


តំណាងក្រុមហ៊ុន DGM MORI លោក Hirotake Kobayashi ប្រាប់អ្នកសារព័ត៌មានថា ម៉ាស៊ីនប្រភេទ 3D មានសមត្ថភាពខ្ពស់អាចផលិតសម្ភារពីលោហៈធាតុបាន ដែលមនុស្សពិបាកធ្វើ។ មុននឹងអាចប្រើប្រាស់ម៉ាស៊ីនទំនើបនេះបាន ទាមទារឱ្យបុគ្គលនោះមានជំនាញខ្លាំង ពិសេសលើការសរសេរកូដ។ ហើយបច្ចុប្បន្ននេះ គម្រោងបានបណ្ដុះបណ្ដាលសិក្ខកាមចំនួន ៣១នាក់ ដែលនឹងក្លាយជាគ្រូបង្គោលសម្រាប់ការបណ្ដុះបណ្ដាលបន្តទៀត។ លើសពីនេះ ក្រុមហ៊ុន DMG MORI នឹងគាំទ្រមជ្ឈមណ្ឌល CJDM ដើម្បីថែទាំម៉ាស៊ីន CNC និងផ្តល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈសម្រាប់ប្រតិបត្តិការម៉ាស៊ីនដល់សាស្រ្ដាចារ្យ និងវិស្វករ រហូតដល់ឆ្នាំ ២០២៥៕


 
 

Tag:
 ផលិតកម្មឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com