ជាតិ
សេដ្ឋកិច្ច
ការចរាចរប្រាក់យ័នក្នុងបណ្តាប្រទេសអាស៊ាន បន្តកើនឡើង
20, Sep 2022 , 8:29 pm        
រូបភាព
ប្រាក់យ៉ន់ រូបពី China Daily ។
ប្រាក់យ៉ន់ រូបពី China Daily ។
សន្ទុះនៃការ​ប្រើប្រាស់​រូបិយប័ណ្ណ​​ប្រាក់យ័នរបស់ចិន ​មាន​ការ​កើន​ឡើងគួរឱ្យកត់សម្គាល់​ក្នុងបណ្តា​ប្រទេស​អាស៊ាន។ ការទូទាត់ប្រាក់យ័នឆ្លងព្រំដែនរវាងចិន និងអាស៊ានបានកើនឡើងជិត ២០ដងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។



ក្នុងឆ្នាំ២០២១ ទំហំនៃការទូទាត់ប្រាក់យ័នក្នុងអាស៊ាន បានឈានដល់៤៨០០ពាន់លានយ័ន (៦៨៤,៩៦ ពាន់លានដុល្លារ) កើនឡើង ១៦ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ។ នេះបើតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយដោយសមាគមហិរញ្ញវត្ថុនៃខេត្តគ័ងស៊ី នៅក្នុងកិច្ចប្រជុំកំពូលចិន-អាស៊ានលើកទី១៤ ស្តីពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍។ 
 
ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូទាត់រូបិយប័ណ្ណទ្វេភាគីជាមួយវៀតណាម ឥណ្ឌូណេស៊ី និងកម្ពុជាដាច់ដោយឡែកពីគ្នា កាលពីចុងឆ្នាំ ២០២១ ស្របពេលដែលកិច្ចព្រមព្រៀងទូទាត់រូបិយប័ណ្ណជាមួយឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងថៃ មានទំហំប្រមាណ ៨០០ ពាន់លានយ័ន (១១៤,១៤ពាន់លានដុល្លារ)។
 
ជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុអាស៊ានសរុបចំនួន ១៦ បានក្លាយជាប្រតិបត្តិករចូលរួមដោយប្រយោលថ្មីមួយសម្រាប់ប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងព្រំដែន (Cross-border Interbank Payment System ឬ CIPS)។ នៅឆ្នាំ២០២១ ទំហំ CIPS បានឈានទៅដល់ ៣ ៣០០ពាន់លានយ័ន៤៧០,៨១ពាន់លានដុល្លារ) សម្រាប់អាជីវកម្មឆ្លងព្រំដែនរវាងចិន និងអាស៊ាន។ នេះបើតាមសារព័ត៌មាន China Daily ចុះផ្សាយនាថ្ងៃទី១៩ កញ្ញា។
 
កិច្ចព្រមព្រៀង RCEP គឺជាផ្នែកមួយនៃការចូលរួមពង្រឹងបន្ថែមទៀតសម្រាប់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយប្រាក់យ័នត្រូវបានគេរំពឹងថា នឹងចរាចរកាន់តែទូលំទូលាយនៅក្នុងបណ្តាប្រទេសអាស៊ាន។
 
សូមបញ្ជាក់ថា ចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានក្នុងរយៈពេល ១៣ឆ្នាំកន្លងមកនេះ ហើយអាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មកំពូលរបស់ចិនក្នុងឆ្នាំ ២០២០ ដោយនាំមុខសហភាពអឺរ៉ុប។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មចិន។
 
បើយោងតាមអគ្គរដ្ឋបាលគយចិន ចាប់ពីខែមករាដល់ខែសីហា ទំហំពាណិជ្ជកម្មរវាងចិន និងអាស៊ានបានកើនដល់ ៦២៧,៦ ពាន់លានដុល្លារ កើនឡើងក្នុងអត្រា១៣,៣ភាគរយបើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១។
 
កាលពីពេលថ្មីៗនេះ ចិន​​ បានផ្តល់ជំនួយ​បច្ចេកទេសដែលមានទំហំទឹកប្រាក់ប្រមាណ៧លានដុល្លារ ដល់អាស៊ានសម្រាប់បង្កើនប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA)។ 
 

Tag:
 ចិន អាស៊ាន ប្រាក់យ៉ន់
© រក្សាសិទ្ធិដោយ thmeythmey.com