ជាតិ
កម្មករត្អូញត្អែរចង់បានប្រាក់ខែគោលជាង២០០ដុល្លារ
21, Sep 2022 , 8:59 am        
រូបភាព
កម្មករចេញពីបម្រើការងារនាពេលកន្លងមក។ រូបដោយ សហការីថ្មីៗ
កម្មករចេញពីបម្រើការងារនាពេលកន្លងមក។ រូបដោយ សហការីថ្មីៗ
ភ្នំពេញ៖ កម្មកររោងចក្រ សង្ឃឹមថាប្រាក់ខែគោលរបស់ពួកគេនៅឆ្នាំក្រោយ នឹងឡើងដល់ជាង២១០ទៅ២២០ដុល្លារក្នុងមួយខែ ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ពិសេសរដូវបុណ្យទាន។ 

 
រដូវបុណ្យទានមកដល់ កម្មករពុំមានប្រាក់គ្រប់គ្រាន់ក្នុងការធ្វើដំណើរ និងសម្រាប់ផ្គត់ផ្គង់សមាជិកគ្រួសារនៅឯស្រុកកំណើតឡើយ។ ពួកគេអះអាងថា សព្វថ្ងៃ បើគ្មានប្រាក់ថែមម៉ោងទេនោះ ការចាយវាយប្រចាំថ្ងៃរបស់ពួកគេពុំគ្រប់គ្រាន់ឡើយ ខណៈអតិផរណាកើនឡើង។ 
 
កម្មកររោងចក្រ ឌីន ហាន ដែលស្ថិតនៅសង្កាតស្ទឹងមាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ សព្វថ្ងៃទទួលបានប្រាក់ខែគោល ១៩៨ដុល្លារ។ តួលេខនេះ ត្រូវបានភាគីក្រុមហ៊ុនជួយដំឡើងបន្ថែម៤ដុល្លារទៀត ខណៈប្រាក់ឈ្នួលគោល ដែលរដ្ឋកំណត់ត្រឹម១៩៤ដុល្លារ សម្រាប់ឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់លោក ឡុង សក្កាដា ដែលជាកម្មករនៅទីនោះ ។
 
កម្មកររូបនេះ បន្តថា ជាទូទៅក្នុងមួយខែ កម្មករភាគច្រើនទទួលបានប្រាក់ខែជាមធ្យមប្រមាណ ២១០ទៅ២៧០ដុល្លារ ដោយសារតែពួកគេធ្វើការបន្ថែមម៉ោង។ ដូច្នេះ ដកការចំណាយប្រចាំថ្ងៃ រូបលោកអាចផ្ញើទៅអ្នកផ្ទះ បានត្រឹម៣០ដុល្លារប៉ុណ្ណោះ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក សក្កាដា ពោលថានៅអំឡុងពេលភ្ជុំ ពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្ញើទៅអ្នកផ្ទះឡើយ ពិសេសនៅពេលបុណ្យទាន និងឈឺថ្កាត់ម្ដងៗ ។ លោក រំពឹងទុកលើការចរចាឡើងប្រាក់ខែគោល សម្រាប់ឆ្នាំ២០២៣ ខណៈអតិផរណាកើនឡើង។ 
 
«ប្រាក់ខែគោលយើងក៏មិនចង់បានច្រើនលើសលុបណាស់ទេ បានសមល្មមរស់ទាំងអស់គ្នា ប្រមាណ២១៥ដុល្លារក្នុងមួយខែ គឺសម្រាប់រស់ទាំងអស់គ្នា ព្រោះការចាយវាយលើអីវ៉ាន់ផ្សេងៗ សព្វថ្ងៃថ្លៃៗ»។ នេះជាការលើកឡើងរបស់ លោក សក្កាដា ដោយអះអាងថា អំឡុងពេលកាន់បិណ្ឌ ពុំមានការថែមម៉ោងនៅកន្លែងការច្រើន ទើបខ្វះប្រាក់ផ្ញើទៅអ្នកផ្ទះនៅខេត្តតាកែវ ខណៈរូបលោកក៏ជាប់ជំពាក់បំណុលធនាគារ។ 
 

លោក ឡុង សក្កាដា កម្មកររោងចក្រ ឌីន ហាន(ពាក់អាវស)។ រូបពី ហ្វេសប៊ុករបស់លោក សក្កាដា 
 
លោក សក្កាដា ដែលបម្រើការងារនៅក្នុងរោងចក្រកាត់ដេរអស់ជាង៨ឆ្នាំនេះ ត្អូញត្អែរបែបនេះ៖ «អ្នកផ្ទះសុំ១០ម៉ឺនរៀលភ្ជុំនេះ ខ្ញុំអត់មានឲ្យពួកគាត់ផង! កម្មករសព្វថ្ងៃបើគ្មានការថែមម៉ោងទេ គឺចាយពុំគ្រប់ឡើយ ហើយអ្នកខ្លះរត់ចោលពីរោងចក្រមួយទៅរោងចក្រ ព្រោះរោងចក្រខ្លួនថែមម៉ោងតិចតួតពេក ទើបបង្ខំចិត្តរករោងចក្រណាដែលមានការថែមម៉ោងច្រើន»។ 
ការត្អូញត្អែរនេះ​ ពុំមែនមានតែលោក សក្កាដាទេ ។ លោក ប៊ុន វណ្ណ ដែលធ្វើការនៅរោងចក្រ ឌីង លីង ម្ដុំផ្លូវវេងស្រេង ខណ្ឌមានជ័យ លើកឡើងថា បច្ចុប្បន្ននៃប្រាក់ខែគោលកម្មករពុំទាន់សមរម្យទេ ខណៈពួកគេសង្វាតរកការងារថែមម៉ោងបន្ថែម។ 
 
«មួយឆ្នាំប្រាក់ឈ្នួលឡើងម្ដង២ដុល្លារ! បើផ្ទះជួយវិញឡើងម្ដង៥ដុល្លារ! នៅទំនិញផ្សេងៗទៀតឡើងគ្រប់មុខ បើគិតទៅប្រាក់ខែបានចាយមិនគ្រប់គ្រាន់។ ដូច្នេះ សព្វថ្ងៃនេះ គេមិនអាចហៅបានថា កម្មករមានប្រាក់ឈ្នូលសមរម្យឡើយ»។ លោក វណ្ណ លើកឡើងបែបនេះ ហើយសង្ឃឹមថាប្រាក់ខែគោលឆ្នាំក្រោយឡើងដល់ ២១០ទៅ២២០ដុល្លារក្នុងមួយខែ។  
 
ងាកទៅដំណើរចរចាប្រាក់ខែគោលកម្មកររោងចក្រសម្រាប់ឆ្នាំ២០២៣ គឺបានដល់ជុំទី៤ហើយ ។ ក្នុងនោះ តំណាងភាគីនយោជកបានដាក់តួលេខ ១៩៧ដុល្លារ ហើយភាគីរដ្ឋាភិបាល១៩៨ដុល្លារ។ ចំណែក តំណាងភាគីកម្មករនិយោជិត បានលើកតួលេខចំនួន ៣ផ្សេងគ្នា គឺតួលេខ ២០៦ដុល្លារមាន សំឡេងគាំទ្រ៨សំឡេង, តួលេខ២១០ដុល្លារមានសំឡេងគាំទ្រ៣សំឡេង និងតួលេខ ២១៣ដុល្លារ មានសំឡេងគាំទ្រ៦សំឡេង។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
 
ការចរចានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេចចុងក្រោយ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរឆ្នាំ២០២៣ នៅថ្ងៃទី២១ កញ្ញា ។ 
 
ជុំវិញការចរចាប្រាក់ខែគោលកម្មករនេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​យល់ថា កម្មករគួរណាស់មានប្រាក់ខែខ្ពស់ ខណៈអតិផរណាកើនឡើង គួរឲ្យកត់សម្គាល់។ មេសហជីពរូបនេះ សង្ឃឹមថា ភាគីពាក់ព័ន្ធនឹងយល់ពីស្ថានភាពកម្មករ ដើម្បីជួយសម្រួលដល់ជីវភាពពួកគេ។  
 
«យើងរង់ចាំមើលការសម្រេចចុងក្រោយនៅថ្ងៃទី២១ ហើយយើងក៏សង្ឃឹមឆ្នាំនេះ កម្មករនឹងបានឡើងប្រាក់ខែគោលខ្ពស់ជាឆ្នាំមុនៗដែរ ព្រោះតួលេខដែលដាក់ចរចាគ្នា ខ្ពស់ជាតួលេខឆ្នាំមុន»។ នេះជាការលើកឡើងរបស់ លោក អាត់ ធន់ 


លោក អាត់ ធន់ ប្រធាន សហភាពការងារកម្ពុជា ក្នុងកិច្ចប្រជុំចរចាប្រាក់ឈ្នួលនាពេលកន្លេងមក។ រូបដោយ វតី 
 
នៅឆ្នាំ២០២២នេះ អតិផរណានឹងកើនឡើង ៤ភាគរយ ដោយសារកំណើនថ្លៃម្ហូបអាហារ ប្រេងឥន្ធនៈ ដែលបណ្ដាលមកពីការរងឥទ្ធិពលពីសង្រ្គាមរុស្សី និងអ៊ុយក្រែន និងថ្លៃដឹកជញ្ជូន ខណៈខ្សែច្រវាក់ផ្គត់ផ្គង់មានការរអាក់រអួល និងការកើនឡើងនៃតម្រូវការក្នុងស្រុក។ នេះបើតាមការព្យាកររបស់ លោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា កាលពីខែឧសភា ។
 
លោក បានបន្ថែមថា នៅឆ្នាំនេះកម្ពុជារំពឹងនឹងទទួលបានកំណើនសេដ្ឋកិច្ចរឹងមាំ ក្នុងអត្រា៥,៣ភាគរយ ដែលគាំទ្រដោយកំណើនក្នុងវិស័យកម្មន្តសាល៩,៦ភាគរយ, វិស័យសំណង់១,២ភាគរយ, វិស័យកសិកម្ម១,២ភាគរយ ។ ចំណែកវិស័យទេសចរណ៍ ត្រូវបានរំពឹងថា នឹងមានកំណើនវិជ្ជមាន៦ភាគរយ៕ 
 
 
 
 
 

Tag:
 កម្មករ
  ប្រាក់ឈ្នួល
  ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com