ជាតិ
លោក ឃ្លាំង ហួត ឲ្យពលរដ្ឋដែលបាត់ម៉ូតូ ទៅរកនៅ OCIC
21, Sep 2022 , 2:29 pm        
រូបភាព
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ(ពាក់អាវខៀវ) ក្នុងប្រតិបត្តិការឆែកម៉ូតូតាមឃ្លាំងបញ្ចាំនៅម្ដុំឃ្លាំងរំសេវ។ រូបពី រដ្ឋបាលខណ្ឌទួលគោក
លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ(ពាក់អាវខៀវ) ក្នុងប្រតិបត្តិការឆែកម៉ូតូតាមឃ្លាំងបញ្ចាំនៅម្ដុំឃ្លាំងរំសេវ។ រូបពី រដ្ឋបាលខណ្ឌទួលគោក
ភ្នំពេញ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ ប្រាប់ឲ្យពលរដ្ឋ ដែលបាត់ម៉ូតូ ទៅរកនៅឃ្លាំង OCIC នៅខណ្ឌជ្រោយចង្វារ។ អាជ្ញាធរ បានចេញប្រតិបត្តិការបង្ក្រាបល្បែងទីតាំងល្បែងស៊ីសង និងចុះឆែកហាងបញ្ចាំម៉ូតូ ដែលសង្ស័យថា ទទួលទិញម៉ូតូខុសច្បាប់ នៅទូទាំងរាជធានីភ្នំពេញ។

 
ក្នុងយុទ្ធនាការណ៍ចុះពិនិត្យឃ្លាំងម៉ូតូនិងហាងបញ្ចាំ ដែលជាប់សង្ស័យ នឹងករណីលួចនិងគេចពន្ធ រយៈពេលប៉ុន្មានថ្ងៃនេះ អាជ្ញាធរបានរកឃើញម៉ូតូជាង៥០០គ្រឿង នៅទីតាំងម្ដុំឃ្លាំងរំសេវ។ ករណីនេះ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ឲ្យពលរដ្ឋដែលបាត់ម៉ូតូ ទៅរកម៉ូតូខ្លួននៅ OCIC ខណ្ឌជ្រោយចង្វារ។ ជាមួយគ្នានេះ សមត្ថកិច្ច បានរកឃើញជនសង្ស័យ ដែលជាចោរលួចម៉ូតូ៥នាក់ផងដែរ។ 
 
ប្រតិបត្តិការនេះ លោក ឃ្លាំង ហួត កត់សម្គាល់ឃើញ ភាពមិនប្រក្រតីជាច្រើន ក្នុងហាងបញ្ចាំ ដូចជា ការកំណត់អត្រាការប្រាក់ខ្ពស់, សម្ភារខ្លះគេចពន្ធ និងខ្លះទៀតគ្មានឯកសារគ្រប់គ្រាន់។ អភិបាលរងរូបនេះ បានអះអាងថា អាជ្ញាធរនឹងចុះបង្ក្រាបទីតាំងល្បែងស៊ីសង និងឆែកឃ្លាំងបញ្ចាំ នៅទូទាំងភ្នំពេញ ដើម្បីទប់ស្កាត់ដល់បទល្មើសផ្សេងទៀត។ 
 
«ខ្ញុំអរគុណដែលបានផ្ញើសារ ពីឃ្លាំងម៉ូតូជាច្រើន ហើយឥឡូវខ្ញុំកំពុងជាប់ដៃនៅទឹកល្អក់៣ ឃ្លាំងរំសេវនេះចប់ យើងខ្ញុំនឹងចុះទៅទាំង១៤ខណ្ឌ។ អ៊ីចឹង បងប្អូនត្រូវសហការជាមួយយើងខ្ញុំ…ហើយខ្ញុំសូមសន្យាជួសមុខឲ្យឯកឧត្ថម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ខ្ញុំ ឃ្លាំង ហួត សុំសច្ចានៅទីនេះ ដែលកំពុងភ្លៀងរលឹម បើធ្វើការងារនេះ គ្មានភាពស្មោះត្រង់ជាមួយប្រជាជន សុំឲ្យរន្ទះបាញ់ងាប់»។ នេះជាការប្ដេជ្ញារបស់ លោក ឃ្លាំង ហួត ដែលអំពាវនាវ ឲ្យពលរដ្ឋ និងក្រុមអ្នកសារព័ត៌មាន ជួយរាយការណ៍ និងផ្ដល់ព័ត៌មានជុំវិញករណីសង្ស័យ ដើម្បីរួមគ្នាទប់ស្កាត់ល្បែងស៊ីសង ហាងបញ្ចាំ និងបទល្មើសនានា។ 
 
លោក ឃ្លាំង ហួត ពិនិត្យឃើញថា មានពលរដ្ឋខ្លះ យកម៉ូតូទៅបញ្ចាំ ដោយសារលេងល្បែងឆ្នោតឡូតូ។ 
 
សូមជម្រាបថា ថ្មីៗនេះ សម្ដេច ហ៊ុន​ សែន នាយករដ្ឋមន្ត្រីព្រមានដកដំណែង អភិបាលខេត្ត ក្រុង និងមន្ត្រីមូលដ្ឋានណា ដែលពុំមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចាត់វិធានការបង្ក្រាបល្បែងស៊ីសងទូទាំងប្រទេស៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com