អត្ថបទពាណិជ្ជកម្ម
សហគ្រិនខ្មែរ​ជំរុញ​សហគ្រាសធុនតូច និងមធ្យម (SMEs) ​ក្នុង​ស្រុក​ឲ្យ​ពង្រឹង​ការ​នាំចេញកញ្ចប់ទំនិញខ្នាតតូច
21, Sep 2022 , 3:53 pm        
រូបភាព
បណ្ដា​សហគ្រាស​ធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា កំពុង​តែ​បោះជំហាន​ឆ្ពោះទៅរកឱកាស​នៃ​​ការ​នាំចេញផលិតផល​របស់ខ្លួន ចេញក្រៅប្រទេស​ តាមរយៈកម្មវិធី “ជើងឯកអ្នកនាំចេញកញ្ចប់ ទំនិញខ្នាតតូច” (SPEC) ដែលគាំទ្រ​ដោយសហគ្រិនខ្មែរ និង​ស្វីសខន់ថាក់ (Swisscontact) ដោយមានការ​សហការ ពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) និងសមាគម​សហគ្រិនស្ត្រី កម្ពុជា (CWEA)។ កម្មវិធី “ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច” នេះ ​បានចាប់ផ្ដើមអនុវត្ត ​ដំណើរការ​កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោម​គម្រោង “ធ្វើឱ្យប្រសើរឡើងនូវពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក នៃកញ្ចប់ទំនិញខ្នាតតូចសម្រាប់ សហគ្រាសធុនតូច និងមធ្យម (SeT4SME)”  ដែលមានគោលបំណង​ពង្រឹង​សមត្ថភាព ​របស់ភាគីពាក់ព័ន្ធសំខាន់ៗ ​នៅ​ក្នុង​វិស័យ​នាំចេញ​កញ្ចប់ ទំនិញខ្នាតតូច ហើយ​ធ្វើឲ្យ​បណ្ដា​ក្រុមហ៊ុន ​នាំចេញ​កញ្ចប់ទំនិញខ្នាតតូច អាច​ផ្ញើកញ្ចប់ទំនិញរបស់ខ្លួន ទៅកាន់ទីផ្សារ​អន្តរជាតិ ​កាន់តែ​ងាយ​ស្រួល ឆាប់រហ័ស និង​មានប្រសិទ្ធភាពចំណាយជាងមុន។
 
លោក បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយក​ប្រតិបត្តិសហគ្រិន​ខ្មែរ បានមានប្រសាសន៍ថា៖ «ការធ្វើឌីជីថលនីយកម្មអជីវកម្ម ជា​យុទ្ធសាស្ត្រថ្មីមួយ ក្នុងការស្វែងរកទីផ្សារ ​ដែលបានធ្វើឡើងស្របតាម សសរស្តម្ភ ធុរកិច្ចឌីជីថល ក្នុងចំណោមសសរស្តម្ភទាំង៣ នៃក្របខណ្ឌគោលនយោបាយ សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២១-២០៣៥ នៃរាជរដ្ឋាភិបាល​កម្ពុជា។ ដូចនេះសហគ្រិនខ្មែរ​ សង្ឃឹមថា និន្នាការនៃការធ្វើអាជីវកម្មបែបនេះ នឹង​ក្លាយជាច្រកទ្វារថ្មី សម្រាប់បង្កើនការលក់ រួមទាំងការនាំចេញនូវកញ្ចប់ទំនិញ​​​ ពីបណ្ដាសហគ្រាសធុនតូច និងមធ្យមនានាក្នុងស្រុក ទៅកាន់ទីផ្សារ​អន្តរជាតិ” ។


 
លោក Rajiv Pradha នាយកប្រចាំប្រទេស​របស់ ស្វីសខន់ថាក់​កម្ពុជា និងជា​អ្នកសម្រប​សម្រួល សម្ព័ន្ធ​សកល​សម្រាប់ការ​សម្រប​សម្រួលពាណិជ្ជកម្ម​ ប្រចាំកម្ពុជា​ បានថ្លែងថា៖« យើងមានក្ដីសប្បាយរីករាយ ដែលបានរៀបចំ​បង្កើតកម្មវិធី ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូចនេះឡើង ​ជាមួយនឹង​សហគ្រិនខ្មែរ និង​សមាគម​សហគ្រិនស្ត្រីកម្ពុជា ដោយមានការគាំទ្រ ពី​សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។ ខ្ញុំមានជំនឿ​ចិត្តថា តួអង្គគំរូ​នៅ​ក្នុង​កម្មវិធី ជើងឯកអ្នកនាំចេញ កញ្ចប់ទំនិញខ្នាតតូចនេះ ​នឹងជួយដល់សហគ្រាស​ធុនតូច និងមធ្យម​ផ្សេងទៀត ឲ្យ​ពង្រីក​​ទីផ្សារ​របស់ខ្លួនជា​លក្ខណៈអន្តរជាតិ ហើយ​ជួយពង្រឹង​ដល់ភាព​ស័ក្ដិសិទ្ធិ ​​នៃសកម្មភាពនាំចេញ​កញ្ចប់ទំនិញ​ខ្នាតតូច ​​ពីក្នុង​ប្រទេស​ផងដែរ។ សហគ្រាស​ធុនតូច និងមធ្យម​ ដែលចូលរួម​នៅ​ក្នុងកម្មវិធីនេះ នឹង​អាចទទួលបាន​ចំណេះដឹងទាក់ទង ​ក្បួនច្បាប់ និងនីតិវិធី​ ក៏ដូចជា​ការអនុវត្តជាក់ស្ដែង​​ក្នុងការ ​នាំចេញ​កញ្ចប់ទំនិញ​ខ្នាតតូច ​ទៅកាន់ទីផ្សារ​គោលដៅ​របស់ខ្លួន។ យើង​ក៏សង្ឃឹមផងដែរថា ការ​អនុវត្តសាកល្បង​ដែលយើងកំពុងធ្វើឡើង តាមរយៈ​កម្មវិធី ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូចនេះ មានភស្តុតាង​បង្ហាញ​ពិត​ៗ ហើយ​កម្មវិធី ជើងឯក អ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូចនេះ នឹង​ក្លាយជា​កម្មវិធីសំខាន់​សម្រាប់​វិស័យ​នាំចេញ កញ្ចប់ទំនិញខ្នាតតូចនៅកម្ពុជា” ។ 
 
កម្មវិធី ជើងឯកអ្នកនាំចេញកញ្ចប់ទំនិញខ្នាតតូច (SPEC) បាន និងកំពុងជួយគាំទ្រ​ដល់​​សហគ្រាស ​ធុនតូច និងមធ្យមនានា​ ដែល​មានបំណង​​នាំចេញ​ទំនិញកញ្ចប់ខ្នាតតូច ​ទៅកាន់ទីផ្សារអន្តរជាតិ ក៏ដូចជា​ជំរុញ​កំណើន​នាំចេញរបស់ខ្លួន។ ​ សហគ្រាសធុនតូច និងមធ្យម ក្នុង​វិស័យវាយនភណ្ឌកសិកម្ម សិប្បកម្ម កែច្នៃចំណីអាហារ និង​ឧស្សាហកម្ម​ភស្តុភារកម្ម ជាសហគ្រាស​គោលដៅក្នុងការទទួលជំនួយនេះ។ ផលិតផល​ដែល​សមស្រប​ គឺជាផលិតផ​ល​ ដែល​ផលិត​ក្នុងស្រុក ហើយអាច​នាំចេញ​ជាកញ្ចប់ខ្នាតតូច​បាន ក្នុងទម្ងន់រហូតដល់ទៅ ២០គីឡូក្រាម ​តាមរយៈ​សេវាប្រៃសណីយ៍ ឬសេវា​ដឹកជញ្ជូនបញ្ញើរហ័ស ហើយទំនិញទាំងអស់នោះ មិនត្រូវជាប់ក្នុងបញ្ជីទំនិញ​ហាមឃាត់សម្រាប់ការនាំចេញ​នោះឡើយ​។ បណ្ដា​សហគ្រាសធុនតូច និងមធ្យម ​បានសម្ដែង​ការអរគុណចំពោះការ​ផ្ដល់ ឱកាស​ចូលរួម​ នៅ​ក្នុងកម្មវិធីនៅអំឡុងពេលសម្ពោធ ដាក់ឲ្យអនុវត្តកម្មវិធីជើងឯកអ្នកនាំចេញកញ្ចប់ ទំនិញខ្នាតតូច (SPEC) ហើយ​ពួកគាត់ នឹងបន្តចូលរួមក្នុងកម្មភាពជាបន្តបន្ទាប់ ​ពីកម្មវិធី “ជើងឯកអ្នក នាំចេញកញ្ចប់ទំនិញខ្នាតតូច (SPEC)” ។


 
លោកស្រី សេង តក្កនារី ស្ថាបនិក​ក្រុមហ៊ុន Sentosa Silk មានប្រសាសន៍ថា៖ “ព្រឹត្តិការណ៍នេះល្អណាស់ ហើយ​ជា​វេទិកា​មួយល្អ ​សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ដូចជា អង្គការស្វីសខន់ថាក់កម្ពុជា ប្រៃសណីយ៍កម្ពុជា សហគ្រិនខ្មែរ និង​ភាគីពាក់ព័ន្ធជា​ច្រើនផ្សេងទៀត។ ប្រសិនបើនិយាយពី​ដំណោះស្រាយ ព្រឹត្តិការណ៍នាថ្ងៃនេះ ពិតជាបានជួយបំភ្លឺ​ ពីរាល់ជំហាន​​បន្ទាប់​​នៅក្នុងការ​រៀបចំ ឯកសារ និង​ដំណើរការ​ផ្សេងៗ​ទៀត។ ឱកាស​ គឺមាននៅនឹងមុខ​យើង ហើយយើងពិតជា​អាច​​អភិវឌ្ឍ កម្មវិធីនេះ ​ឲ្យបានរីកចម្រើនមួយកម្រិតថែមទៀត” ។
 
លោកស្រី ហោ សុគន្ធា មកពីក្រុមហ៊ុន Sokunthea Natural Rice មានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះ ពិតជា​ល្អណាស់ ហើយលោកស្រី មានសេចក្ដីរីករាយ​ ដែលយើងមានវេទិកា​បែបនេះ ដើម្បីចែក​រំលែកនូវ​គំនិត​យោបល់​របស់យើង​។ សកម្មភាពនានាក្នុងថ្ងៃនេះ គួរឲ្យចាប់អារម្មណ៍ ដែល​អនុញ្ញាត​ឲ្យសិក្ខាកាម​អាចចូលរួមបានយ៉ាងពេញលេញ” ។ 


 
បណ្ដា​សហគ្រាសធុនតូច និងមធ្យម​ បានទទួលការបណ្ដុះបណ្ដាល តម្រង់ទិស​ ទាក់ទង​នឹង​កម្មវិធី ពាណិជ្ជកម្មអេឡិច​ត្រូនិក​ និង​​ការ​រៀបចំឯកសារ​ភស្តុភារកម្ម ជាពិសេស​ពាណិជ្ជកម្មអេឡិច​ត្រូនិក​ ឆ្លងប្រទេស និង​ការ​រចនា​ផលិតផល​ សម្រាប់ទីផ្សារ​នាំចេញ​។ បន្ទាប់មកទៀត សហគ្រាស ​នឹង​ត្រូវ​ឆ្លង​កាត់​វគ្គ​បង្ហាត់បង្ហាញ​ ក្នុងការជំរុញដល់ការ​នាំចេញ ផលិតផលទៅកាន់ទីផ្សារក្រៅប្រទេស។ ជា​ចុង​ក្រោយ សហគ្រាស​ធុនតូច និងមធ្យម ចំនួន១៥ នឹង​ទទួលបាន​វិញ្ញាបនបត្រ ​​ជា​ជើងឯកអ្នកនាំចេញ ហើយ​សហគ្រាស​ធុនតូច និងមធ្យម ដែលនាំមុខគេ​ចំនួន៣ ​នឹងទទួលបានជំនួយ​ជាទឹកប្រាក់​ តាមរយៈការ​ប្រកួតប្រជែង​នៅវគ្គផ្ដាច់ព្រ័ត្រ​។
 
គួរបញ្ជាក់ផងដែលថា សហគ្រិនខ្មែរ បង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានគោលបំណងកៀរគរ វិនិយោគ និងគ្រប់គ្រងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី សហគ្រិន ដ៏រស់រវើកនៅកម្ពុជា ដោយជំរុញសកម្មភាពសហគ្រិន ទៅដល់ការច្នៃប្រឌិត និងការបង្កើតតម្លៃបន្ថែម នៅក្នុងសេដ្ឋកិច្ចកម្ពុជា។ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាលជាតិ សម្រាប់ការលើកកម្ពស់សកម្មភាពសហគ្រិន ក្នុងវិស័យអាទិភាពចំនួនបួន៖ វិស័យបច្ចេកវិទ្យា ផ្តោតលើបច្ចេកវិទ្យាក្នុងធុរកិច្ចថ្មី វិស័យសេវាកម្មផ្តោត លើផ្នែកបដិសណ្ឋារកិច្ច និងផ្នែកដឹកជញ្ជូន វិស័យកសិកម្មផ្តោតលើផលិតផលកែច្នៃ សម្រាប់ការប្រើប្រាស់ ក្នុងស្រុក និងការនាំចេញ និងវិស័យ កម្មន្តសាលផ្តោតសំខាន់ ទៅលើផលិតកម្ម ជំនួសការនាំចូល និងបណ្តុំឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យម៕
 
(អត្ថបទពាណិជ្ជកម្ម) 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com