អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយលោក ពូទីន បញ្ជាឱ្យកែនទ័ព ចិនស្នើភាគីពាក់ព័ន្ធនៅអ៊ុយក្រែនចរចាបង្កើតបទឈប់បាញ់
22, Sep 2022 , 9:29 pm        
រូបភាព
អ្នកនាំពាក្យក្រសួងការបរទេសចិន​ Wang Wenbin ។ រូបថតក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន​ Wang Wenbin ។ រូបថតក្រសួងការបរទេសចិន
ដោយ:
រដ្ឋាភិបាលចិន នៅថ្ងៃទី២១ ខែកញ្ញា អំពាវនាវឱ្យភាគីពាក់ព័ន្ធសង្រ្គាមនៅអ៊ុយក្រែនបង្កើតបទឈប់បាញ់តាមរយៈកិច្ចសន្ទនា។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បញ្ជាចល័តទ័ពបម្រុងទៅបន្តប្រយុទ្ធនៅអ៊ុយក្រែន។

 
ចិនតែងរងការរិះគន់ពីអាម៉េរិក និងសម្ព័ន្ធពីការមិនដាក់ទណ្ឌកម្ម និងថ្កោលទោសទង្វើឈ្លានពានរុស្ស៊ីតាមការអំពាវនាវរបស់អន្តរជាតិ។ ប៉ុន្តែម្តងហើយម្តងទៀត ទីក្រុងប៉េកាំងអះអាងថា ខ្លួនគាំទ្រអធិបតេយ្យភាពរបស់ប្រទេសទាំងអស់សូម្បីតែអ៊ុយក្រែន។ 
 
ពាក់ព័ន្ធនឹងជំហររបស់ក្រុងប៉េកាំងលើជម្លោះនៅអ៊ុយក្រែននេះ រដ្ឋាភិបាលក្រុងប៉េកាំងម្តងជាពីរដងអំពាវនាវឱ្យភាគីពាក់ព័ន្ធបង្កើតបទឈប់បាញ់តាមរយៈកិច្ចសន្ទនា។ ការអំពាវនាវលើកនេះធ្វើឡើង បន្ទាប់ពីរុស្ស៊ីមិនព្រមបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនឡើយ ដោយចេញបញ្ជាកែនទ័ពបម្រុង៣០ម៉ឺននាក់បន្តប្រតិបត្តិការសឹក ហើយថែមទាំងព្រមានចាត់វិធានការគ្រប់យ៉ាងដើម្បីការពារប្រទេសខ្លួន។
 
« យើងអំពាវនាវឱ្យភាគីពាក់ព័ន្ធបង្កើតបទឈប់បាញ់តាមរយៈកិច្ចសន្ទនា និងការពិភាក្សា ហើយស្វែងរកដំណោះស្រាយដែលសម្របសម្រួលក្តីបារម្ភរឿងសន្តិសុខរបស់ភាគីទាំងអស់ដោយស្របច្បាប់ឱ្យបានឆាប់តាមដែលអាចធ្វើបាន»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ឆ្លើយបែបនេះទៅកាន់សំណួរអ្នកកាសែតអំឡុងសន្និសីទសារព័ត៌មាននាថ្ងៃទី​២១ ខែកញ្ញា ដោយបញ្ជាក់ថា ចិនមានឆន្ទៈធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីបន្តដើរតួនាទីជាអ្នកស្ថាបនាបន្ថយភាពតានតឹង។ 
 
ចំណែកទាក់ទងផែនការធ្វើប្រជាមតិចូលរុស្ស៊ីនៅតំបន់អ៊ុយក្រែនមួយចំនួនវិញ លោក Wang បញ្ជាក់ថា ចិនតែងតែប្រកាន់ខ្ជាប់ថា អធិបតេយ្យភាព និងបូរណភាពទឹកដីប្រទេសទាំងអស់គួរតែត្រូវបានគោរព គោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិគួរតែត្រូវបានគោរព ការព្រួយបារម្ភពីសន្តិសុខស្របច្បាប់របស់ប្រទេសទាំងអស់គួរតែត្រូវបានយកចិត្តទុកដាក់ឱ្យខ្លាំង ហើយកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលអំណោយផលដល់ការដោះស្រាយវិបត្តិដោយសន្តិវិធីគួរតែត្រូវបានគាំទ្រ។ 
 
តំបន់ផ្តាច់ខ្លួននៅអ៊ុយក្រែនដូចជា Donetsk, Luhansk, Kherson និងZaporizhzhia គ្រោងធ្វើប្រជាមតិចូលទឹកដីរុស្ស៊ីពីថ្ងៃទី២៣-២៧ ខែកញ្ញា ដែលផែនការនេះត្រូវបានលោកខាងលិចថ្កោលទោសយ៉ាងខ្លាំង ពីព្រោះវាជាការធ្វើប្រជាមតិដែលប្រឆាំងនឹងច្បាប់អន្តរជាតិ និងបំពានលើឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន៕
 
 
 
 
 
 
 
 
 
 

Tag:
 ចិន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com