ជាតិ
សង្គមជាតិ
លោក ហ៊ុន​ ម៉ានី៖ ការផ្ដន្ទាទោសលោក ខៀវ សំផន ជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងជាការផ្សះផ្សារបួសផ្លូវចិត្តអ្នកនៅរស់
22, Sep 2022 , 6:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
រូបភាពពីហ្វេសប៊ុកលោក ហ៊ុន ម៉ានី
តុលាការកំពូលនៃតុលាការខ្មែរក្រហម បានប្រកាសសាលដីកាអំពីការរក្សាទោសមួយជីវិតចំពោះលោក ខៀវ សំផន ​អតីតប្រមុខរដ្ឋនៃរបបខ្មែរក្រហម ក្នុងសំណុំរឿង ០០២/០២ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២។ លោក ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្រ្ត ដែលបានចូលស្តាប់ការប្រកាសសាលដីកានេះដែរនោះ ចាត់ទុកការផ្ដន្ទាទោសលោក ខៀវ សំផន ថាជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងជាការផ្សះផ្សារបួសផ្លូវចិត្តអ្នកនៅរស់។



លោក ហ៊ុន ម៉ានី យល់ថា សាលដីកានេះ ជាសច្ចភាពមួយដែលបានឆ្លុះបញ្ចាំងពីរបបសាហាវយង់ឃ្នងដែលកម្ពុជាបានជួបប្រទះក្នុងអតីតកាលដ៏ខ្មៅងងឹត។ លោក បន្តថា នីតិវិធីដែលបានតុលាការខ្មែរក្រហម ចំណាយពេលជាង១៦ឆ្នាំ ក្នុងការកាត់ទោសមេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ទទួលបានយុត្តិធម៌ផ្លូវការ ដោយអ្នកប្រព្រឹត្តបទល្មើសត្រូវទទួលខុសត្រូវខ្ពស់បំផុតនៃរបបឧក្រិដ្ឋមួយនេះ។ 
 
«ថ្ងៃនេះ ជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ដែលបានបាត់បង់ជីវិត ក៏ដូចជាការផ្សះផ្សានូវរបួសផ្លូវចិត្តសម្រាប់អ្នកដែលបានរស់រានមានជីវិតដែលបានរស់នៅក្នុងភាពឈឺចាប់ឱ្យបានស្ងប់ចិត្ត»។ នេះជាសាររបស់លោក ហ៊ុន ម៉ានី លើទំព័រហ្វេសប៊ុករបស់លោក។
 
តំណាងរាស្រ្តរូបនេះ ថែមទាំងហៅ សំណុំរឿងនេះ ថាជាប្រវត្តិសាស្រ្តដល់យុវជនកម្ពុជាជំនាន់ក្រោយឱ្យចងចាំ និងរៀនសូត្រ ហើយមិនត្រូវអនុញ្ញាតឱ្យស្នាមប្រេះស្រាំនៃអតីតកាលនេះកើតឡើងវិញសារជាថ្មីឡើយ។ លោក បន្ថែមថា  យុវជនជំនាន់ក្រោយត្រូវចូលរួមថែរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានក្នុងការកសាង និងអភិវឌ្ឍជាតិ។
 
មេដឹកនាំកំពូលៗនៃរបបខ្មែរក្រហម ដែលត្រូវនាំខ្លួនទៅកាន់ទោសនៅតុលាការខ្មែរក្រហម ដូចជា លោក នួន ជា លោក អៀង សារី និង អ្នកស្រី អៀង ធីរិទ្ធ បានទទួលមរណភាពអស់ហើយ។ លោក កាំង ហ្កេចអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម ក៏ទទួលមរណភាពដែរ។ បច្ចុប្បន្ន នៅសល់តែមេដឹកនាំខ្មែរក្រហមម្នាក់ប៉ុណ្ណោះ គឺលោក ខៀវ សំផន ដែលនៅមានជីវិត។ 
 
សំណុំរឿង ០០២/០២ របស់លោក ខៀវ សំផន គឺជាសំណុំរឿងចុងក្រោយបង្អស់ ដូច្នេះ ក្រោយពីប្រកាសសាលដីកាលើសំណុំរឿងនេះរួចហើយ តុលាការខ្មែរក្រហម ក៏លែងមានសំណុំរឿង ដែលត្រូវលើកយកទៅជំនុំជម្រះទៀតដែរ។ រយៈពេលជាង១៦ឆ្នាំ ដោយគិតពីការចាប់ផ្តើមដំណើរការដំបូង នៅឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២២នេះ តុលាការខ្មែរក្រហម បានចំណាយថវិកាអស់ជាង៣៣៧លានដុល្លារ៕ 
 

Tag:
 ហ៊ុន ម៉ានី
  ខៀវ សំផន
© រក្សាសិទ្ធិដោយ thmeythmey.com