ជាតិ
ក្រសួងទេសចរណ៍ ហាមអាជីវករដំឡើងថ្លៃកន្លែងស្នាក់ និងម្ហូបអាហារ អំឡុងបុណ្យភ្ជុំបិណ្ឌ
23, Sep 2022 , 9:19 am        
រូបភាព
ក្រសួងទេសចរណ៍ ហាមអាជីវករកុំតំឡើងថ្លៃ អំឡុងបុណ្យភ្ជុំបិណ្ឌ
ក្រសួងទេសចរណ៍ ហាមអាជីវករកុំតំឡើងថ្លៃ អំឡុងបុណ្យភ្ជុំបិណ្ឌ
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ហាមអាជីករ ដំឡើងថ្លៃ កន្លែងស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មផ្សេងៗ អំឡុងពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២៤ ២៥ដល់ថ្ងៃទី២៦ ខែកញ្ញា ខាងមុខ។ បម្រាមនេះ ធ្វើឡើងដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ នៅតាមរមណីយដ្ឋាននានា។



យោងតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី ខេត្ត សមាគមទេសចរណ៍ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរ ដើម្បីចូលរួមរៀបចំនៃការគ្រប់គ្រង់ចរន្តភ្ញៀវទេសចរ និងពង្រឹងផលិតផលជាតិ។ ក្នុងនោះក្រសួងទេសចរណ៍ បានដាក់ចេញវិធានការដល់អាជីវករ នៅតាមរមណីយដ្ឋាន និងតំបន់ទេសចរណ៍ទូទាំងប្រទេស កុំតំឡើងថ្លៃខ្ពស់ហួសហេតុ។ 
 
រាល់ តម្លៃស្នាក់នៅ ម្ហូបអាហារ រួមទាំងសេវាកម្មកម្សាន្តផ្សេងៗ ត្រូវសរសេរតម្លៃឱ្យបានច្បាស់លាស់ដាក់ក្នុងតារាង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន។ ក្នុងករណីអាជីវករណា ដែលមិនអនុវត្តតាមវិធានការខាងលើ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ 
 
ទន្ទឹមនឹងនោះ អាជីវករ និងប្រតិបត្តិទេសចរ ត្រូវចូលរួមថែរក្សាបរិស្ថាន អនាម័យ ព្រមទាំងបន្តជំរុញលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ ការអនុវត្តវិធានការសុវិត្ថភាពទេសចរណ៍ និងនីតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដែលដាក់ចេញដោយរដ្ឋាភិបាល។
 
​សូមបញ្ជាក់ដែរថា រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំឱ្យក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញខ្លឹមសារសារាចរខាងលើនេះ ឱ្យបានទូលំទូលាយទៅដល់អាជីវករ និងប្រតិបត្តិករទេសចរទាំងអស់។ រីឯសមាគមទេសចរ ដែលពាក់ព័ន្ធត្រូវអនុវត្តខ្លឹមសារខាងលើឱ្យបានខ្ជាប់ខ្ជួន៕
 

Tag:
 ThmeyThmey25
 ​ ក្រសួងទេសចរណ៍
  បុណ្យភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com