អន្តរជាតិ
បញ្ហាតៃវ៉ាន់៖ យុទ្ធសាស្ត្រមិនច្បាស់លាស់របស់អាម៉េរិក ប្រែទៅជាច្បាស់លាស់វិញ?
23, Sep 2022 , 3:19 pm        
រូបភាព
ដោយ៖ ហ៊ួយ ស៊ីវលី 
 
ការពារតៃវ៉ាន់ឬអត់ ពេលចិនធ្វើសង្រ្គាម ជាអ្វីដែលអាម៉េរិកមិនដែលនិយាយឱ្យច្បាស់ឡើយ រហូតក្លាយជា «យុទ្ធសាស្ត្រមិនច្បាស់លាស់» ថែមទៀត។ ប៉ុន្តែគោលនយោបាយនេះ ហាក់ប្រែពីមិនច្បាស់លាស់ទៅជាច្បាស់លាស់នៅវិញក្រោមរដ្ឋបាលលោក ចូ បៃឌិន ។ អ្វីជាយុទ្ធសាស្រ្តមិនច្បាស់លាស់របស់អាម៉េរិក?
 
ដូចអ្វីដែលបាននិយាយ យុទ្ធសាស្រ្តមិនច្បាស់លាស់ ជាយុទ្ធសាស្ត្ររបស់អាម៉េរិកដ៏សំខាន់មួយចំពោះទំនាក់ទំនងជាមួយតៃវ៉ាន់។ វាសំដៅលើយុទ្ធសាស្ត្រមួយដែលមានភាពមិនច្បាស់លាស់ថាតើអាម៉េរិកនឹងជួយការពារតៃវ៉ាន់ឬអត់ចំពោះការឈ្លានពានរបស់ចិន? 
 
ការប្រកាន់ជំហរមិនច្បាស់លាស់ចំពោះសន្តិសុខកោះតៃវ៉ាន់បែបនេះ ជាគោលបំណងមួយរបស់អាម៉េរិកក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ពីការវាយលុករបស់ចិននៅថ្ងៃណាមួយ និងមិនជំរុញឱ្យតៃវ៉ាន់ប្រកាសទាមទារឯករាជ្យពីចិន នៅខណៈពេលដែលខ្លួនកំពុងទទួលស្គាល់គោលនយោបាយចិនតែមួយនោះ។ 
 
យុទ្ធសាស្ត្រនេះ ត្រូវបានបង្កើតឡើងនៅចំពេលទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមទំនាក់ទំនងការទូតជាមួយចិននៅឆ្នាំ១៩៧៩ ក្រោយបោះបង់តៃវ៉ាន់។ នៅពេលនោះ ដៃអាម៉េរិកម្ខាងរក្សាតុល្យភាពដោយមិនចង់គាំទ្រហួសជ្រុលលើតៃវ៉ាន់ព្រោះនឹងអាចទាញអាម៉េរិកចូលក្នុងជម្លោះដែលមិនចង់មានជាមួយចិន។ ផ្ទុយទៅវិញ ប្រសិនបើការប្តេជ្ញាចិត្តទាបពេក នោះចិននឹងអាចឆ្លៀតឱកាសវាយប្រហារតៃវ៉ាន់បាន។ 
 
យុទ្ធសាស្ត្រមិនច្បាស់លាស់នេះផ្អែកលើគោលនយោបាយចិនតែមួយ ដែលមានចែងនៅក្នុងសេចក្តីថ្លែងការណ៍ចំនួនបីរបស់អាម៉េរិក និងចិន ក៏ដូចជានៅក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ ដែលអាម៉េរិកទទួលស្គាល់ជាផ្លូវការថាមានចិនតែមួយប៉ុណ្ណោះ ខណៈពេលដែលកំពុងរក្សាទំនាក់ទំនងមិនផ្លូវការជាមួយតៃវ៉ាន់។ 
 
ច្បាប់ទំនាក់ទំនងតៃវ៉ាន់ត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីអាម៉េរិក Jimmy Carter និងចូលជាធរមាននៅឆ្នាំ១៩៧៩។ ការអនុម័តច្បាប់នេះធ្វើឡើងបន្ទាប់ពីទំនាក់ទំនងរវាងអាម៉េរិក និងតៃវ៉ាន់បានកាត់ផ្តាច់។ ច្បាប់នេះចែងថា អាម៉េរិកគាំទ្រការពង្រឹងសមត្ថភាពការពារខ្លួនរបស់តៃវ៉ាន់ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថាក្នុងលក្ខខណ្ឌណាមួយ ឬសកម្មភាពអ្វីឱ្យប្រាកដដែលអាម៉េរិកនឹងធ្វើសម្រាប់ជួយតៃវ៉ាន់ក្នុងករណីចិនឈ្លានពាននោះទេ។ ទីក្រុងវ៉ាស៊ីនតោនក៏នឹងអាចចេញវិធានការទប់ទល់នឹងកម្លាំងណាមួយដែលនឹងអាចបង្កគ្រោះថ្នាក់ដល់សន្តិសុខ សង្គម ឬប្រព័ន្ធសេដ្ឋកិច្ចរបស់ប្រជាជនតៃវ៉ាន់ផងដែរ។ នេះមានន័យថាច្បាប់ទំនាក់ទំនងតៃវ៉ាន់ឆ្នាំ១៩៧៩ មិនបានចែងថាអាម៉េរិកមានកាតព្វកិច្ចក្នុងការការពារសន្តិសុខតៃវ៉ាន់ទេ ប៉ុន្តែវាបង្ហាញពីការតាំងចិត្តរបស់អាម៉េរិកក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីនៅច្រកសមុទ្រតៃវ៉ាន់។ 
 
ប៉ុន្តែមកទល់ពេលនេះ យុទ្ធសាស្រ្តនេះហាក់ដូចជាលែងមានប្រសិទ្ធិភាព និងកំពុងងាករេទៅជាយុទ្ធសាស្ត្រច្បាស់លាស់បន្តិចៗម្តង ដោយសារក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះមានកត្តាជាច្រើនដូចជា ការកើនឡើងនៃជាតិនិយមគាំទ្រតៃវ៉ាន់ប្រកាសឯករាជ្យ និងការព្យាយាមរបស់ចិនក្នុងការបង្រួបបង្រួមចិនដោយប្រើកម្លាំងទ័ព។ លើសពីនោះ ទីក្រុងប៉េកាំងទាមទារឱ្យតៃវ៉ាន់អនុវត្តគោលការណ៍‌ «ប្រទេសមួយ ប្រព័ន្ធពីរ» ដូចហុងកុង ការលក់សព្វាវុធរបស់អាម៉េរិកឱ្យតៃវ៉ាន់ និងការគាំទ្រពីសភា និងព្រឹទ្ធសភារបស់អាម៉េរិកក្នុងការអនុម័តសំណើផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារ។
 
ចុងក្រោយនេះ អ្វីដែលធ្វើឱ្យយុទ្ធសាស្រ្តមិនច្បាស់លាស់ទៅជាច្បាស់លាស់នោះ គឺការអះអាងរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ថា អាម៉េរិកនឹងបញ្ជូនកងទ័ពអាម៉េរិកទៅជួយតៃវ៉ាន់បើចិនឈ្លានពាន៕
 

Tag:
 ចិន
  តៃវ៉ាន់
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com