អន្តរជាតិ
ចិន ជំរុញឱ្យអាម៉េរិកធ្វើតាមសម្តីលោកបៃឌិនដែលថាមិនស្វះស្វែងរកសង្រ្គាមត្រជាក់ជាថ្មី
23, Sep 2022 , 11:45 am        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាពយកពីក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន នៅថ្ងៃទី២២ ខែកញ្ញា បានជំរុញឱ្យអាម៉េរិក អនុវត្តតាមសម្តីរបស់លោកប្រធានាធិបតី ចូ បៃឌិន ដែលថាអាម៉េរិក មិនស្វះស្វែងរកសង្រ្គាមត្រជាក់ជាមួយចិន ក្នុងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិ។



 
ទំនាក់ទំនងក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះយ៉ាងខ្លាំង ស្របពេលចិនតែងចោទអាម៉េរិកថា ចង់បង្កើតសង្រ្គាមត្រជាក់ថ្មី។ យ៉ាងណាមិញ ការចោទប្រកាន់របស់ចិន ត្រូវបានប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន ច្រានចោលជាថ្មី ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២១ ខែកញ្ញា។ បើតាមលោកបៃឌិន អាម៉េរិកក៏មិនស្វែងរកជម្លោះ ឬសង្រ្គាមត្រជាក់ថ្មីឡើយ។ 
 
ទាក់ទិននឹងការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន ក្នុងថ្ងៃទី២២ ខែកញ្ញា បានលើកឡើងថា លោកបៃឌិនបានអះអាងដូចខាងលើជាច្រើនលើក។ ក្នុងន័យនេះ មន្រ្តីក្រសួងការបរទេសចិន បានទទូចឱ្យអាម៉េរិកគោរពសម្តីខ្លួន តាមរយៈការបង្ហាញសកម្មភាពជាក់លាក់។ 
 
«យើងសង្ឃឹមថាអាម៉េរិក នឹងគោរពជំហររបស់មេដឹកនាំអាម៉េរិកជាមួយសកម្មភាពជាក់លាក់»។ លោក Zhao បានឆ្លើយសំណួរអ្នកសារព័ត៌មានបែបនេះ ជុំវិញសុន្ទរកថារបស់លោកបៃឌិន នៅមហាសន្និបាតអង្គការសហប្រជាជាតិ។ ទន្ទឹមនេះ មន្រ្តីក្រសួងការបរទេសចិន ក៏បានជំរុញឱ្យរដ្ឋាភិបាលក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន ស្វែងរកផ្លូវរួមគ្នាមួយ ដើម្បីរួមរស់ជាមួយគ្នាប្រកបដោយសន្តិភាព និងរក្សាកិច្ចសហប្រតិបត្តិការឈ្នះៗ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ចិន CGTN។ 
 
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ លោក Zhao យល់ឃើញថា វាមិនត្រឹមផ្តល់ប្រយោជន៍ដោយប្រជាជនអាម៉េរិក និងចិនប៉ុណ្ណោះទេ តែវាចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ពិភពលោកផង។ 
 
កន្លងមក ចិនយល់ថាអាម៉េរិកបានព្យាយាមបង្កើតសង្រ្គាមត្រជាក់ថ្មី តាមរយៈកិច្ចសហប្រតិបត្តិការផ្សេងៗជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលចិនកំពុងពង្រីកឥទ្ធិពលខ្លួននៅក្នុងតំបន់៕ 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com