អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សង្រ្គាមអ៊ុយក្រែន៖ រុស្ស៊ី បន្តការពារខ្លួន, អាម៉េរិកចង់បានការទទួលខុសត្រូវ ឯចិនចង់ឱ្យចរចា
23, Sep 2022 , 1:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែយ្គេយ៍ ឡាវរ៉ូវ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែយ្គេយ៍ ឡាវរ៉ូវ។ រូបថត AFP
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃទី២២ ខែកញ្ញា ប្រមុខការទូតរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បន្តនិយាយការពារប្រតិបត្តិការសឹកនៅអ៊ុយក្រែន និងបន្តចោទទីក្រុងកៀវថា មិនខ្វល់ពីក្ដីបារម្ភរបស់ទីក្រុងមូស្គូ។ ប្រមុខការទូតអាម៉េរិកវិញ ប្រើពាក្យខ្លាំងៗរិះគន់រុស្ស៊ី ហើយចង់បានការទទួលខុសត្រូវចំពោះអ្វីដែលកើតឡើយ ខណៈដែលប្រមុខការទូតចិនឯណោះ នៅតែបន្តឱ្យមានការចរចាជាបន្ទាន់។

 
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ, រដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងរដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នៅថ្ងៃទី២២ ខែកញ្ញា ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខលើបញ្ហានៅអ៊ុយក្រែន។ សមាជិកក្រុមប្រឹក្សាសន្តិសុខឯទៀត រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន ប្រមុខអង្គការសហប្រជាជាតិ និងអគ្គរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ក៏បង្ហាញវត្តមានដែរ។
 
ប្រឈមមុខសម្ពាធអន្តរជាតិចំពោះអ្វីដែលកើតឡើងនៅអ៊ុយក្រែន លោក ឡាវរ៉ូវ នៅតែអាចការពារការឈ្លានពានបាន។​ ជាថ្មីម្ដងទៀត លោក ឡាវរ៉ូវ ចោទទីក្រុងកៀវថា គំរាមសន្តិសុខរុស្ស៊ី បំពានដោយគឃ្លើនសិទ្ធិរបស់ជនជាតិរុស្ស៊ី និងអ្នកនិយាយភាសារុស្ស៊ីនៅអ៊ុយក្រែន ដែលជាកត្តានាំឱ្យមានការលើកទ័ពចូលទឹកដីអ៊ុយក្រែន។ លោក ក៏មិនភ្លេចរិះគន់ការបញ្ជូនអាវុធឱ្យអ៊ុយក្រែនពីសំណាក់លោកខាងលិច ដែលលោកអះអាងថា ទង្វើបង្ករឿងនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
 
«អាម៉េរិក និងសម្ព័ន្ធមិត្តលោកខាងលិច ដោយមានការចូលដៃចូលជើងពីអង្គការសិទ្ធិមនុស្សអន្តរជាតិ កំពុងបិទបាំងឧក្រិដ្ឋកម្មរបស់ទីក្រុងកៀវ។» លោក ឡាវរ៉ូវ និយាយបែបនេះ មុនបញ្ចប់សុន្ទរកថា ហើយក៏ដើរចេញពីកិច្ចប្រជុំ។
 
លោក Dmytro Kuleba ក៏ឆ្លៀតពេលនេះ និយាយឌឺដងថា​ លោក ឡាវរ៉ូវ​ រត់លឿនដូចទាហានរុស្ស៊ីដែរ។
 
លោក ប្លីងខិន វិញ ទាមទារឱ្យប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនៅអ៊ុយក្រែន។ លោកក៏ចោទមេដឹកនាំរុស្ស៊ីថា ចាក់សាំងលើភ្លើងតាមរយៈការធ្វើកំណែនទ័ពបន្ថែមទៀត ហើយស្នើឱ្យពិភពលោកប្រឆាំងការកែប្រែព្រំដែនតាមការប្រើកម្លាំង។
 
«ប្រសិនបើយើងបរាជ័យការពារគោលការណ៍នេះនៅពេលវិមានក្រេមឡាំងបំពានដោយចំហ យើងផ្ញើសារទៅជនដទៃទៀតថា ពួកគេអាចមិនខ្វល់វាបានដូចគ្នា។» ប្រមុខការទូតអាម៉េរិកអះអាងបែបនេះ។
 
ចំណែកលោក វ៉ាង យី វិញ ក៏ប្រកាសជំហររបស់ចាស់ទីក្រុងប៉េកាំងដែលចង់ឱ្យមានការចរចាជាបន្ទាន់ ក៏ដូចជាការគោរពក្ដីបារម្ភរបស់ប្រទេសនីមួយៗ។ បើតាមរដ្ឋមន្រ្តីការបរទេសចិន ចំណុចអាទិភាព គឺការចាប់ផ្ដើមការចរចាដោយគ្មានលក្ខខណ្ឌ ហើយភាគីទាំពីរ ត្រូវអត់ធ្មត់ និងមិនត្រូវធ្វើឱ្យជម្លោះរាលដាល៕
 
 
  
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com