ជាតិ
សង្គមជាតិ
ក្រសួងវប្បធម៌ គម្រោងស្នើដាក់ នំបញ្ចុក គុនល្បុក្កតោ និងបុណ្យអុំទូក ចូលបញ្ជីអង្គការយូណេស្កូ
23, Sep 2022 , 3:39 pm        
រូបភាព
ដោយ៖ វ៉ន ស៊ីចេន 
 
ភ្នំពេញ៖ នំបញ្ចុក និងគុនល្បុក្កតោ កំពុងស្ថិតក្នុងបញ្ជីរបស់ក្រសួង ដែលត្រៀមស្នើទៅអង្គការយូណេស្កូ ដាក់ជាសម្បត្តិអរូបី។

 
នៅសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី សមិទ្ធផលសម្រេចរយៈពេល៥ឆ្នាំ នៃក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ ដែលជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់ថា ក្រសួងកំពុងរៀបចំស្នើដាក់នំបញ្ចុកនិងគុនល្បុក្កតោ ដើម្បីចុះបញ្ជីបតិកភណ្ឌអរូបី របស់អង្គការយូណេស្កូ។ 


 នំបញ្ចុ្កកសម្លរខ្មែរ និងក្បាច់គុនល្បុក្កតោ ដែលត្រៀមស្នើរសុំចុះបញ្ជីអរូបី ជាសម្បិត្តបេតិកភណ្ឌ។ រូបពី thmey thmey

លោក បន្ថែមថា ដំណាក់ការនេះ គឺត្រូវការត្រៀមឯកសារជាច្រើន ដើម្បីឆ្លងអនុម័តពីអង្គការយូណេស្កូ។ លោក ឡុង ប៉ុណ្ណាសិរីវត្ថ លើកឡើងក្នុងសន្និសីទបែបនេះ៖ «ក្រសួងកំពុងរៀបចំដើម្បីស្នើចុះបញ្ជី នំបញ្ចុក និងគុនល្បុក្កតោ ក្នុងសម្បត្តិអរូបីរបស់អង្គការយូណេស្កូ និងព្រះរាជពិធីបុណ្យអុំទូក ដាក់ក្នុងបញ្ជីត្រៀមដើម្បីស្នើសុំចុះបញ្ជីក្នុងពេលខាងមុខ»។
 
ជាមួយគ្នាដែរ លោក ឡុង ប៉ុណ្ណាសិរីវត្ថ បានឲ្យដឹងថា ក្រសួងកំពុងពិនិត្យសម្បត្តិវប្បធម៌រូបីមួយចំនួនទៀត ដូចជាក្រុមប្រាសាទបន្ទាយឆ្មារ រមណីយដ្ឋានអង្គរបុរី និងភ្នំដា រមណីយដ្ឋានគូលែន ក្រុមប្រាសាទបេងមាលា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រមណីយដ្ឋានឧត្តុង្គ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង, មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និងអតីតមន្ទីរឃុំឃាំង «ម-១៣» ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំទៅយូណេស្កូផងដែរ។ បច្ចុប្បន្នកម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានចុះបញ្ជីដោយអង្គការយូណេស្កូចំនួន៨ ក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបីចំនួន៣ និងសម្បត្តិវប្បធម៌អរូបីចំនួន៥។ 
 
សម្បត្តិវប្បធម៌រូបីចំនួន៣ មានប្រាសាទអង្គរ បានក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ចុះបញ្ជីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។  រីឯ របាំព្រះរាជទ្រព្យ ចុះបញ្ជីនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៣ និងប្រាសាទព្រះវិហារ ចុះបញ្ជីនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៧។ 
 
ចំណែក សម្បត្តិវប្បធម៌អរូបី ចំនួន៥ មានល្ខោនស្រមោលស្បែកធំ ចុះបញ្ជីនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ,ល្បែងទាញព្រ័ត្រ ចុះបញ្ជីនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៥ ,ចាប៉ីដងវែង ចុះបញ្ជីនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ,តំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ និងល្ខោនខោលវត្តស្វាយអណ្ដែត ចុះបញ្ជីនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕
 

Tag:
 កម្ពុជា
  យូណេស្កូ
 បេតិកភណ្ឌ
  ចុះបញ្ជី
© រក្សាសិទ្ធិដោយ thmeythmey.com