អន្តរជាតិ
ប្រមុខការទូតចិន ជំរុញឱ្យដោះស្រាយជម្លោះ តាមរយៈការចរចានៅអង្គការសហប្រជាជាតិ
25, Sep 2022 , 7:19 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី។ រូបភាព៖ AFP
រដ្ឋមន្រ្តីការបរទេស និងជាទីប្រឹក្សារដ្ឋចិន លោកវ៉ាង យី នាមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកញ្ញា បានអំពាវនាវជាថ្មីម្តងទៀតឱ្យប្រទេសទាំងអស់ដោះស្រាយជម្លោះប្រកបដោយសន្តិភាព និងតាមរយៈកិច្ចចរចា។ ការអំពាវនាវនេះ ធ្វើឡើងដោយសារលោកវ៉ាង យល់ថាពិភពលោកកំពុងស្ថិតក្នុងសម័យកាលពោរពេញដោយបញ្ហាប្រឈម។

 
 
មេដឹកនាំសមាជិកអង្គការសហប្រជាជាតិចាប់តាំងពីថ្ងៃទី២០ ខែកញ្ញា បានមកជួបជុំគ្នានាទីស្នាក់ការកណ្តាលនៃមហាសន្និបាតអង្គការសហប្រជាជាតិ។ ក្នុងសម័យប្រជុំលើកទី​៧៧ នេះ ប្រមុខការទូតចិន លោកវ៉ាង យី បានអំពាវនាវឱ្យប្រទេសទាំងអស់ ជាពិសេសរុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយជម្លោះប្រកបដោយសន្តិវិធី និងតាមការចរចា។ 
 
«រក្សាសន្តិភាព កុំបង្កជម្លោះ។ យើងត្រូវតែដោះស្រាយជម្លោះតាមរយៈកិច្ចចរចា និងការពិភាក្សា»។ លោកវ៉ាង បានសង្កត់ធ្ងន់បែបនេះ នៅចំពោះមុខមេដឹកនាំបណ្តាប្រទេសជាច្រើន។ ការអំពាវនាវបែបនេះ ធ្វើឡើងដោយសារ ប្រមុខការទូតចិនយល់ថា ពិភពលោក កំពុងប្រឈមបញ្ហាជាច្រើន និងបង្ការកុំឱ្យជះឥទ្ធិពលអវិជ្ជមានលើប្រទេសកំពុងអភិវឌ្ឍ។ 
 
ជាមួយគ្នានេះ លោកវ៉ាង បានបន្ថែមថា ចិនគាំទ្ររាល់កិច្ចទាំងអស់ ក្នុងការស្វែងរកការដោះស្រាយប្រកបដោយសន្តិភាព ចំពោះវិបត្តិនៅអ៊ុយក្រែន។ ចិន ជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួចផ្សេងទៀត ដែលមិនធ្លាប់រិះគន់លើរុស្ស៊ីឡើង ជុំវិញការឈ្លានពានអ៊ុយក្រែន។ 
 
បន្ថែមពីនេះ ទីប្រឹក្សារដ្ឋចិន ក៏បានស្នើឱ្យប្រទេសទាំងអស់ អនុវត្តកិច្ចសហប្រតិបត្តិការជាមួយគ្នា​ ជាជាងការប្រឈមមុខ និងសាមគ្គីគ្នា ជាជាងបង្កភាពបែកបាក់៕ 
 

Tag:
 ចិន
  UN
© រក្សាសិទ្ធិដោយ thmeythmey.com