ជាតិ
តើអាពាហ៍ពិពាហ៍ពេញលេញតាមច្បាប់ មានលក្ខណៈបែបណា?
26, Sep 2022 , 7:19 pm        
រូបភាព
រូបភាព៖ Thmey Thmey
រូបភាព៖ Thmey Thmey
ដោយ៖ហេង ស្រីលីន

ភ្នំពេញ៖​​ សំបុត្រអាពាហ៍ពិពាហ៍ត្រូវបានកំណត់ឡើងដើម្បីបញ្ជាក់ពីកិច្ចសន្យារវាងបុរសម្នាក់ និងស្រ្តីម្នាក់ ដែលប្តេជ្ញាថានឹងរួមរស់ជាមួយគ្នាតាមផ្លូវច្បាប់​ហើយមិនអាចចែកផ្លូវគ្នាតាមតែចិត្តនោះដែរ។ អាពាហ៍ពិពាហ៍ មានលក្ខណៈពេញលេញតាមច្បាប់លុះត្រា ពិធីនោះធ្វើឡើងតាមក្បួនខ្នាត ដោយបានចែងក្នុងច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ។

 
ការរៀបអាពាហ៍ពិពាហ៍ ត្រូវបានបែងចែកជាពីរប្រភេទ រួមមាន ការរៀបការរវាងពលរដ្ឋខ្មែរនិងពលរដ្ឋខ្មែរ និង ការរៀបការ រវាងពលរដ្ឋខ្មែរ និងជនបរទេស។​ 
 
ពលរដ្ឋខ្មែរ និងពលរដ្ឋខ្មែររស់នៅក្នុងប្រទេសកម្ពុជាបុរស-ស្រ្តីដែលត្រូវរៀបការ គួររៀបចំឯកសារឱ្យបានត្រឹមត្រូវ។សាមីខ្លួនទាំងពីរ គួរមានឯកសារពាក់ព័ន្ធមួយចំនួន ដើម្បីត្រៀមធ្វើប័ណ្ណប្រកាសអាពាហ៍ពិពាហ៍។បន្ទាប់ពីពិធីរៀបការតាមប្រពៃណី ចប់សព្វហើយ គូស្វាមីភរិយាត្រូវទៅជួបមន្រ្តីអត្រានុកូលដ្ឋាន ឃុំ-សង្កាត់ខាងស្រីដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍ជាការស្រេច។ 
 
ពលរដ្ឋខ្មែរ និងជនបរទេស រស់នៅស្របច្បាប់ក្នុងប្រទេសកម្ពុជាជនបរទេស ឬអន្តោប្រវេសន៍ ដែលចង់រៀបការជាមួយពលរដ្ឋខ្មែរចាំបាច់ត្រូវមានវត្តមាននៅកម្ពុជា។ ជននោះ ត្រូវទៅបំពេញបែបបទនៅក្រសួងការបរទេសដើម្បីពិនិត្យ និងផ្តល់យោបល់លើឯកសារ។ បន្ទាប់មកគេនឹងផ្ដល់ឯកសារទៅក្រសួងមហាផ្ទៃដើម្បីពិនិត្យចុះបញ្ជី រួចជូនដំណឹងនេះ ទៅមន្ត្រីអត្រានុកូលដ្ឋានឃុំ-សង្កាត់នៃលំនៅដ្ឋានអចិន្ត្រៃយ៍ របស់ភាគីម្ខាងទៀត ដែលជាពលរដ្ឋខ្មែរ។ 
 
មុន និង ក្រោយ រៀបអាពាហ៍ពិពាហ៍ដើម្បីធ្វើសំបុត្រអាពាហ៍ពិពាហ៍ ឬអត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍បានមុនរៀបការ ពលរដ្ឋខ្មែរត្រូវមានសេចក្តីចម្លងសំបុត្រកំណើត លិខិតកំណើតលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ សៀវភៅគ្រួសារ និងលិខិតសុខភាពពីមន្ទីរពេទ្យ។ចំណែកជនបរទេស ត្រូវមានឯកសារចម្លងលិខិតឆ្លងដែនជាមួយទិដ្ឋាការចូលមានសុពលភាពលិខិតបញ្ជាក់ភាពនៅលីវ មេម៉ាយ ឬពោះម៉ាយ លិខិតថ្កោលទោសពីប្រទេសខ្លួន។សាមីខ្លួនក៏ត្រូវ មានលិខិតបញ្ជាក់សុខភាពនៅកម្ពុជា លិខិតបញ្ជាក់មុខរបរពិតប្រាកដដែលអាចធានាដល់ជីវភាពរស់នៅ និងសៀវភៅការងារបញ្ជាក់ពីមុខរបរ នៅកម្ពុជាផងដែរ។
 
ការរៀបការ ត្រូវធ្វើឡើងតាមច្បាប់ ត្រូវអនុវត្តតាមនីតិវិធីនៃការសុំរៀបការរបស់ក្រសួងការបរទេស និងនីតិវិធីនៃការចុះបញ្ជីអាពាហ៍ពិពាហ៍របស់ក្រសួងមហាផ្ទៃ នៃប្រទេសកម្ពុជា។
 
សូមបញ្ជាក់ដែលថា ករណីមេម៉ាយ ឬពោះម៉ាយដែលភាគីម្ខាងស្លាប់ត្រូវមានសំបុត្របញ្ជាក់មរណភាព។ ចំពោះករណីមេម៉ាយ ឬពោះម៉ាយ ដោយសារការលែងលះគ្នាក៏ត្រូវមានសំបុត្រលែងលះពីសាលក្រមដែរ៕(ដកស្រង់ពីសៀវភៅ តម្រង់ទិសវិជ្ជាជីវៈ «ឯកសារចំណេះដឹង អត្រានុកូលដ្ឋាន» របស់អង្គការស៊ីប៉ា)
 
 

Tag:
 ThmeyThmey25
  ស៊ីប៉ា
  តម្រង់ទិសវិជ្ជាជីវៈ
  អត្រានុកូលដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com