កីឡាអន្តរជាតិ
អន្តរជាតិ
លោក Southgate មើលឃើញកំហុស Maguire និង Pope ប៉ុន្តែមិនបន្ទោសឡើយ
27, Sep 2022 , 10:25 am        
រូបភាព
Nick Pope និង Harry Maguire នៃក្រុមជម្រើសជាតិអង់គ្លេស ក្រោយពេលជំនួបស្មើ ៣-៣ ជាមួយ​អាល្លឺម៉ង់។ រូបថត Getty
Nick Pope និង Harry Maguire នៃក្រុមជម្រើសជាតិអង់គ្លេស ក្រោយពេលជំនួបស្មើ ៣-៣ ជាមួយ​អាល្លឺម៉ង់។ រូបថត Getty
អ្នកចាត់ការទូទៅជម្រើសជាតិអង់គ្លេស លោក Gareth Southgate មិនមានការអត្ថាធិប្បាយស្តីបន្ទោសអ្វីឡើយលើខ្សែការពារ Harry Maguire និងអ្នកចាំទី Nick ដែលបានបង្កើតកំហុសនាជំនួបស្មើ ៣-៣ ជាមួយអង់គ្លេសក្នុងព្រឹត្តិការណ៍ Nations League។

 
Maguire ទទួលរងនូវការហ៊ោចំអកយ៉ាងខ្លាំងពីអ្នកគាំទ្រនៅពេលឮការប្រកាសពីឈ្មោះខ្សែការពាររូបនេះ។ អ្វីដែលកាន់តែទទួលរងនូវការរិះគន់នោះ គឺខ្សែការពារ Manchester United បានទាក់ជើង Jamal Musiala ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ដែលនាំឲ្យ Ilkay Gundogan ស៊ុតបាល់ប៉េណាល់ទីនាំមុខ ១-០ នៅនាទី៥២។
 
ឈានដល់នាទី៦៧ Kai Havertz បានបង្កើនការនាំមុខ ២-០ សម្រាប់អាល្លឺម៉ង់ មុនពេលដែល Luke Shaw, Mason Mount និង Harry Kane រកបានម្នាក់១គ្រាប់ ដើម្បីឲ្យតោកំណាចអង់គ្លេស នាំមុខ ៣-២ វិញ។
 
ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹង៣នាទីដែលនៅសេសសល់ អាល្លឺម៉ង់ បានវាយបកតាមស្មើវិញ ៣-៣ ដែលជាការសម្រេចបានគ្រាប់ទីពីររបស់ Havertz ខណៈអ្នកចាំទីអង់គ្លេស Nick Pope រងនូវការរិះគន់ផងដែរពីការធ្វេសប្រហែសចំពោះគ្រាប់បាល់ដែលកើតចេញពីការស៊ុតស្រាលៗ។
 
លោក Southgate បានមើលឃើញពីកំហុសរបស់ Maguire និង Pope ប៉ុន្តែលោកនៅតែសរសើរចំពោះស្មារតីក្រុមទាំងមូល។ 
 
«នៅរាត្រីនេះ នៅចុងបញ្ចប់ ការបង្ករកំហុសមួយចំនួន បានបង្កឲ្យយើងធ្លាយគ្រាប់បាល់ ប៉ុន្តែខ្ញុំនឹងផ្តោតលើកត្តាជាក់ស្តែង ដោយពួកគេលេងក្នុងស្មារតីជាក្រុម និងមានការជឿជាក់»។ នេះជាការអះអាងរបស់អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេស។
 
សម្រាប់ព្រឹត្តិការណ៍ UEFA Nations League នេះ អង់គ្លេស បន្តស្ថិតក្នុងបាតតារាងនៃក្រុមបី ដោយមានត្រឹម៣ពិន្ទុ។ អ៊ីតាលី ដែលបានយកឈ្នះម្ចាស់ផ្ទះ ហុងគ្រី ២-០ បន្តឈរលើតារាងដោយមាន១១ពិន្ទុ។ ហុងគ្រីមាន១០ពិន្ទុ និងអាល្លឺម៉ង់ មាន៧ពិន្ទុ ក្រោយប្រកួតបាន៦លើករៀងៗខ្លួន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com