ជាតិ
អត្ថបទពាណិជ្ជកម្ម
AFMAM ជាកម្មវិធីបង្ហាត់បង្រៀនយុវជនអាស៊ានដើម្បីអនាគតអាស៊ាន
27, Sep 2022 , 10:57 am        
រូបភាព
 វាគ្មិនមួយចំនួននាពិធីបើកវគ្គ ASEAN Foundation Model ASEAN Meeting ឬ កិច្ចប្រជុំគំរូអាស៊ានរបស់ ASEAN Foundation លើកទី៧ ដែលហៅកាត់ថា AFMAM ២០២២  កាលពីថ្ងៃទី១៦ ខែកញ្ញា ក្នុងទីក្រុងភ្នំពេញ។
វាគ្មិនមួយចំនួននាពិធីបើកវគ្គ ASEAN Foundation Model ASEAN Meeting ឬ កិច្ចប្រជុំគំរូអាស៊ានរបស់ ASEAN Foundation លើកទី៧ ដែលហៅកាត់ថា AFMAM ២០២២ កាលពីថ្ងៃទី១៦ ខែកញ្ញា ក្នុងទីក្រុងភ្នំពេញ។
សិស្សនុសិស្សប្រមាណជាជិត១០០នាក់ មកពីប្រទេសទាំង១០របស់អាស៊ានបានចូលរួមពិធីបើកវគ្គ ASEAN Foundation Model ASEAN Meeting ឬ កិច្ចប្រជុំគំរូអាស៊ានរបស់ ASEAN Foundation លើកទី៧ ដែលហៅកាត់ AFMAM ២០២២ នៅឯការិយាល័យ AmCam Exchange កាលពីថ្ងៃទី១៦ ខែកញ្ញា នៅរាជធានីភ្នំពេញ។ អ្នកស្រី យ៉ាង់ ម៉ីអេង អគ្គនាយករបស់ ASEAN Foundation បានលើកឡើងថា AFMAM ២០២២ ជាវេទិកាមួយសម្រាប់យុវជនក្នុងការវែកញែក និងជជែកអំពីបញ្ហាដើម្បីគាំទ្រកម្មវត្ថុនានាដែលម្ចាស់ផ្ទះអាស៊ានចង់អនុវត្តនៅក្នុងឆ្នាំនីមួយៗ។

ASEAN Foundation គឺជាផ្នែកមួយរបស់អង្គការអាស៊ានដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៩៧ ដើម្បីកសាងទំនាក់ទំនងរវាងប្រទេសនៅក្នុងតំបន់អាស៊ានឲ្យបានកាន់តែល្អ។កម្មវិធីនេះក៏ជួយឲ្យយុវជនអាចចូលរួមការបញ្ចេញមតិរបស់ពួកគេនៅក្នុងន័យស្ដារទំនាក់ទំនងឱ្យតែប្រសើរ។

AFMAM ត្រូវបានបង្កើតឡើងនាអំឡុងឆ្នាំ២០១៥មក។ គិតមកទល់បច្ចុប្បន្ន មានសិស្សានុសិស្ស និងគ្រូបង្រៀនប្រមាណជា៧០០នាក់ហើយ បានទទួលការបង្ហាត់បង្រៀនតាមរយៈកម្មវិធីនេះ។ នៅក្នុងការបង្រៀននេះ ពួកគេអាចយល់កាន់តែច្បាស់អំពីមុខងាររបស់អាស៊ានក្នុងនាមជាអង្គការតំបន់ ហើយក៏ដូចជាស្ថាប័នមួយដែលដើរតួនាទីជាផ្នែកនយោបាយនៅក្នុងពិភពលោក។


អ្នកស្រី យ៉ាង់ ម៉ី អេង ដែលជាអគ្គនាយករបស់ ASEAN Foundation។

លើសពីនេះពួកគេក៏បានយល់អំពីបញ្ហាដែលអាស៊ានកំពុងជួបប្រទះ ក៏ដូចជាយល់អំពីដំណោះស្រាយនានាដែលគេអាច ឬកំពុងតែធ្វើឡើង។ យុវជនទាំងត្រូវបានគេដាក់ឲ្យចូលរួមក្នុងកិច្ចប្រជុំបែបគំរូដើម្បីពិភាក្សាអំពីបញ្ហា ហើយក៏ដូចជាការរុករកដំណោះស្រាយលើផ្នែកសន្តិសុខក្នុងតំបន់ ឬបញ្ហាជំងឺកូវីដ-១៩ ជាដើម។

យុវជនចំនួន ៩៤ នាក់ មកពីប្រទេសនានាក្នុងអាស៊ានបានបន្សាំខ្លួនទៅលើប្រធានបទជជែកមួយចំនួនដូចជា៖ការពង្រឹងភាពប្រកួតប្រជែង, ការរក្សាទំនាក់ទំនងក្នុងតំបន់ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាដើម។ កញ្ញា ហ៊ន គានី និស្សិតមួយរូបតំណាងឲ្យកម្ពុជា នៅក្នុងកម្មវិធីAFMAM បាននិយាយថា នាងចូលរួមកម្មវិធីនេះដោយសារតែកិច្ចប្រជុំគំរូមួយនេះ អាចជួយពង្រឹងការយល់ដឹងអំពីពិភពលោកបន្ថែមលើសពីអ្វីដែលនាងកំពុងតែយល់សព្វថ្ងៃ។

មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងហើយក៏ជានិស្សិតផ្នែករូបវិទ្យាមកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ គានី បន្តនិយាយដូច្នេះ៖ «នេះគឺជាពេលវេលាមួយដែលខ្ញុំត្រូវតែគិគគូរឡើងវិញ។ ខ្ញុំត្រូវតែរៀនអ្វីមួយថ្មីបើទោះបីវាជាជារឿងវាលំបាកក៏ដោយ»។ គានីក៏បានបញ្ជាក់ផងដែរថាការដាក់ពាក្យចូលមកកាន់កម្មវិធីមួយនេះមិនបានប្រព្រឹត្តទៅដោយងាយស្រួលប៉ុន្មាននោះទេ។ ប៉ុន្តែនាងគិតថាចំណេះដឹងអំពីអាស៊ានពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសរបស់ខ្លួន។

កញ្ញា ហ៊ន គានី ដែលជានិស្សិតមួយរូបតំណាងឲ្យប្រទេសកម្ពុជានៅក្នុងកម្មវិធីមួយនេះ។

នាងបន្ថែមថា៖ «ខ្ញុំបានចំណាយពេលច្រើនណាស់ក្នុងការអាន និងស្វែងរកអត្ថបទផ្សេងៗទៅលើប្រធានបទទាំងនេះ»។ ក្នុងនាមជានិស្សិតខ្មែរម្នាក់ គានី អាចប្រើប្រាស់ចំណេះដឹងរូបវិទ្យារបស់នាងនៅក្នុងបរិបទទីផ្សារអាស៊ានរវាងប្រទេសនិងប្រទេសនាថ្ងៃអនាគត។ ការជ្រើសរើសសិស្សានុសិស្សតំណាងប្រទេសអាស៊ានសម្រាប់កម្មវិធីកិច្ចប្រជុំគំរូមួយនេះក៏បានឆ្លុះបង្ហាញអំពីភាពខុសគ្នាទៅលើកម្រិតអប់រំរបស់ប្រទេសនានាក្នុងតំបន់អាស៊ានផងដែរ ហើយវាអាចជាផ្នែកមួយដែលពន្យារការអភិវឌ្ឍន៍តំបន់អាស៊ានទាំងមូល។

ឆ្លើយតបទៅកាន់ចំណុចនេះអ្នកស្រី យ៉ាង់ ម៉ី អេង បានមានប្រសាសន៍ថា ដើម្បីឲ្យភាពខុសគ្នានេះមានកម្រិតកាន់តែតូច មានរឿងជាច្រើនដែលគួរតែធ្វើឡើងពីថ្នាក់ជាតិជាមុនសិន។ ការសិក្សា និងការយកគំរូពីតំបន់ផ្សេងៗក្នុងពិភពលោកក៏ជារឿងល្អមួយដែរ។ ប៉ុន្តែបើតាមការពន្យល់របស់អ្នកស្រី ការសិក្សាពីប្រទេសជិតខាង ហើយក៏ដូចជាការសិក្សានៅក្នុងតំបន់ក៏អាចជាចំណុចដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ប្រទេសផ្ទាល់ខ្លួនផងដែរ។

ឆ្លងកាត់ការបង្ហាត់បង្រៀនរបស់កម្មវិធី AFMAM ហើយក៏ដូចជាកម្មវិធីបង្ហាត់បង្រៀនដទៃទៀត ដែលមានទំនាក់ទំនងជាមួយអាស៊ាន អ្នកស្រី យ៉ាង់ ម៉ី អេង បានជួយរំលឹកយុវជនឲ្យត្រៀមខ្លួនរួចជាស្រេច និងពិនិត្យមើលតម្រូវការទីផ្សារការងារនៅក្នុងតំបន់ ក៏ដូចជាក្នុងប្រទេស។ អ្នកស្រីបានបន្ថែមថា៖ «ក្នុងរយៈពេលប្រមាណ ៥ ឆ្នាំទៅមុខទៀត យើងមិនទាន់អាចដឹងថា ៣០ភាគរយនៃការងារទាំងអស់នោះជាអ្វីនោះទេ»។

បើនិយាយអំពីសេដ្ឋកិច្ច ដោយសារកម្ពុជាជាប្រទេសពឹងផ្អែកលើវិស័យកសិកម្ម អ្នកស្រីបានបញ្ជាក់ថាយុវជនជំនាន់ក្រោយអាចប្រើប្រាស់ចំណេះដឹងផ្នែកឌីជីថលក្នុងការពង្រឹងវិស័យកសិកម្មផងដែរ ដោយមានការចូលរួមរវាងយុវជនដែលមានចំណេះដឹងខ្ពស់ផ្នែកបច្ចេកវិទ្យា និងមនុស្សចាស់ទុំដែលមានបទពិសោធន៍ក្នុងវិស័យកសិកម្ម។

ជាមួយគ្នានេះ លោក ម៉ាមូឌី យូស៍ប៊ី នាយកគ្រប់គ្រងកម្មវិធីរបស់ ASEAN Foundation បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ កម្មវិធី AFMAM បានបង្រៀនឲ្យយុវជនទាំងនោះក្លាយទៅជាអ្នកដឹកនាំវ័យក្មេងនៅក្នុងស្ថាប័ន ឬប្រទេសរបស់ពួកគេ។ សិស្សានុសិស្សដែលធ្លាប់ចូលរួមកម្មវិធីនេះ ក៏បានចូលរួមសិក្សាបន្ថែមក្នុងកម្មវិធីស្រដៀងគ្នាដទៃទៀត ដើម្បីក្លាយទៅជាអ្នកបង្ហាត់បង្រៀនកិច្ចប្រជុំគំរូនៅក្នុងទីតាំងរបស់ពួកគេ។


លោក ម៉ាមូឌី យូស៍ប៊ី ដែលជានាយកគ្រប់គ្រងកម្មវិធីរបស់ ASEAN Foundation។
 
សូមជម្រាបថា កម្មវិធីAFMAM ឆ្នាំ២០២២ ត្រូវបានគេប្រារព្ធឡើងតាមប្រព័ន្ធអនឡាញជាពីរវគ្គ។ ក្នុងនោះវគ្គទីមួយពីថ្ងៃទី១៦ ដល់១៨ ខែកញ្ញា និងវគ្គទីពីរ ពីថ្ងៃទី២៤ ដល់ ២៥ ខែកញ្ញា ឆ្នាំ២០២២៕

© រក្សាសិទ្ធិដោយ thmeythmey.com